ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទិញយក​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ហ្គ្រេន ភ្នំពេញ​ក្នុង​តម្លៃ​មិន​ត្រូវបាន​បញ្ចេញ​មួយ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ ហ្គ្រេន ភ្នំពេញ ដែល​បាន​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៩​។

សេចក្តីប្រកាស​បាន​ឲ្យ​ដឹងថា ហ្គ្រេន ភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ដែល​ជា​ម្ចាស់​លើ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ហ្គ្រេន ភ្នំពេញ បាន​សម្រេច​លក់​អចលនទ្រព្យ និង​សិទ្ធិ​គ្រប់គ្រង​អាជីវកម្ម​ទាំងអស់​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន ជីប ម៉ុង លែន ខូ អិលធីឌី ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប​។


សេចក្តី​ជូនដំណឹង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​​ថ្ងៃទី​ ១៧ ខែ​តុលា ត្រូវបាន​ចុះហត្ថលេខា​ដោយ​អ្នកស្រី ម៉ៅ ម៉ាល័យ ជា​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ីនធើណេសិនណល​។


សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ​បានរៀបចំ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី គឺ​ក្រុមហ៊ុន ជីប ម៉ុង លែន ខូអិលធីឌី ដែល​តំណាង​ដោយ លោក​ឧកញ៉ា លាង ឃុន និង​លោក​ឧកញ៉ា លាង ម៉េង ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​លិខិត​ជូន​ដំណឹង​នេះ​តទៅ​»​។


ហ្គ្រេន ភ្នំពេញ គឺជា​ក្រុង​រណប​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី ២៦០ ​ហិកតា​ ក្នុង​ខណ្ឌ​ឫស្សីកែវ​។


ពី​ពេល​ដំបូង​គម្រោង​នេះ​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក YLP Group Co., Ltd ជាមួយ​ក្រុមហ៊ុន Indonesia''s Ciputra Group លើ​ទុនវិនិយោគ​ដំបូង​ចំនួន ៦០០ ​លាន​ដុល្លារ​។


បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​សាងសង់​លំនៅឋាន និង​តំបន់​កម្សាន្ត​មួយ​ចំនួន គម្រោង​នេះ​មិន​បាន​ធ្វើការ​អភិវឌ្ឍ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​រហូត​មក​ទល់​ពេលបច្ចុប្បន្ន​។

ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង ក្រុមហ៊ុន ជីប ម៉ុង លែន នឹង​អភិវឌ្ឍ​អចលនទ្រព្យ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​រស់នៅ​មួយ​ដ៏ល្អ​ដោយ​នឹង​មាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប​ខ្នាត​ធំ​ និង​អភិវឌ្ឍ​បន្ថែម​លើ​អ្វី​ដែល​កំពុង​មាន​ស្រាប់​​នៅ​ទីនោះ​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​នឹង​ធ្វើការ​អភិវឌ្ឍ​លំនៅឋាន​ដែល​មាន​គុណភាព​ខ្ពស់ ទាន់សម័យ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ដោយ​ប្រើប្រាស់​ជំនាញ និង​បទពិសោធ​ដែល​ក្រុមហ៊ុន ជីប ម៉ុង លែន មាន​ក្នុង​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​នាពេល​កន្លងមក​»​។

ទោះយ៉ាងណា​តម្លៃ​នៃ​ការទិញ​សិទ្ធិ​គ្រប់គ្រង​បន្ត​នេះ​មិន​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​នោះទេ​។ ចំណែក​រយៈពេល​អភិវឌ្ឍន៍​បន្ត​នេះ ក៏​មិន​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​នោះដែរ​។

បច្ចុប្បន្ន ជីប គ្រុប ម៉ុង លែន ខូអិលធីឌី គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ​ធំៗ និង​លំនៅឋាន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​មាន​អាជីវកម្ម​ជាច្រើន ដូចជា រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា រោងចក្រ​ផលិត​ស៊ីម៉ងត៍ ក្រុមហ៊ុន​នាំចូល​សម្ភារ​សំណង់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ធនាគារ​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​គម្រោង​នេះ​ដោយ​ប្រាប់ថា លោក​មិនទាន់​មាន​ព័ត៌មាន​លម្អិត​៕