ភ្នំពេញៈ កម្ពុជា និង​ហុងគ្រី​បាន​ព្រមព្រៀងគ្នា​ជំរុញ​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២​ ​បន្ថែម ខណៈ​វិស័យ​ឯកជន​សម្លឹង​ឃើញថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​អាច​ចាប់​ទីផ្សារ​ហុងគ្រី​ជា​ទិសដៅ​ពង្រីក​ការនាំចេញ​ទៅកាន់​ប្រទេស​នានា​នៅ​ទ្វីបអឺរ៉ុប​។

ការលើកឡើង​នេះ​ត្រូវបានធ្វើ​នៅឯ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​ត្រៀម​សម្រាប់​កិច្ចប្រជុំ​លើក​ទី​​ ១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា-ហុងគ្រី តាមរយៈ​ប្រព័ន្ធ​អនឡាញ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ២០ ខែមករា​។


លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ជួបពិភាក្សា​ជាមួយ លោកស្រី Judit PekariVekei ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​នៃ​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី​ដោយ​លោក​បាន​ឱ្យ​ដឹងថា ភាគី​ទាំង​ ២ ​បាន​ឯកភាព​លើ​ខ្លឹមសារ​សេចក្តីព្រាង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​ ១ ដែល​នឹងត្រូវ​ចុះហត្ថលេខា​ខ្លឹមសារ​សេចក្តីព្រាង​រវាង​លោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​វិស័យ​អភិវឌ្ឍន៍​ការនាំចេញ​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក Istvan Joo នៅ​រសៀល​ថ្ងៃទី​ ២១ ខែមករា​។


លោក​បាន​ឱ្យដឹងទៀតថា ភាគី​ទាំង ២ បាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់ៗ ដែល​រួមមាន ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ទេសចរណ៍ អាកាសចរណ៍​ស៊ីវិល និង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ជាដើម​។


ប្រទេស​ ហុងគ្រី ធ្លាប់បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​ក្រោយ​ឆ្នាំ​ ១៩៧៩ ដោយ​ប្រទេស​ទាំង​ ២ ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​ហុងគ្រី​បាន​នាំយក​នូវ​ជំនួយ​ជាច្រើន​ប្រភេទ​មកជួយ​កសាង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​កម្ពុជា​ដែល​បាន​បើកផ្លូវ​ដល់​ការអភិវឌ្ឍ​។


លោក ធួន ស៊ីណាន អតីត​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ស្ថាន​ពាណិជ្ជកម្ម​(Trading House) ​កម្ពុជា-ហុងគ្រី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ហុង​គ្រី​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅពេល​ខាងមុខ​។


លោក​បានឱ្យដឹងថា ប្រទេស​ហុងគ្រី​ដែលជា​ប្រទេស​មហាអំណាច​ផ្នែក​កសិកម្ម​នឹង​អាចជួយ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ដែល​កំពុងមាន​សក្តានុពល​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​មានប្រសាសន៍​ថា​៖ «​ប្រទេស​ហុងគ្រី​អាច​ចែករំលែក​នូវ​បទពិសោធ​ក្នុង​វិស័យ​កសិកម្ម​របស់ខ្លួន​ដល់​កម្ពុជា ពិសេស​ការអភិវឌ្ឍ សន្តិសុខ និង​សុវត្ថិភាព​ម្ហូបអាហារ​នៅ​កម្ពុជា​»​។

លោក​បាន​បន្ថែមថា បើ​សម្លឹងមើល​ទៅលើ​វិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ប្រទេស​ហុងគ្រី​គឺជា​ច្រក​នាំចេញ​ដ៏សំខាន់​សម្រាប់​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​បណ្តា​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​​ ២៨ ​ប្រទេស​។

លោក​និយាយថា​៖ «​សម្រាប់​ខ្ញុំ​ចរន្ត​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ហុងគ្រី​គឺជា​ចំណុច​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​គ្នា​ទៅវិញទៅមក​យ៉ាងសំខាន់ និង​ជា​ច្រកទ្វារ​ដ៏ធំ​សម្រាប់​កម្ពុជា​ក្នុង​ការបោះជំហាន​ទៅក្នុង​ទីផ្សារ​អឺរ៉ុប​»​។

លោក​បន្តថា​៖ «​រីឯ​វិស័យ​ទេសចរណ៍​វិញ ខ្ញុំ​ជឿថា តាមរយៈ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ វិស័យនេះ​នឹងមាន​ភាពប្រសើរ​ឡើង ដោយ​ផ្តើមចេញពី​ទំនាក់ទំនង​ល្អ​នេះ​»​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ប្រទេស​ហុងគ្រី​ចំនួន ​១ ៨៣៩ តោន និង​ថ្នាំជក់​បាន ១១៨ ​តោន​។ ​នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម​។

ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ជាមួយ​ប្រទេស​ហុងគ្រី​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ភីធើរ ស៊ីចាតូ (Peter Szijjiarto) រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​។

នាពេល​នោះដែរ ប្រទេស​ទាំង​ ២ ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​កម្ពុជា​ជាមួយនឹង​ក្រសួងមហាផ្ទៃ​ហុងគ្រី​​ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​កម្ពុជា​ជាមួយ​នឹង​ក្រសួងកសិកម្ម​ប្រទេស​ហុងគ្រី​៕LA