ចំណូល FACEBOOK ទាប​ជាង​ចំនួន​ប្រើប្រាស់​កើន​ខ្ពស់

Content image - Phnom Penh Post
លោក Alex Schultz អនុប្រធាន​ផ្នែក​វិភាគ​នៃ​ក្រុមហ៊ុន FACEBOOK​។ AFP

ទីក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​បាន​ចូល​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន ខណៈ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បណ្ដាញ​សង្គម​ធំជាងគេ​របស់​ពិភពលោក​មួយ​នេះ​ពឹង​ផ្អែកលើ​។

ការហៅ​ជា​សារ​សំឡេង និង​វីដេអូ​អនឡាញ​នៅក្នុង​កម្មវិធី Messenger និង​កម្មវិធី WhatsApp ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Facebook បាន​កើនឡើង​ជាង​ ២ ​ដង​ដែលជា​ការកើនឡើង​ដ៏ច្រើន​ដោយ​កូវីដ​ ១៩​។ យោងតាម​ការបង្ហោះ​ដោយ​លោក Alex Schultz អនុប្រធាន​ផ្នែក​វិភាគ និង​លោក Jay Parikh អនុប្រធាន​ផ្នែក​វិស្វកម្ម​។

លោក Parikh និង លោក Schultz បាន​ឲ្យ​ដឹងថា​៖ «​ដោយសារ​តែ​ការរីក​រាលដាល​កើនឡើង ហើយ​ប្រជាជន​កាន់តែ​ច្រើន​អនុវត្ត​ការ​នៅ​ឆ្ងាយ​ពីគ្នា​នេះ ក៏​មានន័យ​ថា ប្រជាជន​កាន់តែ​ច្រើន​ឡើងៗ​កំពុង​ប្រើប្រាស់​កម្មវិធី​របស់​យើង​»​។

បើ​យោងតាម​ក្រុមមន្ដ្រី​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​ការកើនឡើង​ខ្លាំង​នៃ​ការប្រើប្រាស់​នេះ​មាននៅក្នុង​សេវា​ការផ្ញើ​សារ​ដោយ​មិន​គិត​ប្រាក់​របស់​ក្រុមហ៊ុន Facebook ដែល​មិន​រកប្រាក់​ចំណូល​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​។

លោក Parikh និង​លោក Schultz បាន​បន្តថា​៖ «​យើង​មិន​រកប្រាក់​បាន​ពី​ប្រើប្រាស់​សេវាកម្ម​ច្រើន​ដែល​យើង​កំពុង​មើលឃើញ​ការចូលរួម​កាន់តែ​ច្រើន​នោះទេ ហើយ​យើង​បាន​មើលឃើញ​ការចុះ​ខ្សោយ​អាជីវកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​យើង​នៅក្នុង​ប្រទេស​ជាច្រើន​ដែល​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​កាត់បន្ថយ​ការរីករាលដាល​កូវីដ​ ១៩»​។

ពួកគេ​បាន​បន្ថែមថា ការប្រើប្រាស់​កើនឡើង​នៅក្នុង​សេវាកម្ម «​គ្រួសារ​» នៃ​ក្រុមហ៊ុន Facebook និង​ទូទាំង​ឧស្សាហកម្ម​អ៊ីនធឺណិត​មិន​ធ្លាប់មាន​នោះទេ​។

ក្រុមហ៊ុន Facebook ដែលមាន​អ្នកប្រើប្រាស់​ជាង​ ២ ​ពាន់​លាន​នាក់​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ដែល​រំពឹង​ថា មាន​អ្នកមើល​ច្រើន​ដោយសារ​តែ​វិបត្តិ​នេះ​ដែល​បាន​ផ្លាស់ប្តូរ​ទម្លាប់​អតិថិជន​ជាច្រើន​ និង​អនឡាញ​រួចហើយ​។

ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​ត្រូវបាន​រំពឹងថា​ទទួលផល​ប៉ះពាល់​ដោយ​ការរីករាលដាល​នេះ ខណៈ​យុទ្ធនាការ​ទីផ្សារ​ជាច្រើន​ត្រូវ​បាន​កាត់បន្ថយ និង​ការកំណត់​ទិសដៅ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​ភាពចលាចល​។

ក្រុមហ៊ុន Twitter កាលពី​ថ្ងៃ​ចន្ទ​បាន​កាត់បន្ថយ​ការរំពឹងទុក​ប្រាក់ចំណេញ​របស់ខ្លួន​សម្រាប់​ត្រីមាស​បច្ចុប្បន្ន​ដែល​លើកឡើង​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​លើ​ប្រាក់ចំណូល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ទោះបី​ជា​សេវាកម្ម​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការសន្ទនា​អំពី​វិបត្តិ​នេះ​។

ក្រុមហ៊ុន Twitter បាន​ដកចេញ​ការព្យាករ​កាលពី​លើក​មុន សម្រាប់​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ហើយ​នៅពេល​នេះ​រំពឹងថា នឹង​មាន​ការខាតបង់​ប្រតិបត្តិការ​ស្រប​ជាមួយ​ការធ្លាក់ចុះ​ប្រាក់ចំណូល​៕ LA