សិង្ហបុរីៈ តម្លៃ​ប្រេង​ធ្លាក់ចុះ​វិញ​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​កិច្ចប្រជុំ​ ដើម្បី​ពិភាក្សា​បន្ថយ​ផលិតកម្ម​ប្រេង​រវាង​ប្រទេស​ជា​សមាជិក​អង្គការ​ OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ត្រូវបាន​ពន្យារ​ដែល​ធ្វើឲ្យ​ស្រអាប់​ចំពោះ​ក្តីសង្ឃឹម​នៃ​ការកាត់បន្ថយ​ផលិតកម្ម​ដើម្បី​គាំទ្រ​ដល់​ទីផ្សារ​ប្រេង​ដែល​ធ្លាក់ចុះ​បណ្តាលមកពី​វីរុស​កូរ៉ូណា​។

សន្ទស្សន៍​តម្លៃ​ប្រេង​ឆៅ​ម៉ាក West Texas Intermediate (WTI) របស់​អាមេរិក បាន​ធ្លាក់ចុះ​វិញ​ចំនួន​ ៨ ​ភាគរយ​នៅពេល​បើក​ការជួញដូរ​ក្នុង​ទីផ្សារ​អាស៊ី ប៉ុន្តែ​បាន​ស្ទុះ​ងើប​វិញ​ខ្លះ ហើយ​កំពុង​ជួញដូរ​ក្នុងតម្លៃ​ទាប​ជាង​ ៥,៧ ​ភាគរយ​នៅត្រឹម​ ២៦,៧២ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។


សន្ទស្សន៍​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ម៉ាក Brent បាន​ធ្លាក់ចុះ​ ៤,៣ ​ភាគរយ​ដោយ​ជួញដូរ​ត្រឹម​តម្លៃ​ ៣២,៦៤ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។


តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិនដែល​ប្រទះ​ជាច្រើន​ឆ្នាំ ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា និង សង្គ្រាម​តម្លៃ​រវាង​មហាអំណាច​ប្រេង​ទាំង​ ២ ​គឺ​រុស្ស៊ី និង​អារ៉ាប៊ី សាអ៊ូឌីត​ដែលជា​តួអង្គ​សំខាន់​នៅក្នុង​អង្គការ OPEC​។


ការបិទ​អាជីវកម្ម​ការរឹតត្បិត​ការធ្វើដំណើរ និង​វិធានការ​ដទៃ​បាន​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការរាលដាល​វីរុស​បាន​ប៉ះពាល់​តម្រូវការ​យ៉ាង​អាក្រក់​។


តម្លៃ​បាន​ងើបឡើង​វិញ​ពី​កម្រិត​ទាប​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ទីក្រុង​រីយ៉ាដ និង​ទីក្រុង​ម៉ូស្គូ​នឹង​បញ្ចប់​ជម្លោះ​របស់​ពួកគេ ហើយ​យល់ព្រម​កាត់បន្ថយ​ផលិតកម្ម​ច្រើន​។


ប៉ុន្តែ​ក្រុមអ្នកវិភាគ​នៅតែ​ងឿងឆ្ងល់​អំពី​ដំណោះស្រាយ​ភ្លាមៗ និង​ការសង្ស័យ​កាន់តែ​កើនឡើង ពេល​ដែល​កិច្ចប្រជុំ​រវាង OPEC និង សម្ព័ន្ធមិត្ត​ខ្លួន​រួមមាន​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ពន្យារ​ពេលនោះ​។

រដ្ឋាភិបាល​នៃ​ប្រទេស Azerbaijan ​ដែល​សម្បូរ​ធនធាន​ប្រេង​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ថា ពួកគេ​បាន​រំពឹង​ចំពោះ​កិច្ចប្រជុំ​ធ្វើឡើង​តាមរយៈ​សន្និសីទ​វីដេអូ ដើម្បី​ពិភាក្សា​អំពី​ការកាត់​ផលិតកម្ម​ប្រេង​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​កិច្ចប្រជុំ​នោះ​ត្រូវបាន​ពន្យារ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។

លោក ត្រាំ បាន​ធ្វើឲ្យ​អ្នកវិនិយោគ​មាន​ការភ្ញាក់ផ្អើល​កាលពី​សប្តាហ៍​កន្លងទៅ ដោយ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម tweeter ថា​៖ «​ខ្ញុំ​រំពឹង​ និង​សង្ឃឹមថា ទីក្រុង​រីយ៉ាដ​ និង​ទីក្រុង​ម៉ូស្គូ​នឹង​កាត់បន្ថយ​ផលិតកម្ម​ប្រហែល​ ១០ ​លាន​បារ៉ែល និង​ប្រហែល​ច្រើនជាង​នេះ​។

កាលពី​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​មុន​ទីក្រុង​ម៉ូស្គូ​បាន​និយាយថា ខ្លួន​ត្រៀម​ពិភាក្សា​ដើម្បី​កាត់បន្ថយ​ចំនួន​ប្រហែល​ ១០ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។

ប៉ុន្តែ​លោក Stephen Innes ប្រធាន​យុទ្ធសាស្ត្រ​ទីផ្សារ​សកល​នៃ​ក្រុមហ៊ុន AxiCorp ឲ្យ​ដឹងថា អ្នកជំនួញ​នៅតែ​ងឿងឆ្ងល់​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​ដែល​នឹងមាន​ក្នុង​ពេល​ខាងមុខ​ហើយ​ប្រសិនបើ​មាន​មែន វា​នឹង​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​អ្នកផ្គត់ផ្គង់​ប្រេង​ទាំងនោះ​»៕ RR