ទីក្រុងហូជីមិញ៖ ក្រុមហ៊ុន Dat Bike ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទើបចាប់ផ្តើមរបស់ប្រទេសវៀតណាម ដែលមានគម្រោងផលិតម៉ូតូអគ្គិសនីបានប្រមូលថវិកាចំនួន ២,៦ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Jungle ក្រុមហ៊ុន Wavemaker Partners មូលនិធិ Hustle និងក្រុមហ៊ុន iSeed Ventures របស់ប្រទេសសិង្ហបុរី ម៉ូតូអគ្គិសនីជាធម្មតាខ្សោយ និងទាបដែលមានកម្លាំងត្រឹមតែពាក់កណ្តាលនៃម៉ូតូប្រើសាំង។
ប៉ុន្តែក្រុមហ៊ុន Dat Bike បានអះអាងថា ម៉ូតូអគ្គិសនីម៉ាក Weaver របស់ខ្លួនអាចប្រកួតប្រជែងជាមួយនឹងម៉ូតូដំណើរការដោយសាំងដោយវាមានកម្លាំងម៉ូទ័រ ៥០០០W ជួយបង្កើនល្បឿនពី ០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលពេលវេលាសាកថាមពលរបស់វាលឿនបំផុតនៅក្នុងប្រទេសក្នុងរយៈពេលតែ ៣ ម៉ោង ត្រូវនឹងស្ថានភាពចរាចរណ៍នៅវៀតណាម។
លោក Sơn Nguyen ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Dat Bike បានលើកឡើងថា “យើងចង់ផ្លាស់ប្ដូរម៉ូតូប្រើសាំង ២៥០ លានគ្រឿង នៅអាស៊ីអាគ្នេយ៍ទៅជាយានអគ្គិសនី។ យើងជឿថា ប្រសិនបើផ្តល់ជម្រើស អ្នកគ្រប់គ្នានឹងជ្រើសរើសយកម៉ូតូប្រើអគ្គិសនីជាជាងម៉ូតូប្រើសាំង”។
លោកបន្ថែមថា៖ “មូលនិធិថ្មីនេះ នឹងអនុញ្ញាតឱ្យយើងបន្តច្នៃប្រឌិត និងបង្កើតម៉ូតូអគ្គិសនីដ៏គួរឱ្យទាក់ទាញអារម្មណ៍បំផុតសម្រាប់អាស៊ីអាគ្នេយ៍ និងពិភពលោក”។
លោក Amit Anand ដៃគូស្ថាបនិករបស់ក្រុមហ៊ុន Jungle Ventures លើកឡើងថា “ការវិនិយោគនៅ Dat Bike នេះ គឺជាការវិនិយោគដំបូងរបស់យើងនៅក្នុងវិស័យនេះ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយបច្ចេកវិទ្យា។ ឧស្សាហកម្មទោចក្រយានយន្ត ដែលមានទឹកប្រាក់ ២៥ ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍ ពិសេសគឺទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍថ្មីនៃយានយន្តអគ្គិសនី និងស្វ័យប្រវត្តិកម្ម”៕ VNS-ANN/RR