តម្លៃ​ជ្រូករស់​ចាប់ផ្តើម​ឡើង​ថ្លៃ​ពេល​ការ​នាំចូល​ត្រូវ​បន្ថយ


130819_12b
ជ្រូកដែលកសិករចិញ្ចឹមជាលក្ខណៈគ្រួសារនៅស្វាយរៀង រ៉ាន់ រើយ

ភ្នំពេញៈ តម្លៃ​ជ្រូករស់​ក្នុង​ស្រុក​បាន​ចាប់ផ្តើម​កើនឡើង​ ចាប់​តាំងពី​ដើម​ខែ​សីហា ​ដោយសារ​ការ​នាំ​ចូល​ពី​វៀតណាម​ត្រូវ​បាន​កាត់បន្ថយ​។ បើ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ​ម្ចាស់​កសិដ្ឋាន​ធំ​ៗ​បាន​ឲ្យ​ដឹង​ថា តម្លៃ​នេះ​អាច​នឹង​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ណា​មួយ​ ដោយសារ​ទីផ្សារ​កម្ពុជា​ ពឹងផ្អែក​លើ​ប្រទេស​ជិត​ខាង​។

លោក​ លី ​ឡាវីល ​នាយកកសិដ្ឋាន​ចិញ្ចឹម​ជ្រូក ​ក្រុមហ៊ុន​ម៉ុងឫទ្ធី​គ្រុប ​បាន​ឲ្យ​ដឹង ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ​តម្លៃ​ជ្រូករស់​បាន​ហក់​ឡើង​ពី​ជាង ​៨០០០ ​រៀល ​រហូត​ដល់ ​៩៥០០ ​រៀល ​ក្នុង​មួយ​គីឡូក្រាម​។

លោក​ បញ្ជាក់​ថា ​ការ​ឡើង​ថ្លៃ​ជ្រូករស់​នេះ ​ដោយសារ​តម្រូវការ​សាច់ជ្រូក ​ពី​ប្រទេស​ចិន​កើនឡើង​ ដែល​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវ​បង្វែរ​ការ​នាំ​ចូល​ទៅ​ចិន និង​កាត់បន្ថយ​ការ​នាំ​ចូល​មក​កម្ពុជា​។​

លោក​បន្ត​ថា ​តម្លៃ​កើនឡើង​នៅ​ថៃ​ក៏​ជំរុញ​ទីផ្សារ​ជ្រូក​ឡើង​ថ្លៃ​ផង​ដែរ​។ មូលហេតុ​ខ្លះ​ទៀត​អាច​បណ្តាល​មកពី​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ​ព្រោះ ​កសិករ​ដែល​ធ្លាប់​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​បោះបង់​ការ​ចិញ្ចឹម​ក្នុង​អំឡុង​ពេល​ជ្រូក​ធ្លាក់​ថ្លៃ​ហើយ​ឈ្មួញ​ដែល​ធ្លាប់​នាំ​ចូល​ច្រើន​ពី​ប្រទេស​វៀតណាម​ក៏​កាត់​បន្ថយ​ការ​នាំ​ចូល​ក្រោយ​ថ្ងៃ​បោះឆ្នោត​។

លោក​បន្ត​ថា​៖​«​ក្រោយ​ការ​បោះឆ្នោត​ឈ្មួញ​នាំ​ចូល​មិន​ស្រូវ​នាំ​ចូល ​ព្រោះ ​បន្ទាប់​ពី ​ការ​បោះឆោ្នត​ ស្ថានការណ៍​ហាក់​មាន​ភាពរញ៉េរញ៉ៃ​បន្តិច​ដែល​ធ្វើឲ្យ​អ្នក​នាំចូល​មាន​ក្តីបារម្ភ​។ ដូចនេះ​ ការ​បោះឆោ្នត​រួច​ភ្លាម​ការ​នាំចូល​បាន​ធ្លាក់​ចុះ​ស្រប​ពេល​ជ្រូក​នៅ​វៀតណាម​ឡើង​ថ្លៃ​ភ្លាម​ៗ​ ព្រោះ​មាន​តម្រូវការ​នៅ​ចិន​»​។

​លោក​បន្ថែម​ថា កសិដ្ឋាន​លោក​បន្ត​ការ​លក់​ជា​មធ្យម​ចន្លោះ​ពី ​៤ ​ពាន់​ទៅ​ ៥ ​ពាន់​ក្បាល​ក្នុង​មួយ​ខែ​។

