ប៉ារីសៈ ក្រុមហ៊ុន​សណ្ឋាគារ Louvre Hotels Group ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Jin Jiang របស់​ប្រទេស​ ចិន ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បើក​ដំណើរការ​សណ្ឋាគារ​ ២ ​ស្ថិតក្រោម​ឈ្មោះ​ផ្ទាល់​របស់​ខ្លួន នៅ​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Louvre Hotels Group នៅ​ថ្ងៃ​សៅរ៍​។

ការបញ្ជាក់​ពី​ការបើក​ដំណើរការ​សណ្ឋាគារ​ ២ ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថ្មីៗ​នេះ​ពី​ការស្លាប់​ស៊ីវិល ៦ នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​របប​ដឹកនាំ​ស៊ីរី និង​ការបាញ់ប្រហារ​របស់​ប្រទេស​រុស្ស៊ី​នៅ​ខេត្ត​អ៊ីដលីប (Idlib)​។


ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា សណ្ឋាគារ​នេះ «​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ ស្ថិត​ក្រោម​យីហោ Louvres Hotels Group»​។


ក្រុមហ៊ុន Louvre Hotels Group បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន Nazha Investment Group របស់​ប្រទេស​ស៊ីរី និង «​ក្រុមហ៊ុន​ជា​ដៃគូ​មួយ​ដែល​ក្រុមហ៊ុន Louvre Hotels សហការ​ជាមួយ​នៅ​តំបន់​មជ្ឈិមបូព៌ា​»​។


សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​មួយ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​កិច្ចព្រមព្រៀង​នេះ​គឺ​ស្របគ្នា​យ៉ាងខ្លាំង​ជាមួយ​នឹង​ច្បាប់​អន្តរជាតិ និង​សារាចរ​អន្តរជាតិ​ទាំងអស់​ដែល​ទាក់ទង​នឹង​ប្រទេស​ស៊ីរី​»​។


យោង​តាម​គេហទំព័រ The Syria Report វា​ជា​កិច្ចព្រមព្រៀង​ដំបូង​ជាមួយ​ប្រតិបត្តិករ​សណ្ឋាគារ​លោក​ខាង​លិច​ចាប់​តាំងពី​ឆ្នាំ​ ២០១១ មក​នៅពេល​ជម្លោះ​ដែល​បំផ្លិចបំផ្លាញ​បាន​ចាប់ផ្ដើម​។


ក្រុមហ៊ុន Louvre Hotels Group ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Jin Jiang របស់​ចិន​កាលពី​ឆ្នាំ​ ២០១៥ ហើយ​ក្រុមហ៊ុន​នេះ​ប្រតិបត្តិការ​សណ្ឋាគារ​ជាង ១ ៥០០ ក្នុង​ប្រទេស​ចំនួន ៥៤៕ LA