ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ពិភពលោក​កើនឡើង ៤ ​ភាគរយ ​នៅ​ឆមាស​ទី​ ១

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិះទូក​កម្សាន្ត​នៅក្នុង​ទន្លេ​សែន​នាទី​ក្រុង​ប៉ារីស​។ រូបថត AFP

ក្រុងម៉ាឌ្រីដៈ អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ (UNWTO) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​កើនឡើង ៤ ​ភាគរយ​ នៅ​ឆមាស​ទី ១ ឆ្នាំ​ ២០១៩ ប៉ុន្តែ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ភាពមិន​ប្រាកដប្រជា​នៃ​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) អាច​រារាំង​កំណើន​នេះ​។

ស្ថាប័ន​ធ្វើការងារ​ផ្នែក​ទេសចរណ៍​របស់​អង្គការ​សហប្រជាជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ទិសដៅ​កម្សាន្ត​នៅ​ទូទាំង​ពិភពលោក​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស ៦៧១ លាន​នាក់ ​នៅ​ចន្លោះ​ខែ​មករា និង​ខែ​មិថុនា​កើនឡើង​ជិត ៣០ ​លាន​នាក់​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា កំណើន​នៃ​ការមក​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ «​សេដ្ឋកិច្ច​រឹងមាំ ការធ្វើដំណើរ​ផ្លូវអាកាស​មាន​តម្លៃ​ទាប កំណើន​ការតភ្ជាប់​ផ្លូវអាកាស និង​ការលើកកម្ពស់​ការជួយ​សម្រួល​ទិដ្ឋាការ​»​។

ប៉ុន្តែ​អង្គការ​នេះ​បាន​ព្រមាន​ថា «​ភាពមិន​ច្បាស់លាស់​ដែល​អូសបន្លាយ​ពេល​» ទាក់ទង​នឹង​ការចាកចេញ​នៅពេល​ខាងមុខ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប សូចនាករ​សេដ្ឋកិច្ច​កាន់តែ​ចុះខ្សោយ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​ «​បានចាប់ផ្ដើម​ប៉ះពាល់​ដល់​ទំនុកចិត្ត​ពាណិជ្ជកម្ម និង​អតិថិជន​»​។

តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាស៊ី​បាន​បង្ហាញ​កំណើន​ទេសចរ​ខ្លាំង​ជាង​គេ​។

តំបន់​មជ្ឈិមបូព៌ា​បាន​មើល​ឃើញ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៨ ​ភាគរយ​ដែល​មួយផ្នែក​ដោយសារ​តែ​ការកើនឡើង​តម្រូវការ​ក្នុង​អំឡុង​ខែ​ដ៏ពិសិដ្ឋ​នៃ​បុណ្យ​រ៉ាម៉ាដន​របស់​ជនជាតិ​មូស្លីម​ដែល​ឆ្នាំនេះ​បាន​ធ្វើ​ឡើង​ចំ​ខែ​ឧសភា​ព្រម​ទាំង​ក្នុងអំឡុង​ថ្ងៃ​ឈប់​សម្រាក​សាសនា Eid al-Fitr កាលពី​ខែមិថុនា​។

ការមកដល់​ភ្ញៀវទេសចរ​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បាន​កើនឡើង ៦ ​ភាគរយ​ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មកពី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ពិភពលោក​។

ប៉ុន្តែ​ទីភ្នាក់ងារ​មួយ​នេះ​បាន​ព្រមាន​ថា ការចំណាយ​របស់​ប្រជាជន​ចិន​លើ​ការធ្វើដំណើរ​អន្តរជាតិ​បាន​ធ្លាក់ចុះ ៤ ​ភាគរយ​ ក្នុង​លក្ខខណ្ឌ​ពិត (in real terms) ក្នុង​អំឡុង​ត្រីមាស​ទី​ ១​។

ទីភ្នាក់ងារ​នេះ​បន្ថែមថា​៖ «​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ព្រមទាំង​ការធ្លាក់​ថ្លៃ​បន្តិច​របស់​ប្រាក់យន់ អាច​មាន​ឥទ្ធិពល​លើ​ជម្រើស​ទិសដៅ​កម្សាន្ត​របស់​ក្រុម​អ្នកដំណើរ​ជនជាតិ​ចិន​នៅក្នុង​រយៈពេល​ខ្លី​»​។

ការមកដល់​របស់​ភ្ញៀវ​ទេសចរ​ជារួម​នៅ​អឺរ៉ុប​ដែល​ជា​តំបន់​ទស្សនា​ច្រើន​បំផុត​របស់​ពិភពលោក​បាន​កើនឡើង ៤ ​ភាគរយ​ ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ក្នុង​តំបន់ និង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក Easter ដ៏មមាញឹក​។

សម្រាប់​ឆ្នាំ ២០១៩ ទាំងមូល អង្គការ UNWTO បាន​ព្យាករ​ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ពី ៣ ទៅ ៤ ភាគរយ​ ស្រប​ជាមួយ​នឹង​និន្នាការ​ដែល​កើតមាន​កាលពី​អតីតកាល​បន្ទាប់ពី​ការកើនឡើង ៦ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨ និង ៧ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៧៕ LA