ការ​ពឹងផ្អែក​លើ​ទីផ្សារ​ក្រៅ​ប្រទេស​ បាន​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​គ្មាន​ស្ថិរភាព​។ ​ពេល​មាន​ការ​នាំចូល​ច្រើន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ធ្វើឲ្យ​កសិករ​បាក់​ទឹកចិត្ត​លែង​ចង់​ចិញ្ចឹម​ ប៉ុន្តែ ​ពេល​ការ​នាំចូល​ពី​ខាង​ក្រៅ​ត្រូវ​បាន​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជួប​បញ្ហា​។ បច្ចុប្បន្ន​កសិករ​ក្នុង​ស្រុក​ភាគច្រើន​បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក ​ដោយសារ​តែ​មាន​នាំ​ចូល​ដោយ​គ្មាន​ការ​គ្រប់គ្រង​ធ្វើ​តម្លៃ​ធ្លាក់​ចុះ​។

លោក ​លី ​ឡាវីល​ គិត​ថា ​តម្លៃ​នេះ​វា​សមរម្យ​ណាស់​សម្រាប់​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​តែ​វា​មិន​អាច​ស្ថិតស្ថេរ​បាន​នោះ​ទេ ​ព្រោះ​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ការ​នាំ​ចូល​ជ្រូករស់​។​ ក្នុង​មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ កម្ពុជា​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​មួយ​គត់​ដោយសារ​ជ្រូក​វៀតណាម​ចុះ​ថោក​។​

លោក​បន្ថែម​ថា​៖​«​តែ​ពេល​នេះ​ចិន​ចាប់​ផ្តើម​ស៊ី​សាច់ជ្រូក​ពី​វៀតណាម​វិញ​។ ​ប្រទេស​ចិន ​នេះ​សាហាវ​ណាស់​កាល​វា​ប្រើប្រាស់​របស់​អ្នក​ណា​ហើយ​របស់​ប្រទេស​នោះ​ដឹង​ឡើង​ថ្លៃ​តែ​ម្តង​។​ ចិន​ស៊ី​តែ​មួយ​ប្រ៉ាវ​ទេ​ជ្រូក​នឹង​អស់​រលីង​ពី​ប្រទេស​វៀតណាម​»​។

លោក​បន្ថែម​ថា​៖​«​តម្លៃ​ស្រុក​គេ​ចុះ​ថោក​យើង​ត្រូវ​តែ​ចុះ​ថោក​តែ​បើ​គេ​ឡើង​ថ្លៃ​យើង​ក៏​មាន​ឱកាស​ឡើង​តាម​គេ​មួយ​ចំនួន​ផង​ដែរ​។ ​ប្រទេស​វៀតណាម​ផលិត​បាន​ច្រើន​ណាស់​បើ​ចិន​នៅ​បន្ត​ប្រើប្រាស់​របស់​វៀតណាម​តម្លៃ​នៅ​កម្ពុជា​ក៏​បន្ត​ខ្ពស់​បាន​យូរ​ដែរ​»។

លោក​ ស្រ៊ុន ​ពៅ ​ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា និង​ជា​ម្ចាស់​កសិដ្ឋាន​ដែល​ចិញ្ចឹម​ជ្រូក​លក់​ចេញ​ប្រមាណ​ ២០០ ​ក្បាល​ក្នុង​មួយ​ខែ​បាន​ឯកភាព​នឹង​ហេតុផល​ដែល​បាន​លើក​ឡើង​នោះ​។

លោក​បន្ថែម​ថា​ អ្នក​ចិញ្ចឹម​រីករាយ​ជាមួយ​តម្លៃ​ចុង​ក្រោយ​នេះ​ ព្រោះ​គាត់​អាច​រក​ប្រាក់​កម្រៃ​បាន​ចំណេញ​ខ្លះ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ឲ្យ​កសិករ​អាច​មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​។​ លោក​លើក​ឡើង​ថា​ កសិករ ​យ៉ាង​ហោច​ណាស់​ ៧០ ​ភាគរយ ​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​។

ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​មាន​ត្រឹម​តែ​៨០០​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បរិមាណ​ជាក់ស្តែង​អាច​មាន​ច្រើន​ជាង​ពាន់​ក្បាល​។

លោក​ប៉ាន់​ចាន់ថេត​ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូករស់​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ទោះ​បី​តម្លៃ​បាន​ឡើង​ថ្លៃ​តែ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​នៅ​តែ​មាន​ចំនួន​មួយ​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​ៗ​។​លោក​បន្ត​ថា​៖​«​បើ​តម្លៃ​ទៅ​ថ្ងៃ​មុខ​ប្រែប្រួល​វា​ក៏​មិន​ប្រែប្រួល​ច្រើន​ដែរ​»៕

ព័ត៌មានថ្មីៗ