ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន HP Inc. បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​របស់ខ្លួន​បាន​ច្រានចោល​សំណើ​ទិញ​តម្លៃ ៣៣ ​ពាន់​លាន​ដុល្លារ​​ ពី​ក្រុមហ៊ុន Xerox ដោយ​និយាយថា ក្រុមហ៊ុន Xerox ផ្តល់​តម្លៃ​ទាប​ជាង​ជាក់ស្តែង​សម្រាប់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ និង​ម៉ាស៊ីនបោះពុម្ព​មួយ​នេះ​។

ប៉ុន្តែ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន HP បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​នៅតែ​ចង់​ពិភាក្សា​ស្វែងរក​លទ្ធភាព​នៃ​ការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ជា​គូប្រជែង​របស់ខ្លួន​ពោល​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ចំណាស់​មួយ​របស់​អាមេរិក​ដែល​មាន​ឈ្មោះ​ល្បី​ដោយសារ​ម៉ាស៊ីនថតចម្លង​។


ក្រុមហ៊ុន HP បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​យើង​ទទួលស្គាល់​អត្ថប្រយោជន៍​ប្រកប​ដោយ​សក្តានុពល​នៃ​ការ​រួបរួមគ្នា ហើយ​យើង​បើកចំហ​ចំពោះ​ការរុករក​ថា តើ​មាន​តម្លៃ​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន HP ដែរ​ឬ​យ៉ាងណា​តាមរយៈ​ការច្របាច់​បញ្ចូល​គ្នា​ដែល​អាច​កើតមាន​ជាមួយ​ក្រុមហ៊ុន Xerox»​។


ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​នេះ​បន្ថែមថា សមាជិក​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន «​មាន​ចំណោទ​ជា​មូលដ្ឋាន​ដែល​ត្រូវ​ដោះស្រាយ​» ជាមុន​។


ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀតថា ឧទាហរណ៍​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Xerox បាន​ធ្លាក់ចុះ​ពី ១០,២ ​ពាន់​លាន​ដុល្លារ​ មក​នៅត្រឹម ៩,២ ​ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០១៨ ​មក​។


ហើយ​ក្រុមហ៊ុន HP មាន​តម្លៃ​ច្រើនជាង​ក្រុមហ៊ុន Xerox ដោយ​មាន​តម្លៃ​ទីផ្សារ ២៧ ពាន់​លាន​ដុល្លារ​។


ក្រុមហ៊ុន Hewlett-Packard ដែលជា​ឈ្មោះ​ដើម​របស់​ក្រុមហ៊ុន HP គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​តំបន់ Silicon Valle​។ ក្នុង​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​នេះ​បាន​ផ្តាច់ខ្លួន​ចេញ​ពី​អាជីវកម្ម​ផលិតផល​សហការ និង​សេវាកម្ម​របស់​ខ្លួន​ហើយ​បាន​ចាប់យក​អាជីវកម្ម​ផលិត​កុំព្យូទ័រ និង​ម៉ាស៊ីន​បោះពុម្ព​៕ KC