ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នឹង​ជួយ​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត និង​ទប់ស្កាត់​ការធ្វើ​ធុរកិច្ច​មិន​សុចរិត​នៅ​កម្ពុជា​។

ការយល់ឃើញ​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការផ្សព្វផ្សាយ និង​ការរៀបចំ​ផែនការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​កាលពី​ថ្ងៃទី​ ២៦ ខែ ​វិច្ឆិកា ឆ្នាំ​ ២០២០ ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។


ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ត្រូវបាន​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​ ០២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ប៉ុន្តែ​ច្បាប់​នេះ​មិនទាន់​បាន​អនុវត្ត​ឱ្យបាន​ពេញលេញ​នៅឡើយ​ទេ​។


លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ការទទួលស្គាល់​ពី​តួនាទី​ដ៏សំខាន់​ក្នុង​កិច្ចការពារ​អ្នក​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​មិនមែន​ជា​ការដាក់​បន្ទុក​ដល់​ធុរជន​នោះទេ ផ្ទុយទៅវិញ​វា​ជាការ​ទទួលខុស​ត្រូវ​ចំពោះ​កិច្ចការពារ​អ្នកប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វា​នឹង​ផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​ការធ្វើ​ធុរកិច្ច​ឱ្យទទួល​បាន​ការគាំទ្រ និង​ភាពជឿជាក់​កាន់តែ​ខ្លាំង​ពី​អ្នកប្រើប្រាស់​។


លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ច្បាប់​នេះ​នឹង​ជួយ​ការពារ​អ្នកប្រើប្រាស់​ទាំងអស់​ដែល​ចំណាយលុយ​ទៅ​ទិញ​ទំនិញ​ដោយ​ទទួលបាន​ទំនិញ​មាន​គុណភាព​ល្អ និង​មាន​សុវត្ថិភាព​សម្រាប់​ប្រជាជន​យើង​»​។


លោក​បន្ថែមទៀតថា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា គឺជា​បទដ្ឋាន​គតិយុត្ត​ដ៏មាន​សារៈសំខាន់​ដែល​រួមចំណែក​ធ្វើឱ្យ​សង្គម​មាន​សុខដុម​នីយកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ប្រកប​ដោយ​ចីរភាព​។ ច្បាប់​នេះ​ក៏​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​សកលលោក​ឱ្យ​កាន់តែ​ជិតស្និទ្ធ​មួយកម្រិត​ទៀត​។


លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា​នៅពេល​ច្បាប់​នេះ​អនុវត្ត​ពេញលេញ វា​នឹង​ជួយ​សម្រួល​ដល់​កិច្ចការងារ​ប្រកួតប្រជែង និង​ការពារ​អ្នកប្រើប្រាស់​ដែលជា​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ពី​ការ​ឆបោក​ផ្សេងៗ​»​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​មាន ១១ ​ជំពូក និង ៥១ ​មាត្រា​មាន​គោលបំណង​ធានា​ការពារ​អ្នកប្រើប្រាស់ និង​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។

ប្រធាន​ក្រុម​សម្រាប់​គម្រោង​អាស៊ាន​របស់ GIZ នៅ​កម្ពុជា​លោក Frank Jattke បានឱ្យដឹងថា គម្រោង​ក្នុង​តំបន់​ «​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ាន​» ដែល​ហៅថា កិច្ចការពារ​គឺ​មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​អ្នកប្រើប្រាស់​នៅក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការគាំទ្រ​ទាំង​ក្នុង​កម្រិត​តំបន់ និង​ថ្នាក់ជាតិ​។

លោក​បន្តថា នេះ​រួម​បញ្ជូល​ទាំង​ការផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន ច្បាប់ និង​យន្តការ​ដោះស្រាយ​ជម្លោះ​។

លោក​និយាយថា​៖ «​យើង​មក​ទីនេះ ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​នៃ​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា និង​អាស៊ាន​។ អ្នកនឹង​យល់​ពី​ទិដ្ឋភាព​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា និង​បទប្បញ្ញត្តិ​ពាក់​ពន្ធ ក៏​ដូចជា​ការអភិវឌ្ឍ​របស់​ខ្លួន​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។ វប្បធម៌​គាំទ្រ​អតិថិជន​តាមរយៈ​ការចូលរួម​ពី​សាធារណជន និង​ឯកជន​គឺជា​ផ្នែក​មួយ​នៃ​វិធីសាស្ត្រ​របស់​យើង​»​។

លោក Frank បាន​ឱ្យដឹង​ទៀតថា អ្វីដែល​សំខាន់​នោះ​គឺ​អ្នកនឹង​មាន​ឱកាស​បាន​ពិភាក្សា​ពី​កង្វល់​របស់​អ្នកប្រើប្រាស់​សំខាន់ៗ​នៅ​កម្ពុជា ហើយ​ធាតុចូល​ពី​ការពិភាក្សា​នេះ​នឹង​ផ្តល់នូវ​ការយល់ដឹង​សំខាន់ៗ​ស្តីពី​ការពង្រឹង​យន្តការ​ជាតិ​ដែលជា​ឧបករណ៍​ជំរុញ​ការអនុវត្ត​ច្បាប់​ការពារ​អតិថិជន​នៅ​កម្ពុជា​។

លោក ម៉ៅ ថូរ៉ា បានឱ្យដឹងថា ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​អាចអនុវត្ត​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ អាស្រ័យ​លើក​ត្តា​ជាច្រើន ក្នុង​នោះ​ការជំរុញ​ការយល់ដឹង​ពី​សិទ្ធិ​របស់​អ្នកប្រើប្រាស់​តាមរយៈ​ការបង្កើត​សមាគម​អ្នក​ប្រើប្រាស់​តាម​វិស័យ ដើម្បី​ទទួល​បាន​ការការពារ និង​ផលប្រយោជន៍​នានា គឺជា​កត្តា​មិនអាច​ខ្វះ​បាន ហើយ​ត្រូវបាន​អនុញ្ញាត និង​ចែង​យ៉ាងច្បាស់​នៅក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

លោក​និយាយថា​៖ «​នៅពេល​ច្បាប់​នេះ​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ អ្នកប្រើប្រាស់​អាច​ប្តឹង​ទៅ​តុលាការ​តាមរយៈ​សមាគម​របស់​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​»៕ LA