ភ្នំពេញៈ ក្រុមហ៊ុនចិន Lianfa កំពុងរៀបចំគម្រោងវិនិយោគលើដំណាំកប្បាសនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីកែច្នៃក្រណាត់សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុន Lianfa បានបញ្ចប់ការពិសោធលើការដាំកប្បាសនៅខេត្តពោធិ៍សាត់ដោយជោគជ័យ ហើយកំពុងរៀបចំការដាំដុះដំណាំនេះនៅលើផ្ទៃដី ១៨០ ហិកតា ក្នុងស្រុកបាកាន។
ក្រសួងកសិកម្មបានលើកឡើងនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន Lianfa កើតមានឡើងបន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទៅទស្សនកិច្ចនៅក្រុមហ៊ុននេះ នៅខេត្តជាំងស៊ូប្រទេស ចិន កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨។
ក្រុមហ៊ុនចិនបានយកពូជជាង ៤០ ប្រភេទ មកដាំសាកល្បងលើទីតាំងមួយនៅខេត្តពោធិ៍សាត់ ជាលទ្ធផលគឺទទួលបានផលល្អប្រសើរទាំងអស់។ នេះបើតាមក្រសួងកសិកម្ម។
ឧស្សាហកម្មកប្បាសរបស់កម្ពុជាបានចាប់ផ្តើមធ្លាក់ចុះក្នុងអំឡុងរបបខ្មែរក្រហម នៅពេលដែលវិស័យកសិកម្មទាំងមូលត្រូវបង្វែរទៅផ្តោតលើផលិតកម្មស្រូវ។
ឧស្សាហកម្មនេះត្រូវបានបង្កើតឡើងដោយបារាំងនៅចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៧៥ ដែលពេលនោះមានដំណាំកប្បាសរាប់ពាន់ហិកតាត្រូវបានប្រមូលផល។
លោក ស្រី វុឌ្ឍធី អ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនក៏គ្រោងនឹងសាងសង់រោងចក្រកែច្នៃផងដែរ ប៉ុន្តែមិនទាន់ដឹងពីពេលវេលានោះទេ។ លោកថ្លែងថា៖ «ខ្ញុំគិតថា បើគម្រោងនេះនឹងទទួលជោគជ័យ នោះនឹងអាចជួយស្តារឡើងវិញនូវឧស្សាហកម្មកប្បាសនៅកម្ពុជា»។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃទី ១៦ កក្កដា លោករួមដំណើរជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងទៅពិនិត្យផ្ទាល់នៅទីតំាងក្រុមហ៊ុនដាំកប្បាសនេះ។
លោកបានបន្តថា៖ «ក្រុមហ៊ុនកំពុងដំណើរការដាំពិសោធនៅឡើយ ក្រុមហ៊ុនយកពូជ ៤៤ ប្រភេទ ពីប្រទេស ចិន ដាំធ្វើតេស្តនៅពោធិ៍សាត់ គេពិសោធរកពូជណាផ្តល់ ទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ ធន់ជំងឺ ហើយត្រូវជាមួយស្ថានភាពដីស្រុកយើង គេអាចធ្វើពិសោធន៍ ២-៣ រដូវទៀត»។ លោកបន្តថា ក្រុមហ៊ុនអាចនឹងចាប់ផ្តើមការដាំដុះ និងសាងសង់រោងចក្រ យ៉ាងយូរ ២ ឆ្នាំទៀត។
លោកបានបន្តថា៖ «ខ្ញុំឃើញគេកំពុងធ្វើការឈូសឆាយដី ជីកស្រះទឹក ខ្ញុំគិតថាមិនយូរប្រហែល ២ ឆ្នាំទៀត គេចាប់ផ្តើមហើយ ខ្ញុំសង្ឃឹមថា អ្នកខេត្តពោធិ៍សាត់អាចនឹងមានមុខរបរថ្មីមួយទៀត ដោយដាំកប្បាស»។
លោក សុក វណ្ណា អនុប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បើក្រុមហ៊ុនចិនបង្កើតរោងចក្រតម្បាញនៅកម្ពុជាអាចនឹងមានកសិករជាច្រើនងាកទៅដាំដំណាំកប្បាសវិញ។
លោកថា៖ «ខ្ញុំថា ប្រសិនបើមានក្រុមហ៊ុនដាំកប្បាសល្អម្យ៉ាង អាចមានកសិករ មកដាំកប្បាសឡើងវិញ ព្រោះគាត់មើលឃើញផលិតផលកប្បាសមានតម្រូវការ មានតម្លៃខ្ពស់ គាត់អាចចាប់អារម្មណ៍មកដាំកប្បាស»៕LA