ភ្នំពេញៈ ក្រុមហ៊ុន​អង្ករ​ដែលជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា (CRF) យ៉ាងតិច​ចំនួន ៧ បាន​ធ្វើការ​បញ្ចុះតម្លៃ​ចន្លោះ​ពី ១ ម៉ឺន​រៀល ដល់ ២ ម៉ឺន​រៀល​ក្នុង ១ បេ​នៃ​តម្លៃ​គោល ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​អំឡុងពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្រុងភ្នំពេញ​ និង​ក្រុង​តាខ្មៅ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា ការបញ្ចុះ​តម្លៃ​នេះ​សម្រាប់តែ​អង្ករ​មាន​ចំណុះ ៥០ គីឡូក្រាម​ទៅ​តាម​ប្រភេទ និង​ស្តង់ដា​បទដ្ឋាន គុណភាព​អង្ករ​ដែលមាន​នៅក្នុង​ស្តុក​ដែល​ដេប៉ូ​លក់រាយ​ទាំង ៧ ទីតាំង​នេះ​នឹង​ចាប់ផ្តើម​លក់​អង្ករ​បញ្ចុះតម្លៃ​នេះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ស្ថានការណ៍​បាន​ធូស្បើយ​ឡើងវិញ។


ទីតាំង​ទាំងនោះ រួមមាន​ដេប៉ូ ស្ថិត​នៅក្នុង​សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ (បុរី​រិទ្ធ) សង្កាត់​ស្រះចក ខណ្ឌដូនពេញ (ទល់មុខ​ព្រះ​សក្ស​មុនី​ចេតិយ៍) សង្កាត់​ព្រែកកំពិស ខណ្ឌដង្កោ (ក្បែរ​ផ្សារព្រៃជ្រៃ) សង្កាត់​ស្នោរ ខណ្ឌ​កំបូល។


សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «សមាជិក​របស់​សហព័ន្ធ​នឹងមាន​ចំនួន​កើនឡើង​ទៀត​ក្នុង​ការចូលរួម បន្ទាប់ពី​ចំនួន​សន្និធិ​អង្ករ​ថ្មី និង​បុគ្គលិក កម្មករ​អាច​ចរាចរណ៍​ចូលមក​ដល់​ដេប៉ូ​លក់រាយ​ក្នុង​តំបន់​បិទ​ខ្ទប់​បាន»។


ការបញ្ចុះ​តម្លៃ​នេះ​គឺជា​វិធានការ​បន្ថែម​នៃ​ការទប់ស្កាត់​ការដំឡើង​តម្លៃ​ម្ហូបអាហារ ពិសេស អង្ករ ដែល​ក្រុមហ៊ុន​ហ្គ្រីនត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់ចេញ​រួមគ្នា​កាលពី​ថ្ងៃទី ១៥ ខែ​មេសា កន្លងមក។


ភាគី​ទាំង ២ បាន​បញ្ជាក់ថា បញ្ហា​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​បរិមាណ​សន្និធិ​គ្រប់គ្រាន់ ទាំង​ស្រូវវស្សា​ជាង ២,៥ លាន​ហិកតា ដែល​ទើប​បញ្ចប់​ការប្រមូលផល​ក្នុង​ខែមករា និង​ស្រូវប្រាំង​ជិត ១ លាន​ហិកតា បាននិង​កំពុង​ប្រមូលផល​បាន​ជាង ៩០% ហើយ​ដែល​មាន​សុវត្ថិភាព និង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀងអាហារ​គោល​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា និង​អាច​នាំ​ចេញទៅ​ក្រៅ​ប្រទេស រហូត​ដល់​ប្រមូលផល​រដូវកាល​បន្ទាប់​ខាងមុខ៕