ក្រោយ​ការ​បោះឆ្នោត​កម្ពុជា​ប្រឈម​កង្វះ​កម្លាំង​ពលកម្ម


7_story_1
កម្មករកំពុងធ្វើសាងសង់សំណង់លំនៅដ្ឋាន នៅរាជធានីភ្នំពេញ ហេង ជីវ័ន

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​សម្ដែង​ក្តី​កង្វល់​ទាក់ទង​នឹង​ផល​ប៉ះពាល់ សេដ្ឋកិច្ច​បណ្តាល​មក​ពី​ការ​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​មួយ​ចំនួន បន្ទាប់​ពី​ការ​បោះឆ្នោត។

លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​បន្ទាប់​ពី​ពិធី​ទទួល​ម៉ាស៊ីន​ស្កែន​កុងតឺន័រ​ចំនួន ៤ គ្រឿង តម្លៃ​ជិត ១៤ លាន​ដុល្លារ​ពី​ប្រទេស ចិន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កម្ពុជា​អាច​ជួប​ប្រទះ​បញ្ហា​កង្វះ​ពលករ​បំពេញ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ដែល​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ដែល​បក្ស​ទាំង​ពីរ​កំពុង​ប្រជែង​គ្នា​យក​ឈ្នះ។

លោក​បន្ត​ថា៖ «បញ្ហា​ដែល​លំបាក​នោះ​កើត​មក​ពី​អ្នក​លោភ​លន់​អំណាច​នាំ​ឲ្យ​មាន​ការ​កង្វល់​ពី​សំណាក់​បង​ប្អូន​តាំង​ពី​ធុរជន ក៏​ដូច​ក្មួយៗ​ជា​កម្មករ​កម្មការិនី។ វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​មាន​បញ្ហា​រអាក់​រអួល​ដោយ​សារ​ខ្វះ​ខាត​កម្លាំង​ពលករ​និង​វិស័យ​កសិកម្ម»។

ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា បញ្ហា​ខាង​លើ​ប្រហែល​ជា​មិន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ខឿន​សេដ្ឋកិច្ច ដែល​ពឹង​ផ្អែក​លើ​វិស័យ ៤ សំខាន់ៗ រួម​មាន កសិកម្ម ឧស្សាហកម្ម​កាត់ដេរ​នាំ​ចេញ សំណង់ និង​សេវាកម្ម​និង​ទេសចរណ៍​ទេ។

លោក​ថ្លែង​ថា៖ «យើង​បាន​គ្រោង​ធ្វើ​ជា​ចំណោល​នៃ​និន្នាការ​សេដ្ឋកិច្ច និង​ឃើញ​ថា យើង​នឹង​រក្សា​អ្វី​ដែល​ជា​សមិទ្ធផល​នៅ​ឆមាស​ទីមួយ ដែល​ថា កម្ពុជា​សម្រេច​បាន​សេដ្ឋកិច្ច ៧,៦ ភាគរយ​នៅ​ឆ្នាំ ២០១៣។ ខុស​ត្រូវ​បន្តិច​បន្តួច តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​សម្រេច​បាន​ជុំវិញ​នេះ»។

លោក​បន្ថែម​ថា៖ «យើង​ចាប់​ផ្តើម​នយោបាយ​ពិពិធកម្ម​សេដ្ឋកិច្ច។ ការ​ធ្វើ​ពិពិធកម្ម​គឺ​ក្នុង​វិស័យ​កសិកម្ម​នេះ​តែ​ម្តង»។

តាម​គេហទំព័រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សមាស​ធាតុ​នៃ​កំណើន​សេដ្ឋកិច្ច​សំខាន់​រួម​មាន ផ្នែក​កសិកម្ម​មាន​កំណើន ៤,២ ភាគរយ ក្នុង​នោះ​ដំណាំ​មាន​កំណើន ៤,១ ភាគរយ និង នេសាទ និង​វារី​វប្បកម្ម​មាន​កំណើន ៧,១ ភាគរយ វិស័យ​ឧស្សាហកម្ម​មាន​កំណើន ៩,៣ ភាគរយ ក្នុង​នោះ​ផ្នែក​កម្មន្តសាល​មាន​កំណើន ៧ ភាគរយ អគ្គិសនី ឧស្ម័ន និង​ទឹក​ស្អាត​មាន​កំណើន ៨,៥ ភាគរយ និង​វិស័យ​សំណង់​មាន​កំណើន ១៧,២ ភាគរយ។

លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) បាន​ឲ្យ​ដឹង​ថា គោល​នយោបាយ​នាំ​ចេញ​អង្ករ​ដែល​បាន​ដាក់​ចេញ​ក៏​បាន​រួម​ចំណែក​មួយ ចំនួន​ដល់​វិស័យ​សេដ្ឋកិច្ច រួម​មាន​ការ​នាំ​ចេញ​ក្នុង​តម្លៃ​ខ្ពស់ និង​ការ​បង្កើត​ការងារ។

លោក​បន្ត​ថា៖ «បញ្ហា​ដែល​លំបាក​គឺ​ស្រូវ​ចុះ​ថោក ហើយ​បើ​កាល​ណា​ស្រូវ​ចុះ​ថោក​ធ្វើ​ឲ្យ​តម្លៃ​គ្រប់​យ៉ាង​កើត​ចេញ​ពី​ស្រូវ​ចុះ​ថោក និង​ចុង​ក្រោយ​គឺ​វា​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់​កសិករ»។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​មិន​មាន​និរន្តរភាព​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លង​មក​បាន​ខ្ចី​បុល​បរទេស​យក​មក អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្មាន​គុណភាព ដូចជា​ការ​ខ្ចី​ចិន​ជាង ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​កើត​ចេញ​ពី​វិស័យ ឧស្សាហកម្ម និង ទេសចរណ៍ ព្រោះ​ទេសចរ​នឹង​មិន​មក​កម្ពុជា ហើយ​កម្មករ​កម្មការិនី​ភ័យ​ខ្លាច​មិន​មក​ធ្វើ​ការ​ដោយ​សារ​ភ័យ​ខ្លាច​ព្រោះ​ឃើញ​ការ​ចល័ត​កងទ័ព​ដ៏​ច្រើន​ដូច​សព្វ​ថ្ងៃ​នេះ៖ «ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​មាន​និរន្តរភាព​ទេ បើ​យើង​នៅ​តែ​ខ្ចី​លុយ​គេ​យក​មក​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្មាន​គុណភាព»៕

ព័ត៌មានថ្មីៗ