ក្រុងប៉ារីសៈ ទីផ្សារ​រថយន្ត​របស់​តំបន់​អឺរ៉ុប​បាន​កើនឡើង ១,២ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩ ដោយ​ការជំរុញ​ការលក់​នៅ​ខែធ្នូ​ចុងឆ្នាំ​មុន បាន​បង្កើន​ចំនួន​លក់​សរុប​ដល់ ១៥,៣ ​លាន​គ្រឿង​។ នេះ​បើ​យោងតាម​សមាគម​រថយន្ត ACEA កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សមាគម​ផលិត​រថយន្ត​អឺរ៉ុប (ACEA) បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​និយតកម្ម​គឺជា​ហេតុផល​ដែល​ជួយ​ឲ្យ​មាន​ការកើនឡើង​ការលក់​ខ្លាំង ២១,៧ ​ភាគរយ​ នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។


ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Volkswagen បាន​លក់​រថយន្ត​បាន​ច្រើនជាងគេ​នៅ​អឺរ៉ុប​ដោយ​ការ​លក់​បាន​កើនឡើង ៣,១ ភាគរយ​។ ក្រុមហ៊ុន​សម្ព័ន្ធ Volkswagen រួមបញ្ចូល​ទាំង​ក្រុមហ៊ុន Audi ក្រុមហ៊ុន Porsche ក្រុមហ៊ុន Seat និង ក្រុមហ៊ុន Skoda​។


ក្រុមហ៊ុន PSA របស់​ប្រទេស​ បារាំង​ ជាប់​ចំណាត់ថ្នាក់​ទី​ ២ បើទោះ​ជា​បាន​រាយការណ៍​ពី​ការលក់​ធ្លាក់ចុះ ១,១ ​ភាគរយ​ក្តី​។ ក្រុមហ៊ុន PSA កាន់កាប់​ក្រុមហ៊ុន Peugeot ក្រុមហ៊ុន Citroen ក្រុមហ៊ុន DS ក្រុមហ៊ុន Opel និង​ក្រុមហ៊ុន Vauxhall​។


ទិន្នន័យ​របស់ ACEA បានបង្ហាញ​ទៀតថា ការលក់​របស់​ក្រុមហ៊ុន Renault របស់​បារាំង​ដែល​រួមបញ្ចូល​ទាំង​រថយន្ត​ម៉ាក Alpine, Dacia និង Lada បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ដោយ​ការ​លក់បាន​កើនឡើង ១,១ ​ភាគរយ​ សម្រាប់​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩​។


ACEA បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ទីផ្សារ​អឺរ៉ុប​បាន​ចាប់ផ្តើម​ឆ្នាំ​ ២០១៩ ​ជាមួយ​នឹង​ការធ្លាក់ចុះ ប៉ុន្តែ​នៅ​ត្រីមាស​ចុងក្រោយ ជាពិសេស​ខែធ្នូ​បាន​ជំរុញ​ការលក់​ចូលក្នុង​ដែន​វិជ្ជមាន​»៕ KC