ភ្នំពេញៈ ក្រុមហ៊ុន BASF ដែលជាក្រុមហ៊ុនផ្នែកគីមីសាស្ត្រមានមូលដ្ឋាននៅអាល្លឺម៉ង់ កាលពីម្សិលមិញបានប្រកាសបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការនៅកម្ពុជា បន្ទាប់ពីផលិតផលរបស់ក្រុមហ៊ុនមានវត្តមាននៅទីផ្សារកម្ពុជា តាមរយៈដៃគូចែកចាយតាំងពីឆ្នាំ ២០១៤ មក។
លោក Petrus Ng នាយកគ្រប់គ្រងក្រុមហ៊ុន BASF ប្រចាំនៅប្រទេស ថៃ និងឥណ្ឌូចិន បានមានប្រសាសន៍ថា ផលិតផលក្រុមហ៊ុន BASF នឹងគាំទ្រដល់ការរីកចម្រើននៃឧស្សាហកម្មយុទ្ធសាស្រ្តរបស់ប្រទេស កម្ពុជា ក្នុងនោះរួមមានគ្រឿងសង្ហារិម កៅស៊ូ ស្បែកជើង អាហារូបត្ថម្ភ និងសុខភាព និងកសិកម្ម។
លោកបន្តទៀតថា៖ «អតិថិជនរបស់យើងនៅប្រទេស កម្ពុជា នឹងទទួលបាននូវជំនួយពីបណ្តាញជាសកលរបស់ក្រុមហ៊ុន BASF ជំនាញ និងគំនិតច្នៃប្រឌិត»។
ផលិតផលការពារផលដំណាំថ្មីចំនួន ៣ ប្រភេទ នឹងត្រូវចាប់ផ្ដើមដាក់លក់ ដែលកសិករ និងអ្នកដាំដុះ អាចមានជម្រើសជាច្រើនបន្ថែមទៀតក្នុងការគ្រប់គ្រងផលដំណាំរបស់ពួកគាត់។ ផលិតផលទាំងនោះមានដូចជា Basagran Herbicide ដែលជាថ្នាំសម្លាប់ស្មៅអត់ប្រយោជន៍ និងស្មៅក្រវាញជ្រូក និងថ្នាំសម្លាប់សត្វចង្រៃផ្សេងទៀត។
ក្រុមហ៊ុន BASF នឹងរៀបចំក្រុមការងារបច្ចេកទេសក្នុងស្រុកប្រចាំនៅក្នុងប្រទេស កម្ពុជា ដែលពួកគាត់នឹងចុះទៅជួយណែនាំតាមបណ្តាញអ្នកជំនាញរបស់ក្រុមហ៊ុន BASF នៅអាស៊ីអាគ្នេយ៍។ លើសពីនេះទៀតក្រុមហ៊ុន BASF មានបំណងចូលរួមជាមួយដៃគូចែកចាយនិងកសិករដោយផ្ទាល់ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មប្រកបដោយចីរភាព ក្នុងនោះរួមមានការជ្រើសរើសឲ្យត្រឹមត្រូវ និងការរក្សាទុកប្រកបដោយសុវត្ថិភាពការទុកដាក់ប្រើប្រាស់និងការបំផ្លាញចោលចំពោះផលិតផលការពារដំណាំ។
លោក Martin Wolf នាយកពាណិជ្ជកម្មប្រចាំតំបន់អាស៊ានផ្នែកដំណោះស្រាយខាងកសិកម្មរបស់ក្រុមហ៊ុន BASF បានលើកឡើងថា ទោះបីជាប្រទេស កម្ពុជា បានក្លាយទៅជាប្រទេសនាំចេញអង្ករមានគុណភាពឈានមុខគេយ៉ាងឆាប់រហ័សក្តី ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែមានក្នុងវិស័យកសិកម្មក្នុងនោះរួមមានការប្រើប្រាស់បច្ចេកវិទ្យារបស់កសិករស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។
លោកបន្តទៀតថា៖ «យើងជឿជាក់ថា ក្រុមហ៊ុនBASF មានលក្ខណៈសមស្របដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះហើយក្រុមហ៊ុនមានក្តីរំភើបក្នុងការជួយកសិករកម្ពុជាឱ្យទទួលបានប្រាក់ចំណេញនិងមាននិរន្តរភាព»៕ LA