បុរីញូវយ៉កៈ ក្រុមហ៊ុនអាកាស United Airlines កាលពីថ្ងៃពុធបានរាយការណ៍ថា ខ្លួនខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ ២០២០ ក្រោយកូវីដ១៩បានបំផ្លាញការធ្វើដំណើរ ប៉ុន្តែក្រុមហ៊ុននេះមើលឃើញការងើបឡើងវិញក្នុងផ្នែកនៅឆ្នាំ ២០២១ នេះ។
ក្រុមហ៊ុនបានរាយការណ៍នូវការខាតបង់ប្រចាំឆ្នាំចំនួន ៧,១ ពាន់លានដុល្លារប្រៀបធៀបផលចំណេញចំនួន ៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកបានឱ្យដឹងថា ខ្លួនរំពឹងឆ្នាំ ២០២១ ជាឆ្នាំផ្លាស់ប្តូរ ដោយអរគុណចំពោះវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដោយខ្លួនសន្យារកប្រាក់ចំណេញច្រើនជាងមុនកើតមានកូវីដត្រឹមឆ្នាំ ២០២៣។
ចំណូលសម្រាប់ឆ្នាំមុនបានធ្លាក់ចុះ ៦៤,៥ ភាគរយដល់ ១៥,៤ ពាន់លានដុល្លារ ជាទិន្នន័យដ៏អាក្រក់ចុងក្រោយ បន្ទាប់ពីការធ្វើដំណើរយឺតចាប់ពីខែមីនា នៅពេលការរឹតត្បិតដោយវីរុសកូរ៉ូណាដល់កម្រិតខ្ពស់ មុនងើបឡើងវិញផ្នែកខ្លះនៅចុងឆ្នាំនោះ។
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិកបានខាតបង់ច្រើនក្នុងឆ្នាំ ២០២០ ហើយដើម្បីកាត់បន្ថយចំណាយ ក្រុមហ៊ុនអាកាសចរណ៍បានបញ្ឈប់សេវាកម្មយន្តហោះ និងកាត់បន្ថយចំនួនបុគ្គលិកដោយក្នុងករណីខ្លះការឈប់ធ្វើឡើងតាមរយៈការផ្តល់អត្ថប្រយោជន៍ចូលនិវត្តន៍ស្ម័គ្រចិត្ត។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះក៏យកបំណុលច្រើនពាន់លានដុល្លារដើម្បីចាកចេញពីការធ្លាក់ចុះ។
លោក Scott Kirby នាយកប្រតិបត្តិនៃក្រុមហ៊ុននេះបាននិយាយថា ការឆ្លើយតបរបស់ក្រុមហ៊ុនចំពោះវិបត្តិមានប្រសិទ្ធភាពក្នុងការធ្វើឱ្យក្រុមហ៊ុនឈរជើងសម្រាប់ការដឹកជញ្ជូនរយៈពេលវែង ដោយសន្យាថា ក្រុមហ៊ុននេះនឹងងើបពីការធ្លាក់ចុះ «ប្រសើរជាង ខ្លាំងជាង និងមានប្រាក់ចំណេញច្រើនជាងមុន»៕ RR