ក្រុងប៉ារីសៈ ទិន្នផល​ប្រេង​របស់​អង្គការ​​ប្រទេស​នាំចេញ​ប្រេង​ (OPEC) ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​កាល​ពី​ខែ​មុន​​​​ដោយសារ​ការ​កាត់​បន្ថយ​ផលិតកម្ម​ខ្លាំង​​នៅ​ប្រទេស ​វ៉េណេស៊ុយអេឡា និង​​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ OPEC ​កាល​ពី​ថ្ងៃ​ពុធ​។

អង្គការ​ OPEC ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍ ​១ ​ដែល​បាន​ដក​ស្រង់​ប្រភព​បន្ទាប់​បន្សំ​​ផ្សេងៗ​ថា ផលិតកម្ម​ប្រេង​រួម​គ្នា​របស់​ខ្លួន បាន​ធ្លាក់​ចុះ​​ចំនួន​ ៥៣៤ ០០០ បារ៉ែល​ក្នុង ​១ ​ថ្ងៃ​ក្នុង​ខែ​មីនា។ អង្គការ​នេះ​​មិន​បាន​បញ្ចេញ​ទិន្នន័យ​ផលិត​ផ្ទាល់​​​របស់​ខ្លួន​ទេ​។


ប្រទេស វ៉េណេស៊ុយអេឡា ​ដែល​​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ ​ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​ដាច់​ភ្លើង​អគ្គិសនី​​ជា​ច្រើន​លើក​ច្រើនសា ​បាន​បូម​ប្រេង​តិច​ជាង​មុន​​ ​២៨៩ ០០០​ បារ៉ែល​ក្នុង ​១ ​ថ្ងៃ ធៀប​នឹង​ខែ​កុម្ភៈ​ ​ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​ប្រេង​របស់​​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៧៣២ ០០០ ​បារ៉ែល​ក្នុង ​១ ​ថ្ងៃ។ ​​


បរិមាណ​នេះ​​​ធៀប​ទៅ​នឹង​ចំនួន​ជាង ​១ ​លាន​បារ៉ែល​​ក្នុង ​១ ​ថ្ងៃ​​ដែល​ប្រទេស​នេះ​​បាន​​បូម​នៅ​ដើម​ឆ្នាំ​នេះ​ ​ហើយ​​សមត្ថភាព​ផលិត​​របស់​ខ្លួន​មាន​ចំនួន​ជិត ២ ​លាន​បារ៉ែល​ក្នុង ​១ ​ថ្ងៃ​ក្នុង​ឆ្នាំ ២០១៧។


ទន្ទឹម​នេះ​ដែរ ​យោង​តាម​ប្រភព​របស់​​អង្គការ OPEC របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​របស់​​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ធ្លាក់​ចុះ​​​ ៣២៤ ០០០​ បារ៉ែល​ក្នុង ​១ ​ថ្ងៃ​។


កាល​ពី​ថ្ងៃ​ពុធ តម្លៃ​​ក្នុង​កិច្ច​សន្យា​អនាគត​​របស់​ប្រេង​ឆៅ​​ប្រភេទ WTI ដែល​ជា​ប្រេង​គោល​​សម្រាប់​ផលិតកម្ម​ប្រេង​របស់​អាមេរិក មាន ៦៤,៤២ ដុល្លារ​ក្នុង ១ ​បារ៉ែល ខណៈ​ដែល​​តម្លៃ​​ក្នុង​កិច្ច​សន្យា​អនាគត​​របស់​ប្រេង​ឆៅ​​ប្រភេទ Brent ដែល​ជា​ប្រេង​គោល​​របស់​អឺរ៉ុប​ថ្លៃ ៧០,៩៥ ដុល្លារ​ក្នុង ១ ​បារ៉ែល៕ AFP/PS