ភ្នំពេញៈ ទុនវិនិយោគ​វិស័យ​សំណង់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​មាន​តម្លៃ​ប្រមាណ​ជាង​ ៩ ​ពាន់​លាន​ដុល្លារ ​កើនឡើង​ជិត​ ៨០ ​ភាគរយ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨ ដែល​កំណើន​ភាគច្រើន​បានមកពី​ការសាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ក្នុង​ឱកាស​ចូលរួម​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​លើក​ទី​ ៨ និង​សម្ពោធ​បើក​ការតាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិ​ ឆ្នាំ​ ២០១៩ នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​និយាយថា វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ជាក់ស្តែង​កម្ពុជា​ដែល​ពីមុន​មាន​អគារ​ខ្ពស់​បំផុត​ត្រឹម​ ៥-៦ ​ជាន់ បច្ចុប្បន្ន​មាន​អគារ​កម្ពស់​រហូត​ដល់ ៥៥ ជាន់​។


លោក​បន្តថា កំណើន​សេដ្ឋកិច្ច និង​ការបណ្តាក់ទុន​ថ្មីៗ​គឺជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការសាងសង់​លេចឡើង​ជា​បន្តបន្ទាប់​។ ទុនវិនិយោគ​ដែល​កើនឡើង​ជិត ៨០ ​ភាគរយ​ក្នុង​ឆ្នាំ​នេះ​គឺ​បាន​មកពី​ការរួមចំណែក​ដ៏ច្រើន​របស់​អ្នកវិនិយោគ​ចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​គម្រោង​ភាគច្រើន​របស់​ចិន​។


លោក​ថ្លែងថា​៖ «​ទុនវិនិយោគ​វិស័យ​សំណង់​ឆ្នាំ​ ២០១៩ នេះ​មាន​ចំនួន ៩,៣ ​ពាន់​លាន​ដុល្លារ ​នៅ​ទូទាំងប្រទេស ហើយ​បើ​ប្រៀបធៀប​ជាមួយ​ទុន​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ២០១៨ គឺមាន​កំណើន​រហូតដល់ ៧៨ ​ភាគរយ អ៊ីចឹង​គឺមាន​ទំហំ​ធំ​ណាស់​នៅ​ឆ្នាំនេះ​»​។


ទោះយ៉ាងណា​លោក​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ខិតខំ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ លោក​បន្តថា​៖ «​សូម​ខិតខំ​រួមចំណែក​ក្នុង​ការគាំទ្រ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើឲ្យ​ប្រទេស​យើង​ក្លាយជា​ប្រទេស​ដែលមាន​មោទនភាព ស្ថិរភាព និង​ជា​ប្រទេស​ដែល​គេ​ចាត់ទុក​ជា​កន្លែង​ដែល​អាច​ទទួល​យក​នូវ​បរិយាកាស​វិនិយោគ​ពី​គ្រប់ទិសទី​លើ​ពិភពលោក​ដោយ​មិនមែន​តែ​ចិន​ទេ គឺ​ទទួល​យក​ការវិនិយោគ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​»​។


តាមរយៈ​ការរីកចម្រើន​វិស័យ​សំណង់​នេះ​លោក ជា សុផារ៉ា បាន​អះអាង​ថា វិស័យ​នេះ​កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការបង្កើត​ឱកាស​ការងារ​ថ្មីៗ ដើម្បី​ជួយ​ទប់ស្កាត់​លំហូរ​ចេញ​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ផងដែរ​។


លោក ជា សុផារ៉ា ពិនិត្យមើល​ផលិតផល​ក្នុង​ពិធី​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិ​កាលពី​ម្សិលមិញ​។ រូបថត ហ៊ឹន ពិសី

លោក ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ប្រាប់ថា វិស័យ​សំណង់​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ការរីកចម្រើន​នៃ​វិស័យ​សំណង់​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការចូលមក​វិនិយោគ​ដោយផ្ទាល់ ឬ​ស្វែងរក​ដៃគូ​ក្នុង​ការបញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា​។ លោក​បាន​បន្តថា ទោះយ៉ាងណា ទន្ទឹម​នឹង​ការរីកចម្រើន​នេះ​ក្រុមហ៊ុន ឬ​អ្នក​សាងសង់​ទាំងអស់​ក៏​ត្រូវតែ​គោរព​ច្បាប់​សាងសង់​នៅ​កម្ពុជា​ដែរ​។

លោក​លើកឡើង​ថា​៖ «​ក្នុងនាម​សមាគម​អ្នក​សាងសង់​កម្ពុជា ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អ្នក​សាងសង់​នៅ​កម្ពុជា​ទាំងអស់ សូម​ធ្វើ​ការគោរព​ច្បាប់​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ និង​អ្នកផ្គត់ផ្គង់​សម្ភារ​សំណង់​ទាំងអស់​ធ្វើការ​ផលិត និង​នាំចូល​តែ​សម្ភារ បរិក្ខារ និង​គ្រឿងសំណង់​ណា​ដែលមាន​គុណភាព និង​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​សំណង់​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា កំណើន​ខ្ពស់​នៃ​ទុនវិនិយោគ​ក្នុង​ឆ្នាំ​នេះ​បាន​ផ្តល់​នូវ​ផលវិជ្ជមាន​ជាច្រើន​ទៅ​ដល់​ផ្នែក​ពាក់ព័ន្ធ ដែល​មាន​ដូចជា អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ អ្នក​សាងសង់ ក្រុមហ៊ុន​ផលិត និង​ក្រុមហ៊ុន​នាំចូល​ជាដើម​។ លោក​បន្តថា កំណើន​នេះ​អាច​នឹង​បន្ត​ច្រើន​ឆ្នាំ​ជា​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​»​។

បើតាម​លោក សុខនីម នៅក្នុង​ឆ្នាំ​ ២០១៩ នេះ តម្លៃ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​ជា​មធ្យម​ក្នុង​រង្វង់ ១៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក សូត្រ សុវត្តិ បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន PEB ដែល​ផ្គត់ផ្គង់​ដែក​នាំចូល​ពី​ប្រទេស​ វៀតណាម​ បាន​និយាយ​ថា នៅក្នុង​ឆ្នាំ​ ២០១៩ នេះ ការលក់​របស់​ក្រុមហ៊ុន​មាន​កំណើន​ជិត​ ៣ ​ដង បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​បន្តថា​ក្នុង​ឆ្នាំ​ ២០១៩ នេះ​បរិមាណ​ដែក​ដែល PEB ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា​មាន​ប្រមាណ​ ៦ ​ពាន់​តោន​។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​មាន​សុពលភាព​កំពុង​ប្រកប​អាជីវកម្ម​សាងសង់ និង​សិក្សា​គម្រោង​ប្លង់ សរុប​ចំនួន ១ ០៨១ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​បរទេស​មាន​ចំនួន ៤៨៥ ​ក្រុមហ៊ុន​ដែល​មកពី​ប្រទេសមួយ​ចំនួន​ដូចជា ចិន កូរ៉េ ថៃ សិង្ហបុរី បារាំង អង់គ្លេស និង​អាមេរិក ជាដើម​៕ LA