ភ្នំពេញៈ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែល​ផលិត​នំ​ស្រួយ «​លីលី​» និង​សហគ្រាស លាង ឡេង ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿងទេស​ក្នុងស្រុក​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដោយបាន​ដាក់ពាក្យ​ស្នើសុំ​ស្លាក​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​ (Cambodia Quality Product) ​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ក្រសួង​នេះ​ទើប​ចេញ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ​។

លោក រាម ច័ន្ទវណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុនតូច​ និង​មធ្យម និង​សិប្បកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គិត​មកដល់​ពេល​នេះ​ក្រសួង​ឧស្សាហកម្ម ទើប​តែ​ទទួលបាន​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​ពី​ក្រុមហ៊ុន​ចំនួន ​២ គឺ​ក្រុមហ៊ុន នំស្រួយ​លីលី លើ​ផលិតផល​ចំនួន ​៤ ​មុខ​ និង​សហគ្រាស​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស និង​ប្រេងខ្យង ឈ្មោះ លាង ឡេង លើ​មុខ​ផលិតផល​ចំនួន​ ៦ ​មុខ​។


លោក​និយាយថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​កំពុង​ស្ថិតក្នុង​នីតិវិធី​ដោយ​ត្រូវធ្វើ​ការប្រជុំ​សមាជិក​នៃ​គណៈកម្មការ​ផ្តល់​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​ដើម្បី​ពិភាក្សា ពិនិត្យ​វាយតម្លៃ និង​អនុម័ត​ជាមុនសិន​»​។


លោក ច័ន្ទវណ្ណា បានឱ្យដឹងថា ក្រសួង កំពុង​ពិនិត្យ និង​សម្រេច​ដើម្បី​ផ្តល់​ស្លាក​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​ដល់​ក្រុមហ៊ុន និង​សហគ្រាស​ ២ ​នេះ​។


លោក​ថ្លែងថា​៖ «​គណៈកម្មការ​ផ្តល់​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​នៃ​ក្រសួង​ឧស្សាហកម្ម​នឹង​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព ជូន​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្បកម្ម​មួយ​ចំនួន​ដែល​បានដាក់​ពាក្យ​ស្នើ​ដំបូង​គេ​បន្តបន្ទាប់​»​។


អ្នកស្រី កែវ មុំ អគ្គនាយក​ក្រុមហ៊ុន លីលី​ហ៊្វូដ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​អ្នកស្រី​ពិតជា​បានស្នើ​សុំ​និមិត្តសញ្ញា​បញ្ជាក់​គុណភាព​ពី​ក្រសួង​ដើម្បី​ទទួលបាន​ការទទួល​ស្គាល់​ផលិតផល​របស់​ក្រុមហ៊ុន​មាន​គុណភាព​។


អ្នកស្រី​និយាយថា​៖ «​ការទទួលបាន​ស្លាក​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​នឹង​ធ្វើឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ក្នុង​ការប្រើប្រាស់​ផលិតផល​របស់​យើង​កាន់តែ​ខ្លាំង​ដោយ​មិន​ព្រួយបារម្ភ​ពី​ការប៉ះពាល់​ដល់​សុខភាព​»​។

លោក ស្រ៊ាន ពេជ្រ បុគ្គលិក​ផ្នែក​គ្រប់គ្រង​គុណភាព​ និង​សុវត្ថិភាព​ម្ហូបអាហារ​ (QC) ​នៃ​សហគ្រាស លាងឡេង បានឱ្យ​ដឹងថា សហគ្រាស​របស់​លោក​បាន​ដាក់ពាក្យ​ស្នើសុំ​ស្លាក​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​នៅ​ក្រសួង​ឧស្សាហកម្ម​កាលពី​ខែ​មុន​។

លោក ពេជ្រ បាន​បន្ថែមថា សហគ្រាស លាង ឡេង គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ឈានមុខ​នៅ​កម្ពុជា​ក្នុង​ការផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និង​ទឹក​ប្រេងខ្យង​ដែល​កំពុងមាន​ទីផ្សារ​ល្អ ដោយ​ការផលិត​អនុលោម​តាម​ស្តង់ដា​អនាម័យ​ត្រឹមត្រូវ ហើយ​ការទទួល​ស្គាល់​ផលិតផល​មាន​គុណភាព សុវត្ថិភាព​ពី​ក្រសួង​នេះ​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ថែមទៀត​។

លោក ពេជ្រ បន្ត​៖ «​ខ្ញុំ​សង្កេតឃើញ​ថា បច្ចុប្បន្ន ផលិតផល​ខ្មែរ​យើង​កំពុងមាន​ស្តង់ដា ដូច្នេះ​ការទទួល​បាន​សញ្ញា​ផលិតផល​កម្ពុជា​មាន​គុណភាព​នឹង​ជួយ​ពង្រឹង​ផលិតផល​របស់​ខ្មែរ​យើង​ក្នុង​ការចាប់យក​ឱកាស​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​»​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ដល់​សមាជិក​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ស្លាក​សញ្ញា​នេះ​ក្នុង​ពេល​ខាងមុខ ព្រោះ​វា​មាន​សារៈសំខាន់​។

លោក​បញ្ជាក់​៖ «​ខ្ញុំ​គិតថា សិប្បកម្ម​ផ្សេងៗ​ទៀត​គួរ​ប្រញាប់​ដាក់​ស្នើសុំ​ដើម្បី​ទទួលបាន​ការបញ្ជាក់​គុណភាព​ផលិតផល​ដែល​ពួកគេ​ចាំបាច់​ត្រូវធ្វើ​»​។

បើតាម​លោក ហ៊ត ផេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ ៥២ ១៥៤ មូលដ្ឋាន នៅមុន​ដំណាក់កាល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ក្នុងនោះ សហគ្រាស​ធុន​តូច និង​មធ្យម​សរុប ១៣ ៦៩០ មូលដ្ឋាន​ត្រូវបាន​បាន​បិទ និង​ព្យួរ​នៅ​ដំណាក់កាល​​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវតែ​ពង្រឹង​ស្តង់ដា​អនាម័យ​ដើម្បី​មាន​ភាព​ប្រកួតប្រជែង​ទាំង​ការផលិត គុណភាព ការវេចខ្ចប់​ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ​អន្តរជាតិ​»៕