ក្រុងស៊ីដនីៈ ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​កូនក្មេង Bellamy''s របស់​អូស្ដ្រាលី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ភាគទុនិក​បាន​បោះឆ្នោត​គាំទ្រ​សំណើ​ទិញយក​ក្រុមហ៊ុន​ពី​សំណាក់​ក្រុមហ៊ុន Meng-niu របស់​ប្រទេស​ ចិន ​ក្នុងតម្លៃ ១,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​ដែល​ស្នើឡើង​ក្រុមហ៊ុន Mengniu នឹង​ចំណាយ​ប្រាក់ ១២,៦៥ ​ដុល្លារ​អូស្ដ្រាលី (៨,៦៩ ដុល្លារ​អាមេរិក​) ក្នុង​ ១ ​ភាគហ៊ុន​ ព្រម​ទាំង​បង់​ភាគ​ភាព​ចំនួន ០,៦០ ​ដុល្លារ​អូស្រា្ដលី​ ក្នុង​ ១ ​ភាគហ៊ុន​ ដែល​ខ្ពស់​ជាង​តម្លៃ​ជួញដូរ​កាលពី​ថ្ងៃ​សុក្រ​ចំនួន ៥៩ ​ភាគរយ​ ដែល​នៅពេល​ជួញ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៨,៣២ ​ដុល្លារ​អូស្ដ្រាលី​នៅពេល​បិទ​ផ្សារហ៊ុន​។


នៅក្នុង​សេចក្ដី​ប្រកាស​រួមមួយ​ដែល​ដាក់ជូន​ផ្សារហ៊ុន​អូស្រា្ដលី​លោក Lu Minfang អគ្គនាយក​ក្រុមហ៊ុន Mengniu បាន​ឲ្យ​ដឹងថា កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន Bellamy''s ក្នុងនាម​ជា «​ម្សៅ​ទឹកដោះគោ​យីហោ​សរីរាង្គ​ឈានមុខ​គេ​» មួយ​ព្រម​ទាំង​ប្រតិបត្តិការ​ក្នុងស្រុក និង​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន Mengniu​។


លោក Lu ថ្លែងថា​៖ «​ក្រុមហ៊ុន Bellamy''s គឺជា​យីហោ​ឈានមុខ​គេ​របស់​អូស្រា្ដលី​ប្រកប​ដោយ​មោទនភាព និង​កំណត់ត្រា​ការផ្គត់ផ្គង់​ផលិតផល​សរីរាង្គ​គុណភាព​ខ្ពស់​»​។


លោក​បន្តថា​៖ «​មហិច្ឆតា​កំណើន​នៃ​ការលក់​របស់​យើង​សម្រាប់​ក្រុមហ៊ុន Bellamy''s នៅក្នុង​ប្រទេស​អូស្ដ្រាលី និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​ទូលំទូលាយ​នឹង​មើលឃើញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ម្សៅ​ទឹកដោះគោ​កូនក្មេង​ក្នុងស្រុក ដើម្បី​ធានា​ថា​មាន​សមត្ថភាព​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​សម្រេចបាន​ផែនការ​នេះ​»​។


កិច្ចព្រមព្រៀង​នេះ​នឹង​តម្រូវ​ឲ្យ​ទទួល​បាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ការវិនិយោគ​បរទេស​អូស្ដ្រាលី​ដែល​រំពឹងថា​នឹង​ត្រូវ​ធ្វើ​ឡើង​មុន​ដំណាច់​ឆ្នាំនេះ​៕ People''s Daily/LA