ក្រុមហ៊ុន Chevron និង Toyota ប្រកាសពីសម្ព័ន្ធភាពលើបច្ចេកវិទ្យាអ៊ីដ្រូហ្សែន
បុរីញូវយ៉ក៖ ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃពុធអំពីជំហានដំបូងឆ្ពោះទៅរកសម្ព័ន្ធភាពជាយុទ្ធសាស្ដ្រមួយ ដើម្បីធ្វើពាណិជ្ជកម្មអ៊ីដ្រូហ្សែនដែលត្រូវបានគេមើលឃើញថា ជាជម្រើសឥន្ធនៈដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានមួយ។
សម្ព័ន្ធភាពដែលត្រូវផ្តោតការយកចិត្តទុកដាក់លើអាមេរិកមួយនេះ ត្រូវបានរំពឹងថា នឹងផ្ដោតការយកចិត្តទុកដាក់លើវិស័យចំនួន ៣ គឺ ការសហការលើគោលនយោបាយសាធារណៈ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអ៊ីដ្រូសែន វាយតម្លៃទីផ្សារសម្រាប់រថយន្តអគ្គិសនីដើរដោយចំហេះអ៊ីដ្រូហ្សែន និងការផ្គត់ផ្គង់អ៊ីដ្រូសែនដែលត្រូវការ និងការស្វែងរកឱកាស ដើម្បីស្រាវជ្រាវរួមគ្នា និងអភិវឌ្ឍការដឹកជញ្ជូន និងការស្តុកដើរដោយចំហេះអ៊ីដ្រូហ្សែន។
ក្រុមហ៊ុនទាំងពីរនេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយថា៖ «ការវិនិយោគរួមនេះសំដៅ «ជំរុញសេដ្ឋកិច្ចអ៊ីដ្រូហ្សែនលើពិភពលោក ដែលមានមុខងារ និងការរីកចម្រើន»។
អ្នកនាំពាក្យក្រុមហ៊ុន Chevron បានឲ្យដឹងតាមអ៊ីមែលមួយថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រកាសកាលពីថ្ងៃពុធ មិនភ្ជាប់កាតព្វកិច្ចនោះទេ ប៉ុន្តែ «បើកផ្លូវឆ្ពោះទៅរកសម្ព័ន្ធភាពជាយុទ្ធសាស្ដ្រផ្លូវការមួយ ត្រឹមដើមត្រីមាសទី៣ ឆ្នាំ ២០២១»។
នៅក្នុងពិធីតាំងពិព័រណ៍រថយន្តស៊ាងហៃនៅសប្ដាហ៍នេះ ក្រុមហ៊ុន Toyota បានបង្ហាញផែនការក្រុមរថយន្តអគ្គិសនីដំណើរការដោយអាគុយលើពិភពលោកលើកដំបូងរបស់ខ្លួន ដែលរួមទាំងរថយន្ត SUV ដែលរំពឹងថា នឹងទៅដល់ដៃអតិថិជនក្នុងរយៈពេលជាងមួយឆ្នាំទៀតប៉ុណ្ណោះ។
ក្រុមហ៊ុន Chevron បានប្រឈមនឹងសម្ពាធពីក្រុមអ្នកបរិស្ថាន ក្នុងការផ្គូផ្គងការប្ដេជ្ញាចិត្តដោយក្រុមហ៊ុនប្រេងសហភាពអឺរ៉ុបឈានមុខគេជាច្រើន ដូចជាក្រុមហ៊ុន Royal Dutch Shell និងក្រុមហ៊ុន Total ដែលបានកំណត់ទិសដៅក្នុងការសម្រេចបានការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ។
ក្រុមហ៊ុន Chevron បានឲ្យដឹងថា ខ្លួនមិនមានផែនការក្នុងការបិទស្ថានីយ៍ឧស្ម័នរបស់ខ្លួននោះទេ។
អ្នកនាំពាក្យក្រុមហ៊ុន Chevron បានឲ្យដឹងថា៖ «ប្រេងឥន្ធនៈបានបន្តផ្លាស់ប្តូរពេលវេលា និងការផ្ដល់អ៊ីដ្រូហ្សែននៅទីតាំងលក់រាយ គឺជាការបន្តការផ្លាស់ប្តូរនោះ»។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីខែឧសភា ក្រុមហ៊ុន Chevron រំពឹងថា នឹងប្រយុទ្ធប្រឆាំងនឹងសំណើរបស់ភាគទុនិកជាច្រើន ដែលទាមទារឲ្យមានវិធានការជាក់លាក់លើការប្រែប្រួលអាកាសធាតុ ព្រមទាំងវិធានការដែលតម្រូវឲ្យមានការបង្ហាញបន្ថែមទៀតអំពីសកម្មភាពបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុន៕ AFP/LA







