ក្រុងឡុងដ៍ៈ ទីក្រុងវ៉ាស៊ីនតោនកំពុងពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដើម្បីជួយបង្ការមិនឲ្យតម្លៃប្រេងកើនឡើងខ្លាំងដោយសារការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់ប្រទេស អ៊ីរ៉ង់ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការណ៍នេះ អាចធ្វើឲ្យមានអស្ថិរភាពបន្ថែមទៀតដល់តុល្យភាពដែលមានភាពគ្រោះថ្នាក់រួចស្រាប់ទៅហើយក្នុងអង្គការ OPEC។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ រួមទាំងលើការនាំចេញប្រេងឆៅរបស់ប្រទេសនេះផងដែរ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពហុភាគីមួយដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ។ ទីក្រុងតេអេរ៉ង់បានកាត់បន្ថយជាបណ្តើរនូវសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។
ចាប់តាំងពីពេលនោះមក លោក ត្រាំ បានជំរុញដដែលៗឲ្យអង្គការ OPEC បង្កើនការផ្គត់ផ្គង់ប្រេង ដើម្បីរក្សាតម្លៃប្រេងឲ្យមានស្ថិរភាព។
ទោះជាយ៉ាងណា ខណៈដែលអង្គការ OPEC បច្ចុប្បន្នអាចចាំបាច់ត្រូវប៉ះប៉ូវការបាត់បង់ទិន្នផលពីប្រទេស អ៊ីរ៉ង់ ដែលជាសមាជិកស្ថាបនិករបស់អង្គការនេះនោះ ចំណាត់ការបែបនេះអាចបង្កឲ្យមានគ្រោះមហន្តរាយដល់អង្គការនេះ។
លោក Bjarne Schieldrop អ្នកវិភាគ ១ រូប មកពីធនាគារ SEB របស់ប្រទេស ស្វ៊ីស បានថ្លែងថា៖ «ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត (ដែលជាមេដឹកនាំរបស់អង្គការនេះ) ជួយអាមេរិក វាហាក់ដូចជាថា អារ៉ាប៊ីសាអ៊ូឌីតកំពុងវាយប្រហារដោយប្រយោលលើអ៊ីរ៉ង់»។
ភាពតានតឹងទំនងជានឹងកើតមានខ្លាំងនៅក្នុងកិច្ចប្រជុំបន្ទាប់របស់អង្គការ OPEC ដែលនឹងរៀបចំធ្វើឡើងនៅចុងខែមិថុនាក្នុងទីក្រុងវីយែន។
លោក Schieldrop ថ្លែងថា៖ «វាអាចជាការបញ្ចប់របស់អង្គការ OPEC ដូចដែលយើងបានដឹងវាអ៊ីចឹង»។
ប្រទេស អ៊ីរ៉ង់ ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតរបស់អង្គការ OPEC បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ជាធម្មតាមានទំនោរទៅរកការបន្ទាបទិន្នផលប្រេងរួមរបស់អង្គការនេះ ដើម្បីបង្កើនតម្លៃប្រេងឆៅ និងការពារប្រាក់ចំណូលដ៏មានតម្លៃពីប្រេង៕ AFP/KC