ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស ​ចិន គួរ​តែ​បញ្ចប់​ក្នុង​រយៈពេល ៤ សប្តាហ៍​​ទៀត ហើយ​លោក​បាន​បង្ហាញ​ភាព​សុទិដ្ឋិនិយម​អំពី​ការ​សម្រេច​​បាន​កិច្ច​ព្រមព្រៀង​មួយ ខណៈ​ដែល​ក្រុម​អ្នក​ចរចា​ជាន់​ខ្ពស់​បាន​រៀបចំ​កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ​ជុំ​ថ្មី​មួយ។

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​​ព័ត៌មាន​ថា៖ «យើង​កំពុង​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ចរចា​ជា​មួយ​ប្រទេស ​ចិន។ យើង​​កំពុង​ទទួល​នូវ​​អ្វី​ដែល​យើង​ត្រូវ​តែ​ទទួល​បាន»។


នា​ពេល​ក្រោយ​មក​ក្នុង​ពេល​អបអរ​ពិធី​មួយ​នៅ​សេតវិមាន​ជា​មួយ​លោក Leo Varadkar នាយក​រដ្ឋមន្ត្រី​អៀរឡង់ លោក ត្រាំ បាន​ទស្សន៍ទាយ​ថា ​នឹង​មាន​លទ្ធភាព​ក្នុង​ពេល​ដ៏​ខ្លី​ខាង​​មុខ​នេះ។


លោក​​បន្ថែម​ថា៖ «យើង​អាច​នឹង​ទទួល​បាន​ព័ត៌មាន​​អំពី​​ចិន។ យើង​នឹង​ដឹង​ក្នុង​រយៈពេល ៣ ឬ ៤ សប្តាហ៍​ទៀត»។


ក្រុម​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូលៗ​មក​ពី​ប្រទេស​ទាំង ​២ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ Xinhua​ របស់​ប្រទេស​ ចិន។


ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា៖ «ឧបនាយក​រដ្ឋមន្ត្រី Liu He មាន​ការ​ជជែក​តាម​ទូរស័ព្ទ​លើកទី ៣ ជាមួយ​លោក​ Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក ដែល​បង្កើត​ឲ្យ​មាន​វឌ្ឍនភាព​ប្រកប​ដោយ​និរន្តរភាព​នៃ​ខ្លឹមសារ​ចរចា»។


ភាគ​ទាំង ២ បាន​បញ្ជូន​សារ​ចម្រុះ​ជុំវិញ​វឌ្ឍនភាព​នៃ​ការ​ពិភាក្សា​គ្នា​នេះ​ដែល​បង្ក​ឲ្យ​មាន​ការ​ស្ទាក់ស្ទើរ​រវាង​ការ​វាយ​តម្លៃ​វិជ្ជមាន​នានា និង​បាន​និយាយ​ថា មាន​កិច្ចការ​ជា​ច្រើន​ទៀត​​ដែល​ត្រូវ​ធ្វើ​៕ AFP/KC