អង្គការសហប្រជាជាតិៈ ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចអាស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសចិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសកលកាលពីថ្ងៃចន្ទដើម្បីធ្វើនីតិកម្មលក់សព្វាវុធដែលត្រូវបានបដិសេធដោយសហរដ្ឋអាមេរិក។
ស្ថាប័ននីតិបញ្ញត្តិកំពូលនៃរដ្ឋកុម្មុយនីស្តបានបោះឆ្នោតគាំទ្រកាលពីចុងខែមិថុនា ដើម្បីចូលរួមសន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដើម្បីគ្រប់គ្រងលំហូរនៃសព្វាវុធទៅក្នុងតំបន់ដែលមានជម្លោះ។
លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការចុះហត្ថលេខានេះបង្ហាញថា ដំណោះស្រាយ និងភាពស្មោះត្រង់របស់ចិនក្នុងការរក្សារបបគ្រប់គ្រងអាវុធជាអន្តរជាតិ គាំទ្រពហុភាគីនិយម និងធ្វើឲ្យសហគមន៍កាន់តែរឹងមាំជាមួយការចែករំលែកអនាគតសម្រាប់មនុស្សជាតិ»។
សេចក្តីថ្លែងការណ៍បន្ថែមថាទីក្រុងប៉េកាំងអនុញ្ញាតការនាំចេញអាវុធទៅកាន់តែរដ្ឋអធិបតេយ្យប៉ុណ្ណោះ។
ចិនជាប្រទេសផលិតសព្វាវុធធំបំផុតលំដាប់ទី ២ ក្នុងពិភពលោកបានប្រកាសកាលពីថ្ងៃទី ២២ ខែមិថុនាថា ខ្លួននឹងចូលរួមជាមួយសន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធដែលមានរដ្ឋជាសមាជិក ១៧០ នាពេលបច្ចុប្បន្ន។
អនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៣ សន្ធិសញ្ញាតម្រូវឲ្យរដ្ឋជាសមាជិករក្សាការកត់ត្រានៃការផ្ទេរសព្វាវុធជាអន្តរជាតិ និងទប់ស្កាត់ការនាំចេញឆ្លងព្រំដែនដែលអាចត្រូវបានប្រើប្រាស់រំលោភសិទ្ធិមនុស្ស។
សព្វាវុធរាប់ចាប់ពីកាំភ្លើងដៃរហូតដល់មីស៊ីល យន្តហោះ និង កប៉ាល់ចម្បាំង។
សហរដ្ឋអាមេរិកមិនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធឆ្នាំ ២០១៣ នោះឡើយ បន្ទាប់ពីអតីតប្រធានាធិបតី Barack Obama យល់ព្រមរួចមក ហើយលោក ត្រាំ បាននិយាយថា លោកនឹងលុបចោលការចុះហត្ថលេខារបស់ប្រធានាធិបតីមុន។
វាស្ថិតនៅក្នុងចំណោមកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនដែលធ្វើឡើងក្រោមរដ្ឋបាលលោក Obama ដែលលោក ត្រាំ បដិសេធ៕ RR