ភ្នំពេញៈ ក្រុមហ៊ុនផលិតទឹកដោះគោស្រស់ក្នុងស្រុកបានលើកឡើងថា ការប្រកួតប្រជែងតម្លៃ និងកង្វះទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុក គឺជាមូលហេតុចម្បងដែលធ្វើឲ្យទីផ្សារផលិតផលក្នុងស្រុកប្រកួតប្រជែងមិនឈ្នះផលិតផលនាំចូល។
បច្ចុប្បន្ននៅតាមទីផ្សារទំនើប ឬហាងលក់ទំនិញធំៗនៅកម្ពុជា គេឃើញមានដាក់តាំងលក់ភាគច្រើនជាផលិតផលទឹកដោះគោស្រស់ដែលនាំចូលមកពីប្រទេសជិតខាងតែប៉ុណ្ណោះ។
កញ្ញា ម៉ៅ សុគន្ធា អ្នកទទួលបន្ទុកផ្នែកទីផ្សារនៃកសិដ្ឋានផលិតទឹកដោះគោ តេជោសែនឫស្សីត្រឹបដែលមានទីតាំងស្ថិតនៅខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា តម្លៃដើមផលិតខ្ពស់ និងផ្នត់គំនិតដែលមិនទុកចិត្តលើគុណភាពផលិតផលក្នុងស្រុកបានធ្វើឲ្យការបញ្ជាទិញមិនបានបរិមាណខ្ពស់ទេ។
កញ្ញាបន្តថា ជាធម្មតាផលិតផលក្នុងស្រុកមានតម្លៃខ្ពស់ ដោយសារតែមិនមានប្រើប្រាស់សារធាតុគីមី ការលាយគ្រឿងផ្សំដើម្បីរក្សាទុកគុណភាពឲ្យបានយូរ។ កញ្ញាថ្លែងថា៖ «ខ្ញុំគិតថា ការមិនផ្តល់ទំនុកចិត្តលើផលិតផលក្នុងស្រុកនេះមិនមែនកើតឡើងសម្រាប់តែផលិតផលទឹកដោះគោស្រស់នោះទេ តែគឺស្ទើរគ្រប់ផលិតផលក្នុងស្រុកទាំងអស់តែម្តង»។
កញ្ញាបានលើកឡើងថា ជាក់ស្តែងនៅតាមផ្សារទំនើបនៅពេលមានផលិតផលនាំចូលជិតផុតកាលបរិច្ឆេទប្រើប្រាស់ គេដាក់លក់បញ្ចុះតម្លៃតែងតែមានអតិថិជនជាច្រើនបាននាំគ្នាទៅទិញ តែបើផលិតផលក្នុងស្រុកវិញ គឺមិនសូវមានអ្នកទិញទេ។ កញ្ញាបញ្ជាក់ថា៖ «នេះហើយគឺជាការមិនសូវមានទំនុកចិត្តផលិតផលក្នុងស្រុក»។
ជាមួយនឹងសមត្ថភាពអាចផលិតមានទឹកដោះគោស្រស់បានប្រមាណ ៦០០ ទៅ ៧០០ លីត្រក្នុង ១ ថ្ងៃការបញ្ចេញលក់របស់កសិដ្ឋានផលិតទឹកដោះគោ តេជោសែនឫស្សីត្រឹប ក្នុង ១ ថ្ងៃមានប្រហែល ៣០០-៤០០ លីត្រ។
លោក វ៉ាន់ រដ្ឋា ប្រធានផ្នែកលក់នៃកសិដ្ឋានផលិតទឹកដោះគោស្រស់ Moo Moo Farms បាននិយាយថា បើទោះបីការលក់នាពេលចុងក្រោយនេះមានកំណើនខ្ពស់ក៏ដោយ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបទៅនឹងសមត្ថភាពដែលកសិដ្ឋានរបស់លោកអាចផលិតបាន។ លោកបន្តថា ទោះជាទឹកដោះគោស្រស់ផលិតក្នុងស្រុកមានតម្លៃសមរម្យ និងមានគុណភាពល្អក៏ដោយ ប៉ុន្តែតម្រូវការនៅមានកម្រិតនៅឡើយ។
លោកអះអាងថា៖ «ផលិតផលទឹកដោះគោស្រស់ក្នុងស្រុកគឺពិតជាពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល ព្រោះប្រជាជនខ្មែរហាក់នៅមិនទាន់ទុកចិត្តលើផលិតផលក្នុងស្រុកឡើយ ទោះបីផលិតផលយើងត្រូវបានអ្នកជំនាញធ្វើការត្រួតពិនិត្យគុណភាពយ៉ាងច្បាស់លាស់ហើយក៏ដោយ។ ម្យ៉ាងទៀតតម្លៃក៏មិនសូវខុសគ្នាច្រើននោះទេ»។
លោកបន្តថា តម្រូវការទឹកដោះគោស្រស់កំពុងមានការកើនឡើងជាលំដាប់នៅកម្ពុជា ទោះយ៉ាងណាលោកមិនមានទិន្នន័យពីបរិមាណនៃតម្រូវការប្រើប្រាស់នៅកម្ពុជា ឬការនាំចូលទឹកដោះគោស្រស់ពីប្រទេសជិតខាងនោះទេ។
Moo Moo Farms គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែងស្ថិតនៅអរិយក្សត្រ រាជធានីភ្នំពេញ ដោយមានគោដែលផ្តល់ទឹកដោះប្រមាណជិត ២០០ ក្បាល។ ក្នុង ១ ថ្ងៃ កសិដ្ឋាន Moo Moo Farms អាចប្រមូលទឹកដោះគោស្រស់ចន្លោះពី ១ ៣០០ ទៅ ១ ៥០០ លីត្រ ក្នុង ១ ថ្ងៃ ខណៈការបញ្ជាទិញរបស់ទីផ្សារមានប្រហែល ១ ០០០ លីត្រ ក្នុង ១ ថ្ងៃ។ ចំនួននេះមានការកើនឡើងស្ទើរតែទ្វេដងបើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ នេះបើតាមលោក វ៉ាន់ រដ្ឋា។
បច្ចុប្បន្នទឹកដោះគោ Moo Moo Farms លក់ចេញក្នុងតម្លៃប្រហែល ១,៨ ដុល្លារ ក្នុង ១ លីត្រ និងទឹកដោះគោតេជោសែនឫស្សីត្រឹបមានតម្លៃប្រហែល ២,៥ ដុល្លារ។
សម្រាប់ទឹកដោះគោស្រស់នាំចូលដែលដាក់លក់នៅផ្សារទំនើបក្នុងរាជធានីភ្នំពេញមានតម្លៃពី ៤ ទៅ ៤,៥ ដុល្លារ សម្រាប់ចំណុះ ២ លីត្រ៕LA