ក្រុង​បាងកកៈ រដ្ឋាភិបាលថៃ​ មានផែនការ​កាត់​បន្ថយ​ផ្ទៃ​ដី​ដាំដុះ​កៅស៊ូ​នៅឆ្នាំ​នេះ ​ដែលជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ជា​បន្ត​របស់​ខ្លួន ​ក្នុងការ​ជំរុញ​តម្លៃ​កៅស៊ូក្នុង​ស្រុក។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​ប៉ុស្តិ៍ បានរាយការណ៍​ថា ឧបនាយករដ្ឋ​មន្ត្រី​ថៃ Somkid Jatusripitak បានប្រាប់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​កសិកម្ម និង​សហករណ៍​កាល​ពីថ្ងៃ​ចន្ទ​ថា ក្រសួង​គួរ​ព្យាយាម​កាត់​បន្ថយ​ផ្ទៃដី​ដាំដុះ កៅស៊ូ​ចំនួន ២ សែនរ៉ៃ​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល ៥ ឆ្នាំខាង​មុខ។


រដ្ឋាភិបាលថៃ​ប្តេជ្ញា​គាំទ្រ​កសិករ​ដាំកៅស៊ូ​ដោយ​ផ្តល់​ជា​ថវិកាចំនួន ១៦ ០០០​ បាត​ក្នុងមួយ​រ៉ៃ​សម្រាប់​កសិករ​ដែលបានចូលរួមជាមួយ​គម្រោង​របស់​រដ្ឋាភិបាល តែ​កំណត់​កសិករ​ឲ្យ​ដាំដុះ​តែ ១០ រ៉ៃ​ប៉ុណ្ណោះក្នុងមួយ​គ្រួសារ​។


ទោះជា​មានគម្រោង​នេះ​ក៏ដោយ ក៏តម្លៃកៅស៊ូ​នៅតែ​មិនកើនឡើង។


ផ្ទៃដីចម្ការ​កៅស៊ូរបស់​ប្រទេសថៃ​បច្ចុប្បន្ន​ត្រូវ​បាន​ប៉ាន់​ប្រមាណថា​មានចំនួន​ពី ១៨ ទៅ ២០ លានរ៉ៃ៕ KC