ភ្នំពេញៈ ការចំណាយ​របស់​ប្រជាជន​ខ្មែរ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចិន-វៀតណាម នៅ​ឆ្នាំនេះ​ត្រូវបាន​រំពឹងថា​នឹង​មិនមាន​កំណើន​ច្រើន​នោះឡើយ ខណៈ​ក្រុមអាជីវករ​លក់​ទំនិញ​មួយចំនួន​បាន​ត្អូញត្អែរថា ការលក់​មិនមាន​កំណើន​ដូច​ឆ្នាំមុន​ទេ​ត្រឹម​ថ្ងៃ​ម្សិលមិញ​។

អាជីវករ​លក់​ផ្កា​អង្គាសីល​ ១ ​កន្លែង​ តាម​បណ្តោយ​មហាវិថី​ហាណូយ អ្នកស្រី ចាន់ សំអាត បាន​និយាយថា ការលក់​ផ្កា​អង្គាសីល​ក្នុងឆ្នាំ​នេះ​មិនសូវ​ដាច់​ទេ ដោយ​រយៈពេល​ ៤ ​ថ្ងៃ​កន្លង​មក​នេះ​ការ​លក់បាន​ធ្លាក់ចុះ​ជាង​ ១០ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំទៅ​។ អ្នកស្រី​បាន​អះអាង​ថា​៖ «​តាម​សម្ទុះ​នៃ​ការលក់ ខ្ញុំ​គិតថា​ការលក់​របស់​ខ្ញុំ​នៅ​ឆ្នាំនេះ​នឹង​មិន​មាន​កំណើន​ទេ ហើយ​អាច​ខាតបង់​ទៀតផង​»​។


ជាមួយ​នឹង​បទពិសោធ​លក់​ផ្កា​អង្គាសីល​ជិត​ ១០ ​ឆ្នាំ និង​តែង​ទៅ​ប្រមូល​ទិញ​ដោយផ្ទាល់​ពី​ប្រជាជន​កាប់​ដើម​ផ្កា​អង្គាសីល​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី សំអាត បាន​និយាយ​ថា​ការលក់​ផ្កា​អង្គាសីល​មិន​សូវ​ដាច់​នៅពេល​នេះ​អាច​បណ្តាល​មកពី​កត្តា​ចម្បង​ ២ គឺ​ជីវភាព​ប្រជាជន និង​ការកើនឡើង​នៃ​ចំនួន​អ្នកលក់​។


អ្នកស្រី ចក់ ស៊ីណា អ្នកលក់​ផ្កា​អង្គាសីល​ដែល​ស្ថិត​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី បាន​និយាយ​ថា​នេះ​ជា​ឆ្នាំ​ទី​ ២ ដែល​គាត់​លក់​ដើម​ផ្កា​អង្គាសីល​។ ការលក់​ក្នុងឆ្នាំ​នេះ​ស្ងប់ស្ងាត់​ណាស់ ទោះបី​ជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​សល់​តែ​ ៣ ​ថ្ងៃ​ទៀត​ក៏ដោយ​។ លោកស្រី​បន្តថា ការលក់​ផ្កា​អង្គាសីល​ឆ្នាំនេះ​មិន​សូវ​ទទួល​បាន​ប្រាក់ចំណេញ​ទេ ហើយ​ផ្កា​អង្គាសីល​ឆ្នាំនេះ​ក៏​ឆាប់​រីក​ដែរ​។ អ្នកស្រី​និយាយ​ថា​៖ «​លក់​មិនសូវ​ដាច់​ហើយ​ផ្កា​ក៏​ឆាប់​រីក​លឿន​មុន​ចូលឆ្នាំ​ទៀត​»​។


លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់ថា តម្រូវការ​សាច់ជ្រូក មាន់ និង​ទា​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល ២-៣ ​ថ្ងៃ​ចុងក្រោយ​នេះ​មិន​មាន​សញ្ញា​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ទេ ពិសេស​សាច់ជ្រូក​។ លោក​បន្តថា​តម្រូវការ​សាច់ជ្រូក​មាន​កំណើន​ទាប​ជាងគេ ព្រោះ​បច្ចុប្បន្ន​សាច់ជ្រូក​មាន​តម្លៃ​ខ្ពស់​រហូត​ដល់ ២៥ ០០០ ​រៀល​ក្នុង ១ ​គីឡូក្រាម​។ ចំណែក​សត្វ​មាន់ និង​ទា​អាច​មាន​កំណើន​ខ្លះ​។


លោក​និយាយថា​៖ «​តាម​ការព្យាករ​តម្រូវការ​សាច់​ជ្រូក មាន់ និង​ទា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​នឹង​មិន​កើន​ច្រើន​ទេ ព្រោះ​តាម​ការសង្កេត ការចំណាយ​របស់​ប្រជាជន​ក៏​មិន​មាន​ចំនួន​ច្រើន​ដែរ​»​។


លោក តាំង ម៉េងគា អ្នក​ចែកចាយ​បន្ត និង​លក់​សាច់ជ្រូក​នៅ​ផ្សារ​អូរឫស្សី បាន​និយាយ​ថា​តម្លៃ​សាច់ជ្រូក​ខ្ពស់​អាច​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ការលក់​សាច់ជ្រូក​របស់​គាត់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម មិនមាន​កំណើន​ខ្ពស់​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា​។ លោក​បន្តថា តម្លៃ​ខ្ពស់​នេះ​គឺ​មិនមែន​ទើបតែ​កើត​មាន​ក្នុងពេល​ថ្មីៗ​នេះ​ទេ តែ​វា​មាន​កើនឡើង​ចាប់​តាំងពី​មាន​ការផ្ទុះ​ជំងឺ​ប៉េស្ត​អាហ្វ្រិក​មក​ម្ល៉េះ​។

បើ​តាម​លោក ម៉េងគា គិត​ត្រឹម​ថ្ងៃ​អង្គារ ជ្រូក​រស់​មាន​តម្លៃ​ក្នុង​រង្វង់ ១២ ០០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ចំណែក​ជ្រូក​សាច់​មាន​តម្លៃ ២២ ០០០-២៥ ០០០ ​រៀល​។

ដោយសារ​ប្រវត្តិសាស្ត្រ និង​ទំនៀមទម្លាប់​ប្រជាជន​ខ្មែរ​មាន​ការជាប់​ទាក់ទង​យ៉ាងច្រើន​ជាមួយ​ជនជាតិ​ចិន​នោះ ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម ​តែង​ត្រូវបាន​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ដូចគ្នា​ទៅនឹង​ប្រទេស​ ចិន​ ដែរ​។ បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥-២៧ ខែ​មករា​ចុង​សប្តាហ៍​នេះ​។

អ្នកស្រី សុខ ចាន់ ដែល​មាន​ជាប់​សែស្រឡាយ​ជនជាតិ​ចិន រស់នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្កាមន បាន​និយាយ​ថា ចូលឆ្នាំ​ចិន​ខាងមុខ​ផ្ទះ​អ្នកស្រី​មិនមាន​ធ្វើ​ពិធី​អ្វី​ធំដុំ​នោះ​ទេ ដោយ​គ្រាន់តែ​រៀបចំ​ធ្វើ​ម្ហូប​ដាក់​សែន​ជីដូន ជីតា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ការរៀបចំ​សែន​គឺ​ធ្វើតាម​ទម្លាប់​ដែល​បានឃើញ​ត​ពី​ម្តាយ​របស់​អ្នកស្រី​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​ធ្វើ​អ្វី​ច្រើន​ទេ​ក្នុង​ឆ្នាំ​នេះ ព្រោះ​ប្រាក់ចំណូល​គឺ​មិន​សម្បូរ​នោះទេ​»៕LA