ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម និង​លំនៅឋាន Wisney World ដ៏ធំ​ដែល​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​។

ពិធី​នេះ​ក៏​មាន​ទាំង​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។


គម្រោង​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ចិន AMC International និង​ក្រុមហ៊ុន​ម៉ាឡេស៊ី SV International (SV) និង​សាងសង់​ទីក្រុង Wisney World នៅ​ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​ទំហំ ៦៥ ហិកតា​នៅ​ក្បែរ​មាត់​សមុទ្រ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។


ក្រុមហ៊ុន​ទាំង​ ២ សុទ្ធតែ​បាន​អះអាង​ថា​ខ្លួន​កំពុង​ប្រតិបត្តិការ​លើ​សណ្ឋាគារ និង​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។


គម្រោង Wisney World ប្រតិបត្តិការ​ស្ថិត​ក្រោម​ក្រុមហ៊ុន​ថ្មី Wisney Resort City Development Co., Ltd ដែល​រួមមាន​រមណីយដ្ឋាន​កម្សាន្ត​ទឹក សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប សួនច្បារ ឧទ្យាន​លម្ហែកាយ ឧទ្យាន​វប្បធម៌ និង​ព្រះវិហារ​ជាដើម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​។


ទោះបី​យ៉ាង​នេះ​ក្តី​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​គម្រោង​រាប់ពាន់​លាន​ដុល្លារ​នេះ​មិន​ត្រូវ​បាន​ស្វែង​រកឃើញ​ដោយ​ Google នោះ​ទេ ខណៈ​គេហទំព័រ​របស់​ក្រុមហ៊ុន SV មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​អ្វី​ទាំងអស់​។


ក្នុង​ពិធី​សម្ពោធ​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ការ​ចូលរួម​ពី​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

លោកស្រី ម៉ែន សំអន បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​តំបន់​មាត់សមុទ្រ​ដ៏មាន​ប្រជាប្រិយ​ដោយ​បាន​ទាក់ទាញ​នូវ​ក្រុមហ៊ុន​វិនិយោគ​លំដាប់​អន្តរជាតិ​ជាច្រើន​ឲ្យ​ចូល​មក​វិនិយោគ​នៅ​ទី​នោះ​។

លោកស្រី​បាន​បន្ត​ថា​ជាមួយ​នឹង​ទុនវិនិយោគ​សរុប​ជាង​ ១ ​ពាន់​លាន​ដុល្លារ គម្រោង​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឲ្យ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ លោកស្រី​ថ្លែង​ថា​៖ «​ការសម្រេចចិត្ត​បើក​រមណីយដ្ឋាន​នៅ​ទី​នោះ​ពិតជា​ជម្រើស​ដ៏ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​តារា​រះ​នៅ​ទិស​និរតី​របស់​កម្ពុជា​»​។

លោកស្រី​បាន​បន្ត​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា Wisney World ពិតជា​អាច​ជួយ​បំពេញ​កង្វះខាត​កន្លែង​កម្សាន្ត និង​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​បាន​យ៉ាង​ច្រើន​»​។

យោង​តាម​តួលេខ​ក្រសួង​ទេសចរណ៍​ភ្ញៀវទេសចរ​ចិន​ ១,២ ​លាន​នាក់​បាន​មក​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ដែល​ស្មើនឹង​ជាង​ ២១ ​ភាគរយ​ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៥,៦ ​លាន​នាក់​។

ភាគច្រើន​នៃ​ការវិនិយោគ​លើ​ផ្នែក​ទេសចរណ៍​របស់​វិនិយោគិន​ចិន​ត្រូវ​បាន​មើលឃើញ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ដែល​ជា​តំបន់​ឆ្នេរសមុទ្រ​ដ៏ពេញនិយម​របស់​ប្រទេស​កម្ពុជា​។

ទោះ​យ៉ាង​នេះ​ក្តី​អាជ្ញាធរខេត្ត​អះអាង​ថា​មិន​បាន​ដឹង​ពី​គម្រោង​ដែល​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​នេះ​ទេ​។

អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ពី​គម្រោង​ដ៏ធំ​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ទេ​។ លោក​គ្រាន់​តែ​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​បាន​ដឹង​ពី​គម្រោង​នេះ​ឡើយ​»​។

លោក សន សៀប នាយក​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាន​ប្រាប់​ថា​លោក​មិន​បានដឹង​ពី​គម្រោង​ដ៏ធំ​នេះ​ទេ តែ​លោក​បាន​និយាយ​ថា​ក្រុង​ព្រះសីហនុ​កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​គ្រប់​វិស័យ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ដឹង​ថា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​តែងតែ​មាន​លុយ​ច្រើន​សម្រាប់​សាងសង់​អ្វី​មួយ​។ ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា យ៉ាង​ម៉េច​ចំពោះ​គម្រោង​ដ៏ធំ​បែប​នេះ​ទេ តែ​គម្រោង​ដែល​មាន​តម្លៃ​ថ្លៃ​បែប​នេះ​ទាល់តែ​មាន​ទីផ្សារ​អន្តរជាតិ​គាំទ្រ​ទើប​អាច​ទទួល​ជោគជ័យ​»​។

រាជរដ្ឋាភិបាល​ស្វាគមន៍​កំណើន​ការចំណាយ​លើ​ការអភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​ជាច្រើន​អះអាង​ថា​ការវិនិយោគ​របស់​ចិន បាន​ធ្វើឲ្យ​ឱកាស​របស់​ពួកគេ​កាន់តែ​រួម​តូច​ដោយ​បាន​បង្ខំ​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ស្ថិត​នៅ​ក្រៅ​កំណើន​សេដ្ឋកិច្ច​ដ៏មាន​សក្ដានុពល​នេះ ៕LA