តម្លៃ​អង្ករ​នាំ​ចេញ​​​កម្ពុជា​ធ្លាក់​ចុះ


130826_12
អង្ករលក់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក តម្លៃអង្ករនាំចេញធ្លាក់ចុះប្រហែលជាពីរខែរហើយគិតមកដល់ពេលនេះ

ភ្នំពេញៈ តម្លៃ​អង្ករ​នាំ​ចេញ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ពីរខែ ចុង​ក្រោយ​នេះ ដែល​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ធ្លាក់​ចុះ​ផង​ដែរ។

លោក លឹម ប៊ុន​ហេង ​ប្រធាន​ក្រុមហ៊ុន​ឡូរ៉ង់​ គ្រុប ​ដែល​វិនិយោគ​លើ​ម៉ាស៊ី​កិន​ស្រូវ និង​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​បាន​ធ្លាក់​​ចុះ​ប្រមាណ ៤០ ដុល្លារ​ក្នុង​មួយ​តោន។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ តម្លៃ​អង្ករ​ក្រអូប​ធ្លាក់​ចុះ​ពី​ ​៩៨០ ដុល្លារ​ក្នុង​មួយ​តោន​មក​នៅ​ត្រឹម ៩៤០ ដុល្លារ រីឯ​អង្ករ​ចម្រុះ​ធ្លាក់​ថ្លៃ​ពី​ ៤៨០ ដុល្លារ​មក​នៅ​ចន្លោះ ៤៤០ ទៅ ៤៥០​ដុល្លារ។

លោកកត់​សម្គាល់​ឃើញ​ថា ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​តម្លៃ​នៅ​ទីផ្សារ​ប្រទេស​ជិត​ខាង​មាន ការ​ប្រែ​ប្រួល​ខ្លាំង ពិសេស​ប្រទេស​ថៃ​ដែល​​ព្យាយាម​បញ្ចេញ​ស្រូវ​ ២០ លាន​តោន ដែល​ខ្លួន​បាន​ទិញ​ស្តុក​រយៈ​ពេល​មួយ​ឆ្នាំ ឬ ២ ឆ្នាំ​កន្លង​ទៅ។ លោក​ថ្លែងថា៖​ «ទីផ្សារ​ស្រូវ​ស្រុក​យើង​ធ្លាក់​ក្រោយ​គេ​ទេ ហើយ​ទីផ្សារ​យើង​ដើរ​តាម​តែ​ស្រុក​គេ​ទេ។ ទីផ្សារ​ស្រូវ​យើង​ក្នុង​ប្រទេស​យើង មិន​មាន​ឈ្មួញ​ថៃ​ចូល​មក​ទិញ​ទៀត​ទេ ព្រោះ​ថៃ​កំពុង​​រក​ឱកាស​បញ្ចេញ​ស្រូវ​ពី​ក្នុង​ឃ្លាំង​របស់​ខ្លួន​មក វិញ»។

លោក​បន្ត​ថា ​ស្រូវ​​ក្រអូប​ស្ងួត​បាន​ធ្លាក់​ថ្លៃ ពី ១៧០០ រៀល មក​នៅ​ចន្លោះ ១៤៨០ ឬ​ ១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ខែ​មុន។

លោក ​ភូ ​ពុយ ប្រធាន​សម្ព័ន្ធ​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បៃតង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​លក់​​អង្ករ​ទៅ​កាន់​ទីផ្សារ​​បរទេស​ពី​កម្ពុជា​មិន​ទាន់​មាន​តម្លៃ ព្រម​ព្រៀង​គ្នា​ក្នុង​ផ្ទៃ​ក្នុង​ប្រទេស​នៅ​ឡើយ​ទេ ​ដោយ​តម្លៃ​ខុស​គ្នា​ពី​រោង​ម៉ាស៊ីន​មួយ​ទៅ​រោង​ម៉ាស៊ីន​ផ្សេង​ទៀត ឬ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុម​​ហ៊ុន​ផ្សេង​ទៀត។

