សិង្ហបុរីៈ តម្លៃប្រេងបន្តហក់ឡើងទៀតនៅថ្ងៃអង្គារដែលជាចម្ងាយនៃក្តីសង្ឃឹមថ្មីថ្មោងចំពោះកិច្ចប្រជុំដែលដឹកនាំដោយអង្គការប្រទេសផលិតប្រេង OPEC នៅសប្តាហ៍នេះ ដែលទំនងឈានដល់កិច្ចព្រមព្រៀងដើម្បីកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការដែលជន់លិចទីផ្សារ។
តម្លៃបានធ្លាក់ចុះយ៉ាងរហ័សចាប់តាំងពីក្តីរំពឹងចំពោះកិច្ចព្រមព្រៀងភ្លាមៗដើម្បីកាត់បន្ថយកម្រិតផលិតកម្មដែលបានជាប់គាំង ប៉ុន្តែការត្រៀមប្រជុំជាថ្មីនៅថ្ងៃព្រហស្បតិ៍នៃប្រទេសផលិតប្រេងឆៅសំខាន់ៗបានផ្តល់ទំនុកចិត្តឡើងវិញ។
សន្ទស្សន៍ប្រេងឆៅម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៣,៨៣ ភាគរយដល់ ២៧,០៨ ដុល្លារក្នុង ១ បារ៉ែលក្នុងការជួញដូរនៅពេលព្រឹកក្នុងទីផ្សាររបស់អាស៊ី។
សន្ទស្សន៍តម្លៃប្រេងឆៅអន្តរជាតិ ម៉ាក Brent ជួញដូរក្នុងតម្លៃកើនឡើង ២,៨១ ភាគរយដែលមានតម្លៃ ៣៣,៩៨ ដុល្លារក្នុង ១ បារ៉ែល។
តម្លៃប្រេងឆៅបានធ្លាក់ចុះដល់កំណត់ត្រាទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំកាលពីសប្តាហ៍កន្លងទៅនេះពេលទីផ្សារធ្លាក់ចុះដោយការផ្គត់ផ្គង់ច្រើនលើសចំនួនដែលកើតចេញពីសង្គ្រាមតម្លៃប្រេងរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ដែលជំរុញបង្កើនផលិតកម្មកាន់តែខ្លាំង។
ធនាគារ ANZ បាននិយាយក្នុងកំណត់សម្គាល់ថា៖ «តម្លៃប្រសើរឡើងវិញចេញពីការខាតបង់កាលពីលើកមុនពេលរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតស្នើថា ពួកគេស្ម័គ្រចិត្តកាត់បន្ថយផលិតកម្ម ប៉ុន្តែប្រសិនបើប្រទេសទាំងអស់ក្នុងពិភពលោកធ្វើតាមដែរ»។
ធនាគារនេះបន្ថែមថា ប៉ុន្តែជាមួយឧបការីរដ្ឋមន្ត្រីថាមពលអាមេរិកលោក Dan Brouillette បានជួបពិភាក្សាជាមួយប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត «ទីផ្សារនៅតែមានសង្ឃឹមចំពោះដំណោះស្រាយខ្លះនៃកិច្ចព្រមព្រៀង»។
OPEC ជាអង្គការនៃប្រទេសនាំចេញប្រេងដែលមានប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសផលិតប្រេងធំបំផុត ខណៈរុស្ស៊ីមិនមែនជាសមាជិករបស់អង្គការ OPEC ទេ។
លោក Stephen Innes អ្នកយុទ្ធសាស្ត្រទីផ្សារសកលនៃក្រុមហ៊ុន AxiCorp និយាយថា៖ «នៅចុងបញ្ចប់មានក្តីសង្ឃឹមដែលថា ប្រមុខដឹកនាំកាន់តែត្រជាក់ ហើយអ្នកផលិតទាំងឡាយនឹងរួបរួមគ្នាឡើងវិញ ហើយកំណត់រូបមន្តឆ្លើយតបដែលដាក់រាល់បញ្ហាក្រោមតម្លៃប្រេង»។ RR