ទីក្រុងប៉េកាំងៈ អាជ្ញាធរ​ចិន​នឹង​បន្ធូរបន្ថយ​ការគ្រប់គ្រង​ការឆ្លង​ដែន​ចូល​ប្រទេស​ចិន សម្រាប់​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​អឺរ៉ុប​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ជាច្រើន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ថា រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ប្រទេស​ចិន​ (CAAC) ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុង​ស្រុក​ និង​បរទេស​ដាក់​ពាក្យសុំ​ការហោះហើរ​តាម​តម្រូវការ​ «green channels» សម្រាប់​ការហោះហើរ​លក្ខណៈ​ជួល (chartered flights) ​ទៅកាន់​អាកាសយានដ្ឋាន​ប្រទេស​ចិន​។


ប្រទេស​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ហោះហើរ​ទៅកាន់​ប្រទេស​ចិន​មាន​ប្រទេស​សិង្ហបុរី ជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និង ប្រទេស​ស្វ៊ីស​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។


យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ CAAC ប្រតិបត្តិករ​ហោះហើរ​អាចដាក់​ពាក្យ​ទៅ​កាន់​បញ្ញត្តិករ​ផ្លូវអាកាស​នៅ​ថ្នាក់​ខេត្ត​ដើម្បី​ដឹក​អ្នកដំណើរ​តាម​ការជួល​។


នៅពេល​ប្រទេស​ចិន​ ប៉ុនប៉ង​ដើម្បី​ត្រួតពិនិត្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​រាំងស្ទះ​ដោយសារ​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ប្រទេស​ចិន ​ត្រូវការ​អ្នកជំនាញ​ និង​កម្មករ​ជំនាញ​ដូចជា​នៅក្នុង​ក្រុមហ៊ុន​បរទេស​ ឬ​ក្រុមហ៊ុន​ចូល​ទុន​គ្នា ដើម្បី​បន្តការងារ​ឡើងវិញ​។


ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ ១ ​ដែល​បង្កើត​ «green channel» ជាមួយ​ប្រទេស​ចិន​កាលពី​ដើមខែ​នេះ​។ អ្នកដំណើរ​ធុរកិច្ច​របស់​កូរ៉េ​ត្រូវបាន​អនុញ្ញាត ឲ្យ​ធ្វើដំណើរ​ទៅកាន់​តំបន់​ចំនួន​ ១០ រួមទាំង​ទីក្រុង​សៀងហៃ Tianjin និង Chongqing បន្ទាប់ពី​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​បឋម និង​ការធ្វើ​ចត្តាឡីស័ក​។


កម្មករ​ជំនាញ​កូរ៉េ​ជាង​ ២០០ ​នាក់​ជា​ក្រុម​ទី​ ១ ​ត្រឡប់​ទៅកាន់​ទីក្រុង​ Tianjin កាលពី​ថ្ងៃទី​ ១០ ​ខែ​ឧសភា ដើម្បី​បន្ត​ការងារ​នៅ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Samsung ដែល​ភាគច្រើន​ផលិត​សម្ភារ​អេឡិចត្រូនិក​។

មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី​បាន​ជជែក​ជាមួយ​សមភាគី​ចិន​ដើម្បី​ចាប់ផ្តើម​បង្កើត​ឡើងវិញ​ចំពោះ​ការធ្វើដំណើរ​ចាំបាច់​នានា ហើយ​សេចក្តី​ប្រកាស​រំពឹង​ចេញ​ឆាប់​។

ប្រទេស​សិង្ហបុរី​ ក៏បាន​ជជែក​ជាមួយ​អូស្ត្រាលី កាណាដា នូវែលសេឡង់ និងកូរ៉េខាងត្បូង ដើម្បី​បង្កើត​ឡើងវិញ​នូវ​ដំណើរ​ឆ្លងដែន​សំខាន់ៗ​។

កាលពី​ថ្ងៃ​ពុធ​លោក Li Jian នាយករង CAAC បាន​និយាយ​ថា អាជ្ញាធរ​នឹង​ពិចារណា​បង្កើន​ចំនួន​ជើងហោះហើរ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​។

ចិន​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ដល់​ជនបរទេស​រួមទាំង​អ្នក​ដែល​កាន់​លិខិតអនុញ្ញាត​ការងារ​មាន​សុពលភាព​កាលពី​ចុងខែ​មីនា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការនាំ​វីរុស​ចូលទៅក្នុង​ប្រទេស​។

ចិន​ក៏​បាន​កាត់បន្ថយ​ចំនួន​នៃ​ការហោះហើរ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ ហោះហើរ​តែ​ ១ ​លើក​ចូល និង​ចេញ​ប្រទេស​ចិន​ក្នុង ​១ ​សប្តាហ៍​។

ចាប់តាំងពី​ពេលនោះ​មក​អាកាសចរណ៍​សិង្ហបុរី​ដែល​ភ្ជាប់​ការហោះហើរ​សំខាន់​ទៅកាន់​ប្រទេស​ចិន​ បាន​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ប្រចាំ​សប្តាហ៍​ពី​សិង្ហបុរី​ទៅ​ទីក្រុង​ស៊ាងហៃ ខណៈ​ដែល​អាកាសចរណ៍ Silk Air ហោះហើរ​ទៅ​និង​មក​ទីក្រុង Chongqing ១ ​ជើង​ក្នុង​ ១ សប្តាហ៍​។​Straitstimes/RR