ក្រុង​វ៉ាស៊ីនតោនៈ មន្ដ្រី​របស់​ប្រទេស ​តួកគី បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃ​ពុធ​ថា​ ទីក្រុង​អង់ការ៉ា បាន​បញ្ឈប់​ការ​នាំចូល​ប្រេង​ពី​​​អ៊ីរ៉ង់​ចាប់​តាំង​ពី​ដើម​ខែ ​ឧសភា ដោយ​ «គោរព​» ​តាម​ការ​ដាក់​ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​មួយ​នេះ។

មន្ដ្រី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Yavuz Selim Kiran អនុ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ប្រទេស ​តួកគី ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​​ថា៖ «ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ដ្រ» របស់​អាមេរិក «​យើង​គោរព» ​ការ​ដាក់​​ទណ្ឌកម្ម​នេះ ។


ចាប់​តាំង​ពី​ការ​ដក​ខ្លួន​ចេញ​ពី​​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ប្រទេស ​អ៊ីរ៉ង់ ​រយៈពេល​មួយ​​​​ឆ្នាំ​កន្លង​មក ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​​វាយ​ប្រហារ​ប្រទេស ​អ៊ីរ៉ង់ តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ហាម​ឃាត់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ព្រម​ទាំង​ការ​កំណត់​​ដល់​បណ្ដា​ប្រទេស​ដែល​បន្ត​ទិញ​ប្រេង​ពី​ប្រទេស​មួយ​នេះ ។


តួកគី​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ ៨ ដែល​ក្នុង​នោះ​ក៏​រួម​មាន​​ ចិន ឥណ្ឌា និងជប៉ុន ​ផងដែរ ដែល​ដំបូង​ឡើយ ​ត្រូវ​បាន​លើក​លែង​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ និង​បាន​អនុញ្ញាត​ឲ្យ​បន្ត​ការ​​នាំចូល​ប្រេងឆៅ​របស់​ប្រទេស ​អ៊ីរ៉ង់ ប៉ុន្តែ​ការ​លើកលែង​នេះ​បាន​​បញ្ចប់​កាល​ពី​ថ្ងៃទី ២ ​ខែ ​ឧសភា និង​មិន​បាន​បន្ត​ឡើង​វិញ​​​ទេ ។


ខណៈ​កិច្ច​ប្រជុំ​ជាមួយ​លោក ត្រាំ ក្រុម​គណៈ​ប្រតិភូ​​​តួកគី នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ពិភាក្សា​​ចំណុច​ផ្សេងៗ​នៃ​ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​អង្គការ​ NATO ទាំង ​២ នេះ ដែល​រួម​ទាំង​ការ​ទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពី​ទីក្រុង​ម៉ូស្គូ​ដ៏​ចម្រូង​ចម្រាស​នៅ​ពេល​ថ្មីៗ​របស់​ទីក្រុង​អង់ការ៉ា។


ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​ជាមួយ​ទីក្រុង​ម៉ូស្គូ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​ការពារ​ជាតិ​របស់​ប្រទេស​លោក​​ខាង​លិច។


រដ្ឋាភិបាល​ប្រទេស ​តួកគី ​បាន​​ស្នើ​ឲ្យ​មាន​ក្រុម​ការងារ​បច្ចេកទេស​រួម​មួយ​ជាមួយ​រដ្ឋបាល​​លោក ត្រាំ ដើម្បី​​​លុប​បំបាត់​ក្តី​បារម្ភ​របស់​​អាមេរិក ដែល​​​ថា ​ប្រព័ន្ធ​មីស៊ីល S-400s នេះ​នឹង​​ត្រូវ​ប្រើប្រាស់ ​ដើម្បី​ប្រមូល​ទិន្នន័យ​​​លើ​យន្តហោះ​យោធា​របស់​អង្គការ​ NATO ដែល​ប្រទេស ​រុស្ស៊ី នឹង​អាច​ចូល​យក​ទិន្នន័យ​បាន។​

ទំនាក់​ទំនង​រវាង​អាមេរិក​ និង​​ប្រទេស ​តួកគី មាន​​​ភាព​តានតឹង​ដោយសារ​បញ្ហា​ជា​ច្រើន ​រួមមាន​ ការ​គាំទ្រ​របស់​អាមេរិក​ដល់​កង​កម្លាំង​ស៊ីរី ឃើដ ដែល​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា ដាក់​ឈ្មោះ​​ជា​ក្រុម​ភេរវករ និង​ការ​បដិសេធ​ការ​ធ្វើ​បត្យាប័ន​លោក Fethullah Gulen នៅ​រដ្ឋ​ Pennsylvania ដែល​ត្រូវ​បាន​រដ្ឋាភិបាល​​តួកគី ​ចោទ​ប្រកាន់​ពី​បទ​នៅ​ពី​ក្រោយ​រដ្ឋ​ប្រហារ​​មិន​បាន​សម្រេច​នៅ​​​តួកគី​ កាល​ពី​ឆ្នាំ​ ២០១៦​៕ AFP/​LA