ភ្នំពេញ: ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ម៉ាឡេស៊ី Pestech International Bhd បាន​ទិញ​ភាគហ៊ុន​ ៩៤ ភាគរយ នៅ​ក្រុមហ៊ុន​អភិវឌ្ឍ​ថាមពល​សូឡា​នៅ​កម្ពុជា​។ នេះ​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី the EDGE​។

ក្នុង​ឯកសារ​ដែល​បានដាក់​ទៅកាន់​ផ្សារហ៊ុន​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា អង្គភាព​របស់​ខ្លួន Astoria Solar Farm Sdn Bhd (ASF) នឹង​វិនិយោគ​តម្លៃ​ ៤ ​លាន​ដុល្លារ ដោយ​ការទិញ​ភាគហ៊ុន ​៩៤ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd (GSV)​។ ​នេះ​បើតាម​របាយការណ៍​។


ឯកសារ​បាន​ឲ្យ​ដឹងថា​៖ «​ផ្អែកលើ​ការទិញ​ភាគហ៊ុន​ដែល​បានស្នើ​ឡើង​ចំនួន​ ៩៤ ភាគរយ ក្រុមហ៊ុន GSV នឹង​ក្លាយជា​អ្នក​អភិវឌ្ឍន៍ និង​ការអនុវត្ត​គ្រប់​មុខងារ​វិស្វកម្ម លទ្ធកម្ម និង​សំណង់​»​។


លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​បានផ្តល់​សម្បទាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​GSV ធ្វើការ​អភិវឌ្ឍ​ថាមពល​សូឡា​រយៈពេល​ ២០ ​ឆ្នាំ​ដែលមាន​សមត្ថភាព​ផលិត​ ២០ ​មេហ្គាវ៉ាត់​នៃ​គម្រោង​កសិដ្ឋាន​ថាមពល​សូឡា​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង​។


លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​បានសម្រេច​កិច្ចព្រមព្រៀង​លក់​ថាមពល​ឲ្យ​​អគ្គិសនី​កម្ពុជា​ក្នុងតម្លៃ ៧,៦ សេន​ដុល្លារ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ហើយ​គម្រោង​នេះ​គ្រោង​នឹង​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​នៅ​ដើម​ឆ្នាំ​ ២០២១»​។


បច្ចុប្បន្ន​កម្ពុ​ជាមាន​ថាមពល​វារីអគ្គិសនី​ប្រហែល ៤៨ ភាគរយ និង​ថាមពល​ធ្យូងថ្ម​មាន​ប្រហែល​ ៤៧ ​ភាគរយ និង​នាំចូល​ប្រហែល​ ១៥ ​ភាគរយ​៕LA