ភ្នំពេញៈ ក្រុមហ៊ុនរក្សាទ្រព្យសម្បត្តិជំនួស សេនត្រល ត្រាស ឯ.ក (Central Trust Co., Ltd) ដែលជាការបណ្តាក់ទុនរួមគ្នារវាងវិនិយោគិនខ្មែរ និងចិន បានសម្ពោធផលិតផលគម្រោងបរធនបាលកិច្ចលើអចលនទ្រព្យនៅកម្ពុជា ជាលើកដំបូងកាលពីសប្តាហ៍មុន។
ក្នុងកម្មវិធីសម្ពោធដែលរៀបចំនៅរាជធានីភ្នំពេញ លោក Ling Dong នាយកប្រតិបត្តិក្រុមហ៊ុន សេនត្រល ត្រាស បានប្រកាសនូវផលិតផលដ៏គួរឱ្យទុកចិត្តជាស៊េរីចំនួន ៥ រួមមាន ហ៊្វូណន ចេនឡា អង្គរ ខ្មែរ និងបាយ័ន។ ក្នុងនោះបរធនបាលកិច្ចលើអចលនទ្រព្យស៊េរី ហ៊្វូណន និងចេនឡា គឺជាផលិតផលបរធនបាលអចលនទ្រព្យដំបូងគេក្នុងប្រទេសកម្ពុជា។
លោក Dong បានឱ្យដឹងថា៖ «ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលកំពុងតែមានសក្តានុពល បានធ្វើឱ្យក្រុមហ៊ុនយកវិស័យអចលនទ្រព្យធ្វើជាគោល និងជាទ្រព្យសម្បត្តិស្នូលរបស់ខ្លួន»។
តំណាងក្រុមហ៊ុន ភីក ឃែភីថល មេនេម៉ិន ឯ.ក ដែលដៃគូសហការរបស់ក្រុមហ៊ុន សេនត្រល ត្រាស បានលើកឡើងក្នុងកម្មវិធីនេះថា៖ «ខ្ញុំសង្ឃឹមថា ផលិតផលទាំងអស់របស់ក្រុមហ៊ុនសេនត្រល ត្រាស ដែលបានរចនាយ៉ាងយកចិត្តទុកដាក់នឹងអាចដំណើរការបាននៅប្រទេសកម្ពុជា ហើយវានឹងនាំមកនូវសមិទ្ធផលបរធនបាលដែលកាន់តែប្រសើរឡើងដល់អតិថិជន»។
ជាមួយគ្នានេះ លោក Dong នាយកប្រតិបត្តិក្រុមហ៊ុន សេនត្រល ត្រាស ក៏បានចុះហត្ថលេខាលើលិខិតចំណាប់អារម្មណ៍ផលិតផល «បរធនបាលកិច្ចស៊េរីហ្វូណនបរធនបាលកិច្ចលើអចលនទ្រព្យ» ជាមួយនឹងតំណាងវិនិយោគិន ២ រូបផ្សេងទៀតផងដែរ។
លោកនិយាយថា៖ «តាមរយៈការចុះហត្ថលេខានេះ ភាគីទាំង ២ ជឿថា នឹងជួយលើកកម្ពស់សុវត្ថិភាពមូលនិធិក្រុមហ៊ុនរបស់អតិថិជន និងចែករំលែកភាគលាភដែលមានកំណើនខ្ពស់ ព្រមទាំងនាំមកនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាផងដែរ»។
នៅក្នុងជំនួបដាច់ដោយឡែកជាមួយលោក Dong កាលពីថ្ងៃទី ១៨ ខែមករា លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានលើកឡើងថា លោកសង្ឃឹមថា ក្រុមហ៊ុននឹងត្រូវបានទទួលស្គាល់ជាសាធារណៈកាន់តែច្រើន ហើយនឹងចូលរួមចំណែកអភិវឌ្ឍន៍បរធនបាលកិច្ចនៅកម្ពុជាឱ្យមានភាពរីកចម្រើនខ្លាំង។
លោកបានថ្លែងថា៖ «ជំហានបន្ទាប់ គណៈកម្មការមូលបត្រកម្ពុជានឹងអញ្ជើញស្ថាប័នហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណនៅកម្ពុជាឱ្យមកជួប និងសិក្សាស្វែងយល់ដើម្បីជំរុញឱ្យការអភិវឌ្ឍបរធនបាលកិច្ចនៅប្រទេសកម្ពុជាឱ្យមានលក្ខណៈស្តង់ដា»។
លោក Dong បានប្តេជ្ញាថា នឹងប្រកាន់ជំហរជានិច្ចជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រតិបត្ដិគម្រោងបរធនបាលកិច្ចឱ្យបានល្អ និងផ្តល់អត្ថប្រយោជន៍ពេញលេញក្នុងការអភិវឌ្ឍ និងស្ថាបនាបរធនបាលកិច្ចរបស់កម្ពុជាឱ្យកាន់តែប្រសើរ ដើម្បីរួមវិភាគទានកាន់តែច្រើនដល់បរធនបាលកិច្ចសេដ្ឋកិច្ច និងបរធនបាលកិច្ចក្នុងសង្គម។
ច្បាប់ស្តីពីបរធនបាលកិច្ចត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាឱ្យប្រើកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩។ ច្បាប់នេះបង្កើតឡើងនៅក្នុងគោលបំណងដើម្បីគ្រប់គ្រងមូលនិធិហិរញ្ញប្បទានដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
បរធនបាលកិច្ចត្រូវបានចែកជា ៤ ប្រភេទរួមមាន បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ នេះបើតាមច្បាប់ស្តីពីបរធនបាលកិច្ច៕ LA