ក្រុងដេត្រយៈ ក្រុមហ៊ុន Ford បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានរំពឹងថានឹងបង្ហាញការខាតបង់ ១១២ លានដុល្លារនៅ ត្រីមាសទី ៤ ឆ្នាំ ២០១៨ ដោយសារតែក្រុមហ៊ុនផលិតរថយន្តមួយនេះអនុវត្តការរៀបចំរចនាសម្ព័ន្ធជាថ្មីដ៏ធំមួយនៅអាមេរិក និងអឺរ៉ុប។
ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកធំទី ២ នេះបានឲ្យដឹងថា ក្រុមហ៊ុននឹងនៅតែទទួលប្រាក់ចំណេញដដែល បន្ទាប់ពីទទួលបានប្រាក់ពីវិធានការកាត់បន្ថយការចំណាយដែលមាន ១១ ពាន់លានដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ក្រុមហ៊ុននេះមើលឃើញពីប្រាក់ចំណេញបន្ទាប់ពីកែតម្រូវរួចចំនួន ៣០ សេនក្នុងមួយភាគហ៊ុនក្នុងអំឡុងពេលនេះដែលតិចជាងប្រាក់ចំណេញ ៣២ សេនដែលត្រូវបានរំពឹងទុកដោយទីផ្សារ។
សម្រាប់រយៈពេល ១ ឆ្នាំពេញ ក្រុមហ៊ុននឹងបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ៣,៧ ពាន់លានដុល្លារ ដែលតិចជាង ពាក់កណ្ដាលនៃប្រាក់ចំណេញទទួលបាននៅឆ្នាំ ២០១៧។
ប្រាក់ចំណេញក្នុង ១ ភាគហ៊ុនបន្ទាប់កែតម្រូវរួច ត្រូវបានរំពឹងថា នឹងមានតម្លៃ ១,៣០ ដុល្លារនៅរយៈពេលពេញមួយឆ្នាំនេះ ដែលស្ថិតនៅក្នុងកម្រិតទាបនៃការព្យាករកាលពីខែតុលាដែលថា មានពី ១,៣០ ដុល្លារទៅ ១,៥០ ដុល្លារ។
លោក Jim Hackett អគ្គនាយកក្រុមហ៊ុន Ford បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ក្នុងរយៈពេលជាង ១៩ ខែកន្លងមកនេះ យើងបានធ្វើការងាររៀបចំរចនាសម្ព័ន្ធជាថ្មី និងការផ្លាស់ប្តូរក្រុមហ៊ុនរបស់យើងសម្រួចសមត្ថភាពប្រកួតប្រជែងចាត់វិធានការក្នុងការបង្កើនផលិតភាព និងប្រាក់ចំណេញរបស់យើង និងការវិនិយោគនៅពេលអនាគត»។
ក្រុមហ៊ុន Ford កាលពីឆ្នាំមុនបានប្រកាសថា ខ្លួននឹងផ្អាកការផលិតរថយន្តធុនតូចស្ទើរតែទាំងអស់នៅអាមេរិក ដើម្បីសន្សំប្រាក់ ១១ ពាន់លានដុល្លារ៕ AFP/LA