សិង្ហបុរីៈ តម្លៃ​ប្រេង​បាន​ងើប​ឡើង​វិញ​នៅពេល​បើក​ផ្សារ​ក្នុង​តំបន់​អាស៊ី កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ពេល​មាន​វិធានការ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​ដែល​វាយប្រហារ​ដោយ​វីរុស​កូរ៉ូណា​។

សន្ទស្សន៍​តម្លៃ​ប្រេង West Texas Intermediate ដែល​ទីផ្សារ​អាមេរិក​ត្រូវការ​បាន​ហក់ឡើង ៤,៣ ​ភាគរយ ​មានតម្លៃ ២៤ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល ខណៈ​សន្ទស្សន៍​តម្លៃ​ប្រេង​ឆៅ Brent ដែល​ពេញនិយម​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង ៣,៨ ​ភាគរយ​ដោយ​មាន​តម្លៃ ២៨ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។


តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​គឺ​ពេល​មាន​ភាពជាប់គាំង និង​ការរឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​វីរុស​កូរ៉ូណា និង​អ្នក​ផលិត​ប្រេង​ឈានមុខ​គឺ អារ៉ាប៊ី សាអ៊ូឌីត និង​រុស្ស៊ី​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​តម្លៃ​។


ធនាគារ​កណ្តាល​អាមេរិក​បាន​បញ្ចេញ​វិធានការ​ដ៏ច្រើន​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ចន្ទ ដោយ​រួមបញ្ចូល​ទាំង​ការទិញ​មិន​កំណត់​ចំនួន​នៃ​បំណុល​រតនាគារ​អាមេរិក និង​ការផ្តល់​ជម្រើស​ថ្មី​ដើម្បី​ផ្តល់​កម្ចី​ផ្ទាល់​ដល់​ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម​។


ទោះយ៉ាងណា​ការកើនឡើង​តម្លៃ​ផ្សារហ៊ុន និង​ប្រេងឆៅ​ត្រូវ​បាន​បិទបាំង​ទៅវិញ​ពេល​បក្ស​ប្រជាធិបតេយ្យ​ជាថ្មី​ម្តងទៀត​បាន​ទប់ស្កាត់​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ដ៏ធំ​មហិមា​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​។


សេចក្តី​ស្នើច្បាប់​ដែល​បានស្នើ​ប្រាក់​សម្រាប់​គ្រួសារ​ជនជាតិ​អាមេរិក អាជីវកម្ម​រាប់ម៉ឺន​ដែល​បាន​បិទទ្វារ ឬ​ទទួលរង​ការលំបាក និង​ការបំពាក់​ឧបករណ៍​នៅតាម​មន្ទីរ​សុខាភិបាល​របស់​ប្រទេស​។


លោក Stephen Innes ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន AxiCorp បាន​និយាយ​ថា ភាព​សុទិដ្ឋិនិយម​ចំពោះ​កញ្ចប់​ថវិកា​នោះ​បាន​ជួយ​ធ្វើឲ្យ​ទីផ្សារ​ប្រេង​លក់ដាច់​ជាង​មុន​។

ទោះបី​យ៉ាងណា​លោក​បាន​អះអាង​ដោយ​ប្រុងប្រយ័ត្ន​ថា​៖ «​បញ្ហា​នៅត្រង់​ថា លុយ​ទាំងអស់​នៅក្នុង​ពិភពលោក​នឹង​មិន​ទៅ​ដល់ដៃ​ប្រជាជន​ទេ ដរាបណា​វីរុស​នៅ​តែ​រីក​រាលដាល និង​ការហាម​ប្រាម​ការធ្វើ​ដំណើរ​នៅ​តែ​មាន​»៕ RR