កំពតៈ វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​បារាំង​បាន​វិនិយោគ​រួមគ្នា​តម្លៃ​ ១៨ ​លាន​ដុល្លារ​ ក្នុងការ​បង្កើត​គម្រោង​លំនៅឋាន​ទី​ ២ នៅ​ខេត្តកំពត​។

លោក ច្រឹក សុខនីម ជា​ភាគទុនិក​ក្នុងស្រុក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា គម្រោង​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Forest Hamony ​ដែលជា​គម្រោង​វិនិយោគ​រួមមួយ វិនិយោគ​ដោយ​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​បារាំង ដើម្បី​សាងសង់​វីឡា​ ៩០ ​យូនីត​ នៅលើ​ផ្ទៃដី​ ១៨ ​ហិកតា​ នៃ​ផ្ទៃដី​សរុប​ជាង​ ៩៧​ ហិកតា​ នៅ​ជិត​ក្រុង​កំពត​។


លោក​ឲ្យ​ដឹងថា ជាមួយ​នឹង​ភាព​ល្បី​របស់​ខេត្តកំពត​ដែល​ជា​ទិសដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​ធម្មជាតិ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​គម្រោង​ផ្ទះ​ទី​ ២ កំណត់​ទិសដៅ​សម្រាប់​ទាំង​ទេសចរ​ក្នុង​ស្រុក និង​បរទេស​ដែល​ចង់​មាន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​នៅក្នុង​ខេត្ត​នេះ សម្រាប់​ការសម្រាក​លម្ហែកាយ​នៅ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក​។ លោក​ថ្លែងថា​៖ «​យើង​បាន​បើក​លក់​កាលពី​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ដូចគ្នា​ដែល​យើង​ចាប់ផ្ដើម​ការសាងសង់ ហើយ​គិត​ត្រឹម​ពេលនេះ​ជាង​ ១០ ​ភាគរយ​ ត្រូវបាន​កក់​ទុក​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​»​។


លោក​បន្តថា​៖ «​ខ្ញុំ​មើលឃើញ​នៅពេល​នេះ​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគេ ដូច្នេះ​ពួកគេ​ចំណាយ​ច្រើន​លើ​ការឈប់​សម្រាក​នៅ​តាម​ទីកន្លែង​ជាច្រើន​នៅក្នុង​ប្រទេស​នានា ដូច្នេះ​វា​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ពួកយើង ក្នុង​ការចាប់ផ្ដើម​គម្រោង​លំនៅឋាន​ទី​ ២ លើកដំបូង​នៅ​ខេត្ត​កំពត​នៅក្នុង​ចំណោម​ទាំង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​បរទេស​»​។


លោក​ សុខនីម បាន​ឲ្យ​ដឹងថា​វីឡា​នីមួយៗ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ២៤ គុណ ៣០ ម៉ែត្រក្រឡា​ ដែល​មាន​សួនច្បារ ភោជនីយដ្ឋាន ទីលាន​បាល់ទាត់ ទីលាន​វាយ​កូន​បាល់ និង​កីឡា​កម្សាន្ត​ផ្សេងទៀត​។


លោក​បន្ត​គម្រោង​សាងសង់​វីឡា​នេះ​នឹងត្រូវ​បញ្ចាប់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។


លោក សយ ស៊ីណុល អភិបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ស្ថិត​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​សម្រាប់​មនុស្ស​ចូលនិវត្តន៍ និង​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ដែល​ចង់​ឈប់សម្រាក​ចុង​សប្ដាហ៍​។

លោក​បន្ថែមថា​៖ «​នឹងមាន​ការរួមចំណែក​ដ៏ល្អ​មួយ​សម្រាប់​ការទាក់ទាញ​របស់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​របស់ខ្ញុំ ដោយសារ​វា​ស្រប​ជាមួយ​នឹង​គោលនយោបាយ​របស់​យើង​ដែល​យើង​ចង់​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ទី​ ២ សម្រាប់​ប្រជាជន​វ័យចាស់ និង​ប្រជាជន​ចូលនិវត្តន៍​»​។

កម្ពុជា​ជា​កន្លែង​ដ៏ពេញនិយម​បំផុត​របស់​ជនបរទេស​ដែល​សុបិន​ចង់​រស់​នៅតាម​ជីវិត​ប្រណីត​បំផុត​នៅក្នុង​តម្លៃ​ទាប​។ នេះ​បើតាម​សន្ទស្សន៍​ចូលនិវត្តន៍​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​ការរស់នៅ​អន្តរជាតិ​ឆ្នាំ​ ២០១៩ ដែល​ចេញផ្សាយ​កាលពី​ខែកុម្ភៈ​៕LA