ក្រុមហ៊ុន​ចិន ចុះ MoU ពង្រីក​សក្តានុពល​កសិកម្ម​នៅ​ស្ទឹងត្រែង

Content image - Phnom Penh Post
លោក ម៉ុម សារឿន (​ឆ្វេង​) ចុះ MoU ជាមួយ​លោក Wang Antony​។ សហការី

ភ្នំពេញៈ ផលិតផល​កសិកម្ម​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ត្រូវបាន​រំពឹងថា នឹង​មាន​ទីផ្សារ​កាន់តែ​ល្អ​ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន ដើម្បី​បង្កើន​សក្តានុពល​ដាំដុះ និង​អាច​ឈានទៅ​បង្កើត​រោងចក្រ​កែច្នៃ​សម្រាប់​នាំចេញ​នៅពេល​ខាងមុខ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​។

លោក ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ព្រហស្បតិ៍​ថា ផលិតផល​កសិកម្ម​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង​នឹង​អាចមាន​ទីផ្សារ​កាន់តែ​ល្អ បន្ទាប់ពី​ខេត្ត​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ហ៊ុន ទី ខូអិលធីឌី​។ លោក​បន្តថា ហ៊ុន ទី ជា​ក្រុមហ៊ុន​ធំ​មាន​អ្នកបច្ចេកទេស និង​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ច្រើន ហេតុនេះ​លោក​សង្ឃឹមថា កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី MoU នេះ​។

លោក​និយាយថា​៖ «​នៅពេល​ដែលមាន​ក្រុមហ៊ុន​មួយ​ធានា​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​ច្បាស់លាស់ យើង​រំពឹងថា បរិមាណ​ផលិត និង​គុណភាព​ផលិតផល​កសិកម្ម​របស់​យើង​នឹង​ស្ទុះ​កើន​មួយកម្រិត​ទៀត ហើយ​នៅពេល​នោះ​ប្រាក់ចំណូល​របស់​ប្រជាជន​ក្នុង​តំបន់​ក៏​កើនឡើង​ដែរ​»​។

លោក​ប្រាប់ទៀត​ថា ក្រុមការងារ​ដែលមាន​តំណាង​ពី​ក្រុមហ៊ុន ហ៊ុន ទី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹងធ្វើ​ការសិក្សា និង​រៀបចំ​ផែនការ​រួម​ដែលមាន​រយៈពេល ៥ ​ឆ្នាំ ដើម្បី​លើកកម្ពស់​ការដាំដុះ​ដំណាំ​មួយចំនួន តាមរយៈ​ការបណ្តុះបណ្តាល​ប្រជាកសិករ​ពី​វិធីសាស្ត្រ​ដាំដុះ​ការផ្តល់​ពូជ និង​ប្រមូល​ទិញ​។

ផែនការ​វិនិយោគ​ដំបូង​របស់​ក្រុមហ៊ុន​អាច​មាន​ត្រឹម​ការប្រមូលទិញ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា ស្វាយកែវ​រមៀត ស្វាយចន្ទី និង​ដំឡូងមី​។ នៅពេល​ក្រុមហ៊ុន​ពិនិត្យ​ឃើញ​ថា​ផលិតផល​ទាំងអស់​នោះ​មាន​គុណភាព​ល្អ​ និង​មាន​បរិមាណ​ច្រើន​គ្រប់គ្រាន់ ក្រុមហ៊ុន​អាច​នឹង​បើក​រោងចក្រ​កែច្នៃ​ផងដែរ​។ នេះ​បើតាម​លោក ម៉ែន គុង​។

នៅក្នុង​ពិធី​ចុះ MoU កាលពី​ថ្ងៃ​ចន្ទ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ឱ្យ​ដឹងថា នេះ​ជា​ការធ្វើ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​ដំណាំ​កសិកម្ម​រវាង​ខេត្ត​ស្ទឹងត្រែង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដើម្បី​បង្កើត​សក្តានុពល​ដាំដុះ​ក្នុង​ខេត្ត​។ លោក​បន្តថា​៖ «MoU នេះ​ក៏​ដើរ​ស្រប​ជាមួយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ខេត្ត និង​កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​រយៈពេល​ ៥ ​ឆ្នាំ​ដែល​ខេត្ត​បានដាក់​ចេញ​ផងដែរ​»​។

លោក Wang Antony ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហ៊ុន ទី ក៏បាន​ឱ្យដឹង​ដែរ​ថា អនុស្សរណៈ​នេះ​បញ្ជាក់​ឱ្យឃើញ​ពី​ការពង្រឹក​កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​វិស័យ​កសិកម្ម និង​ការបង្កើត​ការងារ​ថ្មី​សម្រាប់​ប្រជាកសិករ​នៅក្នុង​តំបន់​។ ក្រុមហ៊ុន​មិន​ត្រឹមតែ​វិនិយោគ​លើ​ការដាំដុះ​ដំណាំ​កសិកម្ម​មួយចំនួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​អាច​នឹង​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​នឹង​ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ផល​កសិកម្ម​ឱ្យមាន​គុណភាព សុវត្ថិភាព និង​អនាម័យ ដើម្បី​នាំយកទៅ​ទីផ្សារ​ប្រទេស​នានា​លើ​ពិភពលោក​»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បាន​ស្វាគមន៍​ចំពោះ​ការចុះ​អនុស្សរណៈ​នេះ ដោយ​លោក​ប្រាប់ថា ហ៊ុន ទី គឺជា​ក្រុមហ៊ុន​ធំ និង​កំពុង​មាន​ប្រតិបត្តិការ​ជាច្រើន​កន្លែង​នៅ​កម្ពុជា​ទាក់ទង​នឹង​ការកែច្នៃ វេចខ្ចប់ និង​នាំចេញ​។ ក្រុមហ៊ុន​នេះ​មាន​ឃ្លាំង និង​ទូ​កកធំៗ ដើម្បី​កែច្នៃ និង​វេចខ្ចប់​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។

លោក​ថ្លែង​ថា​៖ «MoU នេះ​នឹង​ជួយ​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ខ្ពស់​នៅពេល​អនាគត​»​។

ទោះយ៉ាងណា​លោក សាខុន ប្រាប់ថា ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ច្រើន​ដែរ​មាន​ដូចជា តម្លៃ​អគ្គិសនី និង​តម្លៃ​ដឹកជញ្ជូន​ខ្ពស់ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​នៅមាន​ភាពទន់ខ្សោយ​ផងដែរ​។

របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ចាប់ពី​ខែមករា ដល់​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ មាន ៣ ០៣៩ ០៣០ ​តោន គឺ​ប្រហាក់ប្រហែល​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ ដែល​មាន ៣ ០៦៥ ៥៥៥ ​តោន​៕ LA

ព័ត៌មានថ្មីៗ