ក្រុង​សេអ៊ូលៈ ក្រុម​ហេកឃឺ (Hacker) បាន​ចូល​លួច​រូបិយប័ណ្ណ​ឌីជីថល​​​តម្លៃ​ជាង ៣០ ​លាន​ដុល្លារ ពី​ទីផ្សារ​ជួញ​ដូរ​រូបិយ​ប័ណ្ណ​ឌីជីថល bitcoin ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​របស់​រូបិយ​ប័ណ្ណ​នេះ​ជុំវិញ​​ពិ​ភព​លោក​កាល​ពី​ថ្ងៃ​ពុធ។

រូបិយប័ណ្ណ​ឌីជីថលនេះ មាន​​តម្លៃ​​ ៦ ៤៤២ ដុល្លារ​ក្នុង​មួយ bitcoin នៅ​ពេលជួញ​ដូរ​ក្នុង​ពេល​រសៀល​នៅ​ផ្សារ​ហ៊ុនសេអ៊ូល ដែល​ធ្លាក់ចុះ​ប្រហែល​ ៤,៤​ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ ២៤ ម៉ោង​មុន បន្ទាប់​ពី​ការវាយប្រហារ​ចុង​ក្រោយ​បំផុតនេះ​​​លើ​ក្រុម​ហ៊ុន​​ Bithumb ដែល​បាន​បង្កើន​ក្តីបារ​ម្ភ​លើ​​សន្ដិសុខ​រូបិយ​ប័ណ្ណឌីជីថល។


ប្រទេស​​កូរ៉េ​ខាង​ត្បូង​ដែល​មាន​អ៊ីន​ធឺណិត​ល្បឿន​លឿន​ បាន​ក្លាយ​ជា​ទី​កន្លែង​ជួញដូរ​រូបិយ​ប័ណ្ណ​ឌីជីថល​មួយ ដែល​នៅ​ពេល​មួយ​នោះ ដែល​មាន​ប្រតិបត្តិការ​ជួញ​ដូរ​ប្រហែល ២០ ​ភាគ​រយ​នៃ​ប្រតិបត្តិការ​ជួញ​ដូរ​ bitcoin លើ​ពិ​ភព​លោក។


ក្រុម​ហ៊ុន Bithumb ដែល​មាន​អតិថិជន​ជាង ១​ លាន​នាក់ គឺជា​ទីផ្សារ​ដោះ​ដូរ​រូបិយ​ប័ណ្ណ​ឌីជីថល​ឈា​ន​មុខ​គេ​នៅ​​ក្នុង​ប្រទេស​កូរ៉េខា​ងត្បូង។


ទី​ផ្សារដោះ​ដូរ​នេះ​បាន​ឲ្យដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ថា​៖ «ក្រុមហ៊ុន​សូម​បញ្ជាក់​ថា រូបិយ​ប័ណ្ណ​ឌីជីថល​​មាន​តម្លៃ ៣៥​ ពាន់​លាន​វ៉ុន (​៣២ ​លាន​ដុល្លារ​) ត្រូវ​បាន​គេ​លួច​ចាប់​ពី​ជិត​ភ្លឺ​កាល​ពី​ម្សិល​មិញ (ថ្ងៃ​អង្គារ) រហូតដល់​ព្រឹក​ព្រលឹម​ថ្ងៃនេះ»។


ក្រុមហ៊ុន​នេះ​​​បាន​ឲ្យដឹង​ទៀត​ថា ការ​ដាក់​ប្រាក់​បញ្ញើ និង​ការ​ដក​ប្រាក់​ទាំង​អស់​ ត្រូវ​​ផ្អាក​​ ដើ​ម្បី «ធានា​សន្ដិសុខ​»។ ទី​ផ្សារ​ដោះ​ដូរ​នេះ​បាន​បន្ថែម​ថា សម្រាប់​ការ​ខាត​បង់​នេះ​ ក្រុមហ៊ុន​ជា​អ្នក​ចំណាយ​ដោយ​ប្រើ​ប្រាស់​​​ទុន​បម្រុង​ផ្ទាល់​ខ្លួន​របស់​​ក្រុម​ហ៊ុន។


នេះ​ជា​ការ​វា​យ​ប្រហារ​ដ៏ធំទី ២​​ លើ​ទីផ្សារដោះ​ដូរ​រូបិយ​ប័ណ្ណ​ឌីជីថល​​ប្រទេស​កូរ៉េ​ខា​ងត្បូង​ ក្នុង​រយៈ​ពេល​ត្រឹម​តែ ​ ១០ ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​​ក្រុម​ហេកឃឺ​បាន​លួចប្រាក់​​ ៤០​ ពាន់​លាន​វ៉ុន​​ពី​ក្រុម​ហ៊ុន Coinrail ​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​ ដែល​បាន​បណ្តាលឲ្យ​ក្រុមហ៊ុន​​​ផ្អាក​សេវា​​​ដក​ប្រាក់​ និង​ដាក់​ប្រាក់​បញ្ញើ​ចាប់​តាំង​ពី​ពេល​នោះ៕ AFP/LA