ដើម្បីបង្កើនសមត្ថភាពការងារគ្រប់គ្រង និងដំណើរប្រតិបត្ដិការប្រព័ន្ធសេវាដឹកជញ្ជូនរថយន្ដក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីចុងឆ្នាំ ២០១៤ ទីភ្នាក់ងារ JICA សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ (PPCA) បាននិងកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសមួយដែលមានឈ្មោះថា «គម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ» ហៅកាត់ថាគម្រោង PiBO ចាប់តាំងពីខែមករា ឆ្នាំ ២០១៧ កន្លងមក ដែលគម្រោងនេះត្រូវអនុវត្តរយៈពេល ៤ ឆ្នាំ។
ទន្ទឹមនឹងការអនុវត្តគម្រោងជំនួយសហប្រតិបត្តិការបច្ចេកទេស PiBO នេះ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជាជំនួយរថយន្ដក្រុងចំនួន ៨០ គ្រឿង ដល់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ (CBA) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០១៨។
បន្ទាប់ពីទទួលបានជំនួយរថយន្តក្រុងរបស់ជប៉ុន CBA បានពង្រីកសេវាកម្ម និងបណ្តាញខ្សែរថរថយន្តក្រុងរបស់ខ្លួនចាប់ពី ៣ ខ្សែក្នុងឆ្នាំ ២០១៦ រហូត ដល់ ១៣ ខ្សែក្នុងឆ្នាំ ២០១៨ នៅទូទាំងរាជធានីភ្នំពេញ។ នៅពេលដែលបណ្តាញខ្សែរថ និងសេវាកម្មមានភាពប្រសើរឡើងចំនួនអ្នកដំណើរក៏បានកើនឡើងយ៉ាងឆាប់រហ័សពី ៧ ០០០ នាក់/ថ្ងៃ ក្នុងឆ្នាំ ២០១៧ រហូតដល់ប្រមាណ ៣០ ០០០ នាក់/ថ្ងៃ ក្នុងឆ្នាំ ២០១៩។
ប៉ុន្តែនាដើមឆ្នាំ ២០២០ ដំណើរការសេវារថយន្តក្រុង និងគម្រោង PiBO បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសកលនៃជំងឺកូវីដ១៩។ បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគមួយនេះ PPCA និង CBA បានប្រកាសជាផ្លូវការឱ្យធ្វើការផ្អាកដំណើរការសេវាកម្មរថយន្តក្រុងសាធារណៈជាបណ្តោះអាសន្ន កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ។ ដោយសារបញ្ហាទាំងនេះ ទើបសកម្មភាពការងាររបស់គម្រោង PiBO ដែលបាននិងកំពុងអនុវត្តមួយចំនួនក៏ត្រូវបានផ្អាក។
ទោះបីជាមានការផ្អាកសេវាកម្ម និងបញ្ហាប្រឈមថ្មីៗដែលបណ្តាលមកពីការឆ្លងរាលដាលនៃមេរោគសកលនេះក៏ដោយ ក៏ក្រុមជំនាញការ JICA PiBO និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានរួមសហការគ្នារៀបចំផែនការប្រតិបត្ដិការ និងផែនការស្តារឡើងវិញរួមមានដូចជា ផែនការ MPRR (Mitigation Preparedness Response and Recovery) និងវិធានការនានាដើម្បីធានានូវសុវត្ថិភាពក៏ដូចជាសុខុមាលភាពក្នុងអំឡុងពេល និងក្រោយពេលរាតត្បាតនៃជំងឺកូវីដ១៩។
វិធានការទាំងនោះរួមមានការសម្អាត និងកម្ចាត់មេរោគនៅក្នុងរថយន្ត និងឧបករណ៍ប្រើប្រាស់ជាប្រចាំ ការរក្សាគម្លាតនៅលើរថយន្ដក្រុង ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីអនាម័យ និងវិធានការបង្ការជំងឺ ការផ្គត់ផ្គង់សម្ភារ និងឧបករណ៍បង្ការផ្សេងៗជាដើម។
វិធានការមួយចំនួនដែលបានរៀបរាប់ខាងលើនេះក៏ត្រូវបានផ្សព្វផ្សាយតាមរយៈអ្នកសារព័ត៌មាន និងហ្វេសប៊ុកផ្លូវការរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងផងដែរដើម្បីជួយរក្សាទំនុកចិត្តរបស់អ្នកដំណើរលើសេវាដឹកជញ្ជូនសាធារណៈក្នុងអំឡុងពេល និងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ។
គេរំពឹងថា ការរៀបចំផែនការប្រតិបត្ដិការ និងការស្តារឡើងវិញព្រមជាមួយនិងការបំពាក់ឧបករណ៍បង្ការនានា អាចឱ្យសេវារថយន្ដក្រុងចាប់ផ្តើមដំណើរការឡើងវិញនាចុងឆ្នាំ ២០២០ ខាងមុខនេះ៕
ក្រុមការងារ PiBO និងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃការិយាល័យ JICA ប្រចាំនៅកម្ពុជា