ភ្នំពេញៈ ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ ២០២០ មានប្រមាណជាង ១ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៨០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍។
របាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ ២០២០ ដែលចេញផ្សាយនាថ្ងៃចន្ទនេះ បង្ហាញថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍នៅកម្ពុជាដោយប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០២០ មានត្រឹម ១,០២៣ ពាន់លានដុល្លារធ្លាក់ចុះ ៧៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៤,៩១៩ ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរអន្តរជាតិមកប្រទេសកម្ពុជាមានចំនួន ១,៣១ លាននាក់ ថយចុះ ៨០,២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦,៦១ លាននាក់។
ការធ្លាក់ចុះដ៏គំហុកនេះបានធ្វើឱ្យចំនួនទឹកប្រាក់ដែលវិស័យទេសចរណ៍នៅកម្ពុជាចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២០ មានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០១៩ មានប្រមាណ ១២,១ ភាគរយ។
ជាមួយនឹងការធ្លាក់ចុះដ៏គំហុកនេះ របាយការណ៍បានបញ្ជាក់ថា៖ «វិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើការអភិវឌ្ឍរបស់ពិភពលោកលើគ្រប់វិស័យ ដោយឡែកវិស័យទេសចរណ៍កម្ពុជាត្រូវរង់ចាំរយៈពេលពី ៣-៥ ឆ្នាំ ទើបអាចស្តារមកស្ថានការណ៍ដូចដើមវិញ។ ប៉ុន្តែប្រសិនបើបរិការណ៍ជំងឺកូវីដ១៩ នៅអូសបន្លាយនោះ វាអាចត្រូវរង់ចាំរយៈពេលរហូតដល់ ៧ ឆ្នាំ»។
យោងតាមក្រសួងទេសចរណ៍ បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល ទេសចរអន្តរជាតិនឹងមានអត្រាកំណើនយឺតក្រោមទម្រង់ជាអក្សរ «U»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យទេសចរណ៍អន្តរជាតិនៅគ្រប់ប្រទេសលើពិភពលោក រួមទាំងកម្ពុជានឹងមិនអាចស្ទុះឡើងវិញលឿនទេ ព្រោះក្រៅពីទំនុកចិត្តទៅលើសុវត្ថិភាពសុខភាពរាងកាយ និងផ្លូវចិត្តពេលធ្វើដំណើរ បញ្ហាសេដ្ឋកិច្ចសម្រាប់ភ្ញៀវទេសចរក៏មិនទាន់រឹងមាំបានភ្លាមៗទេ។ លោកស្រីបន្តថា សម្រាប់កម្ពុជា វិស័យនេះនឹងមានភាពល្អប្រសើរដូចឆ្នាំ ២០១៩ វិញ គេត្រូវការពេលយ៉ាងតិច ៥ ឆ្នាំ។
លោកស្រីថ្លែងថា៖ «វិស័យទេសចរណ៍កម្ពុជា ត្រូវការរយៈពេលយ៉ាងតិច ៥ ឆ្នាំទៀត ដើម្បីអាចមានភាពរឹងមាំល្អដូចមុនពេលមានវិបត្តិនៃការឆ្លងរាលដាលកូវីដ១៩»។
ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ៤,៩១៩ លានដុល្លារកើនឡើង ១២,៤ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៤,៣៧ លានដុល្លារ។ នេះបើតាមក្រសួងទេសចរណ៍។
សម្រាប់ឆ្នាំ ២០២១ នេះក្រសួងទេសចរណ៍បានព្យាករណ៍ថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាបន្តនូវអត្រាកំណើនអវិជ្ជមានប្រមាណចន្លោះពី -៦០ ទៅ -៧០ ភាគរយ៕