ក្រុង​ព្រុចសែលៈ ក្រុម​ហ៊ុនអាកាសចរណ៍​ផ្តល់​សេវា​ហោះ​ហើរ​តម្លៃទាប Ryanair និង​ក្រុមហ៊ុន IAG ដែល​ជា​ម្ចាស់​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ British Airways ​បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​​ពុធ​ថា ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​សហ​ភាពអឺរ៉ុប​ (EU) ជុំវិញ​អ្វីដែល​ពួក​គេ​​​បាន​ឲ្យ​ដឹងថា​ជា​ការ​បរាជ័យ​របស់​​ប្រទេស​បារាំង​​ក្នុងការ​ដោះស្រាយ​បញ្ហា​​​កូដ​កម្ម​ដែល​ជាប់​គាំង​ដែល​ធ្វើឡើង​ដោយ​​ក្រុម​អ្នក​ត្រួតពិនិត្យ​ការធ្វើចរាចរណ៍​ផ្លូវ​អាកាស​។​

​ក្រុមហ៊ុនទាំង​ពីរ​បាន​ឲ្យដឹង​ថា ការធ្វើ​កូដ​កម្ម​ម្តង​ហើយ​ម្ត​ង​ទៀត​​ដោយ​ក្រុម​អ្នក​ត្រួត​ពិនិត្យ ការធ្វើចរាចរណ៍​ផ្លូវ​អាកាស​​របស់​ប្រទេស​​បារាំង ជា​ពិសេស​នៅ​ទី​ក្រុងម៉ាកសី កំពុង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កាលវិភាគ​ហោះហើរ​ ដោយមាន​​​​​​​អ្នក​ធ្វើដំណើរ​ជាង ៧៥០ ០០០ នាក់​ បាន​លុបចោល​​ជើង​ហោះ​ហើរ​ក្នុង​​រយៈ​ពេលតែ ​៥ ខែ​ដំបូង​​​ក្នុង​​ឆ្នាំ​ ២០១៨​។​


​​លោក Willie Walsh ​ប្រធាន​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ IAG បា​នថ្លែងថា​ អ្នកដំណើរ​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​របស់​ពួកគេ​​ក្នុងការ​ធ្វើដំណើរ​​ដោ​យសេរី​ ដែល​សិទ្ធិនេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ EU ។​


​លោក Willie Walsh ​បាន​ប្រាប់​សន្និសីទ​ព័ត៌​មាន​នៅ​ទី​ក្រុង​ព្រុចសែល​ថា​៖ «ទាំង​ក្រុម​ហ៊ុន Ryanair និង​ក្រុម​ហ៊ុន IAG គ្រោង​នឹង​ដាក់ពាក្យ​បណ្ដឹង​ទៅ​​គណៈកម្មការ​អឺរ៉ុប ដែល​​នឹង​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​បារាំង​ ដោយសារតែ​​យើងជឿជាក់ថា រដ្ឋា​ភិបាលបារាំង​មិនត្រូវបាន​ការពារ​សិទ្ធិរបស់​ប្រជាជន​អឺរ៉ុប​​គ្រប់​គ្រាន់​​ក្នុងការ​ធ្វើ​ដំណើរ​​ទេ​»​៕ AFP/LA