លោក​សង្កេតឃើញថា តម្លៃ​អង្ករ​ក្រអូប​ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​នោះ​ទេ គឺ​ស្ថិត​ក្នុង​រង្វង់ ៩៣០ ដុល្លារ ឬ ៩៤០ ដុល្លារ​ក្នុង​មួយ​តោន។ លោក​បន្ត​ថា៖ «ខ្ញុំគិត​ថា​តម្លៃ​អង្ករ​ក្រអូប​នឹង​មិន​ធ្លាក់​ច្រើន​ទេ តែ​​តម្លៃ​​អង្ករ​អ៊ីអ៊ែរ ឬ​អង្ករ​ចម្រុះ​បាន​ធ្លាក់​ខ្លាំង​»។

កាលពី​ដើម​ខែ​កក្កដា ​ក្រុមហ៊ុន​នេះ បាន​ចុះ​កិច្ច​សន្យា​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ ក្រអូប​ក្នុង​បរិមាណ ៣០០០ តោន​ដោយ​មាន​តម្លៃ ១០២០ ដុល្លារ​ក្នុង​មួយ​តោន​ទៅ​ឲ្យ​រដ្ឋាភិបាល ប្រទេស​ប្រ៊ុយណេ។ លោក​បន្ត​ថា ​តម្លៃ​ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​នឹង​មិន​ប្រែ​ប្រួល​ទៅ​តាម​ទីផ្សារ​នោះ​ទេ។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល ៧ ខែ ឆ្នាំ ២០១៣ បាន​កើន​ឡើង​ជាង ១១០ ភាគរយ ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ ដោយ​កើន​ឡើង​ពី ៩៨ ៥៣៤ តោន​ដល់ ២០៧ ៣៧០​តោន។ នេះ​​តាម​តួលេខ​នាំ​ចេញ​របស់​លេខាធិ​ការ​ដ្ឋាន​ច្រក​ចេញ​ចូល​តែ​សម្រាប់ បំពេញ​បែប​បទ​នាំ​អង្ករ​ចេញ។

លោក សុន ​គន្ធរ​ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​ផ្តល់​កម្ចី​ផ្តោត​ទៅ​លើ វិស័យ​កសិកម្ម​និយាយ​ថា ធនាគារ​អភិវឌ្ឍន៍​ជនបទ​​មាន​ទុន​ប្រមាណ ៦០ លាន​ដុល្លារ​សម្រាប់ ផ្តល់​ឲ្យ​​រោង​ម៉ាស៊ីន​​កិន​ស្រូវ​ខ្ចី​ទៅ​ធ្វើ​ជា​ទុន​បង្វិល​ទិញ ស្រូវ​យក​មក​កែ​ច្នៃ​​អង្ករ​នាំ​ចេញ។

លោក​សង្កេត​​ឃើញ​ថា ​តម្លៃ​​ស្រូវ​ចម្រុះ​កំពុង​ប្រឈម​ការ​​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ​ហើយ​ការ​លក់​ទៅ​ទីផ្សារ​ខាង​ក្រៅ​មិន​ចេញ​ទៀតផង​សម្រាប់​ប្រភេទ​អង្ករ ចម្រុះ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​នាំ​ចេញ។

លោកបន្តថា៖ «តម្លៃ​អាស្រ័យ​ទៅ​លើ​ទី​ផ្សារ​អន្តរជាតិ កត្តា​ខាង​​ក្រៅ​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ក្នុង​ស្រុក​ រីឯ​កត្តា​ខាង​ក្នុង​មិន​មាន​ទេ។ ​ឥឡូវ​នេះ​​អង្ករ​ស ​ឬ​អង្ករ​ចម្រុះ​នេះ​ធ្លាក់​​ថ្លៃ​ដោយសារ​រោង​ម៉ាស៊ីន​ទិញ​មក​​ស្ទះ ​លក់​មិន​ចេញ។ ​តែ​អង្ករ​ក្រអូប​មិន​សូវ​ឃើញ​​មាន​បញ្ហា​ទេ»៕

ព័ត៌មានថ្មីៗ