ក្រុងប៉ារីសៈ ក្រុមហ៊ុន Airbus កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ពី​ការខាតបង់​សុទ្ធ​ ១,៣៦ ​ពាន់​លាន​អឺរ៉ូ ​ក្នុង​ឆ្នាំ​ ២០១៩ បន្ទាប់ពី​រង​ការពិន័យ​ចំនួន ៣,៦ ​ពាន់​លាន​អឺរ៉ូ​ ជុំវិញ​រឿងអាស្រូវ​ស៊ីសំណូក និង​ចំណាយ​លើ​ការអភិវឌ្ឍ​បន្ថែម​សម្រាប់​យន្តហោះ​ដឹកជញ្ជូន​ម៉ូដែល A400M​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ​បាន​ឲ្យ​ដឹងថា ប្រាក់ចំណេញ​ប្រតិបត្តិការ​បាន​កើនឡើង ៦,៩ ​ពាន់​លាន​អឺរ៉ូ (៧,៥ ​ពាន់​លាន​ដុល្លារ​)​។ ក្រុមហ៊ុន​នេះ​បាន​បន្ថែមថា ខ្លួន​រំពឹងថា​នឹង​ចែកចាយ​យន្តហោះ​ពាណិជ្ជកម្ម​ប្រហែល ៨៨០ ​គ្រឿង ក្នុង​ឆ្នាំ​ ២០២០ ធៀប​នឹង ៨៦៣ ​គ្រឿង​ នៅ​ឆ្នាំ​ ២០១៩​។


លោក Guillaume Faury ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Airbus ថ្លែងថា​៖ «​យើង​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏អស្ចារ្យ​មួយ​ក្នុង​ឆ្នាំ ២០១៩​។ យើង​បានផ្តល់​លទ្ធផល​ហិរញ្ញវត្ថុ​ប្រតិបត្តិការ​ដ៏រឹងមាំ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការចែកចាយ​យន្តហោះ​ពាណិជ្ជកម្ម​របស់​យើង​»​។


លោក​ថ្លែងថា​៖ «​ប្រាក់ចំណេញ​ដែល​ត្រូវបាន​រាយការណ៍​នេះ​ក៏​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​កិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយ​អាជ្ញាធរ​ដែល​ដោះស្រាយ​ការស៊ើបអង្កេត​ករណី​អនុលោមភាព និង​ការចោទប្រកាន់​ទាក់ទង​នឹង​ការសន្មត​ជាមុន​នៃ​ការនាំចេញ​យន្តហោះ A400M ដែល​ត្រូវបាន​ពិនិត្យមើល​ឡើងវិញ​»​។


Airbus បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​ចំនួន ៣,៦ ​ពាន់​លាន​អឺរ៉ូ​ ទៅ​ឲ្យ​ចក្រភព​អង់គ្លេស​ប្រទេស​បារាំង និង​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​ការស៊ើបអង្កេត​ករណី​ពុករលួយ​ដែល​បង្កឡើង​ដោយ​ការលក់​ដែល​គួរ​ឲ្យ​សង្ស័យ​នានា​។


ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការបញ្ជាទិញ​យន្តហោះ​ពាណិជ្ជកម្ម​បាន​កើនឡើង​ដល់ ៧៦៨ ​គ្រឿង​ កាលពី​ឆ្នាំមុន​ពី​ចំនួន ៧៤៧ ​គ្រឿង​ នៅ​ឆ្នាំ​ ២០១៨៕ KC