ទីក្រុងហុងកុង: ទីផ្សារភាគហ៊ុនតំបន់អាស៊ី ស្វាគមន៍ថ្ងៃដំបូងនៃការក្លាយជាប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន ដោយមានការកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ ដោយសារតែក្រុមវិនិយោគិនសម្លឹងមើលឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមអំពីផែនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងកូវីដរបស់លោក។
ភ្លាមៗបន្ទាប់ពីការស្បថចូលកាន់ដំណែង លោក បៃដិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិជាង ១០ ឯកសារ ដែលដោះស្រាយគោលនយោបាយមួយចំនួនរបស់អ្នកកាន់ដំណែងមុនរបស់លោក ដែលរួមទាំងការចូលរួមជាថ្មីជាមួយអង្គការសុខភាពពិភពលោក ដែលក្រុងអ្នកសង្កេតការណ៍និយាយថា នឹងជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏បំផ្លាញនេះ។
លោកក៏បានចុះហត្ថលេខាគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ពន្យាពេលការរឹបអូសទីតាំងដាក់បញ្ចាំ និងផ្អាកការសងបំណុលរបស់និស្សិត។
វិធានការនេះបានធ្វើឡើង ខណៈដែលរដ្ឋបាលថ្មីសម្លឹងមើលការជំរុញតាមរយៈកញ្ចប់ជំនួយសង្គ្រោះ ១,៩ ពាន់ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកមួយនេះ ដែលរុំព័ទ្ធដោយបញ្ហាជាច្រើនផ្សេងទៀត ការទូទាត់ជាសាច់ប្រាក់ ១ ៤០០ ដុល្លារ ដល់ប្រជាជនអាមេរិកដែលជួបការពិបាក។
ក្រុមវិនិយោគិនបានស្វាគមន៍ការជ្រើសរើសរបស់លោក បៃដិន និងការសន្យារបស់លោកថា នឹងចាប់ផ្ដើមកំណើន ដែលបានប៉ះប៉ូវការបារម្ភអំពី ផែនការរបស់លោកសម្រាប់ពន្ធកាន់តែខ្ពស់ និងបទប្បញ្ញត្តិទីផ្សារ។
នៅក្នុងសុន្ទរកថា ថ្ងៃចូលកាន់ដំណែងរបស់លោក លោក បៃដិន បានសន្យាថា នឹង «កសាងសេដ្ឋកិច្ចឡើងវិញ» និង «កសាងឆ្អឹងខ្នងរបស់ប្រទេសនេះឡើងវិញ គឺប្រជាជនមានប្រាក់ចំណូលមធ្យម»។
ការជ្រើសរើសលោកស្រី Janet Yellen ជារដ្ឋមន្ដ្រីក្រសួងរតនាគាររបស់លោកបានធ្វើឲ្យតម្លៃទីផ្សារកើនឡើង កាលពីថ្ងៃអង្គារ តាមរយៈការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងការជំរុញតាមរយៈកញ្ចប់លើកទឹកចិត្ត ដែលប្រាប់តំណាងរាស្ដ្រ «ត្រូវមានមហិច្ឆតាធំ» ប្រសិនបើពួកគេចង់សង្គ្រោះសេដ្ឋកិច្ច។
ក៏មានក្ដីសង្ឃឹមថា លោកនឹងលះបង់ពេលវេលាកាន់តែច្រើនថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៤០០ ០០០ នាក់ នៅអាមេរិក និងមនុស្ស ២ លាននាក់ទូទាំងពិភពលោក។
សន្ទស្សន៍សំខាន់ៗទាំង៣នៅតំបន់ហិរញ្ញវត្ថុ Wall Street បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយក្រុមវិនិយោគិនអាស៊ី បានទទួលយកការទទួលខុសត្រូវដោយក្ដីរីករាយ។
តម្លៃផ្សារហ៊ុនហុងកុង បានកើនឡើង ៦ ថ្ងៃជាប់គ្នា ដល់ ៣០ ០០០ ចំណុច ជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ ២០១៩។
តម្លៃផ្សារហ៊ុនតូក្យូ ស៊ាងហៃ ស៊ីដនី សេអ៊ូល សិង្ហបុរី តៃប៉ិ ហ្សាការតា និងវែល្លីងតោន ក៏បានកើនឡើងផងដែរ ទោះបីមានការធ្លាក់ចុះនៅផ្សារហ៊ុន ម៉ានីល និងបាងកកក្ដី៕LA