ក្រុងបាងកកៈ ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែឈើ​ស្រស់​ថៃ Malee Group Plc បាន​សម្រេច​កិច្ចព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​វៀតណាម​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​មហិច្ឆតា​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​អាហារ និង​ភេសជ្ជៈ​ជំនួយ​ដល់​សុខភាព​ខ្នាត​ពិភពលោក​នៅ​ឆ្នាំ​ ២០២១​។

លោក Roongchat Boonyarat ប្រធាន​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Malee បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​នឹង​ចំណាយ​ថវិកា​ ៣៣០ ​លាន​បាត (​ប្រហែល ១០ ​លាន​ដុល្លារ​) ដើម្បី​ទិញ​យក​ភាគហ៊ុន​ចំនួន ៦៥ ​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន Long Quan Safe food Join Stock Company (LQSF) នៅ​ប្រទេស​វៀតណាម​។

ក្រុមហ៊ុន Malee កំពុង​ពិចារណា​ពង្រីក​អាជីវកម្ម​នៅ​ប្រទេស​វៀតណាម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង និង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ខ្លាំង​។

មូលនិធិ​នេះ​នឹង​ទទួល​បាន​ពី​ទុន​បង្វិល​របស់​ក្រុមហ៊ុន និង​កម្ចី​ពី​ធនាគារ​។ ក្រុមហ៊ុន Malee រំពឹង​ថា​នឹង​បញ្ចប់​ប្រតិបត្តិការ​ទិញ​យក​ក្រុមហ៊ុន​នេះ​នៅ​ត្រីមាស​ទី​ ២ ​។


លោក Opas Lopansri អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រុមហ៊ុន Malee បាន​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​របស់​វៀតណាម​នេះ​នឹង​ជួយ​លើក​កម្ពស់​អត្ថប្រយោជន៍​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បម្រើ​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ទាប​នៅ​តំបន់​អាស៊ាន​ជាពិសេស​នៅ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។

LQSF ផលិត​កាហ្វេ ទឹក​ផ្លែឈើ​ស្រស់​ចម្រុះ តែ​បៃតង ទឹក​ពិសា ចាហួយ និង​ភេសជ្ជៈ​ផ្សេងៗ​៕ BP