ក្រុងប៊ែរឡាំងៈ ធនាគារ​ធំ​ចំនួន ២ គឺ​ធនាគារ Deutsche Bank និង​ធនាគារ Commerzbank ​របស់​ប្រទេស ​អាល្លឺម៉ង់ មាន​ផែនការ​ចាប់​ផ្តើម​ពិភាក្សា​ជា​ផ្លូវការ​​ឆ្ពោះ​ទៅ​រក​លទ្ធភាព​នៃ​ការ​ច្របាច់​​បញ្ចូល​គ្នា​ បន្ទាប់​ពី​មាន​ការ​ចរចា​បឋម​អស់​រយៈពេល​ជា​ច្រើន​ខែ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់។

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និង​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​ធំ​ទាំង ២ នេះ ព្យាយាម​ស្វែងរក​ការ​ចរចា​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា និង​បង្កើត​ជា​ក្រុមហ៊ុន​ជាតិ​ដ៏​ធំ​មួយ​ក្នុង​សេវា​ហិរញ្ញវត្ថុ ដើម្បី​​ប្រកួត​ប្រជែង​កាន់​តែ​ប្រសើរ​នៅ​លើ​ឆាក​អន្តរជាតិ។


កាល​ពី​សប្តាហ៍​មុន​ លោក Olaf Scholz រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​អាល្លឺម៉ង់ បាន​បញ្ជាក់ថា «មាន​ការ​ពិភាក្សា​អំពី​ស្ថានភាព​នេះ» រវាង​ធនាគារ​ទាំង ​២ ដោយ​រដ្ឋាភិបាល​ធ្វើ​ជា​ «ដៃគូ​ស្មើភាព» មួយ ចំពោះការ​ចរចា​នេះ។


កាល​ពី​ថ្ងៃ​អាទិត្យ កាសែត Die Welt បាន​រាយការណ៍​ថា ធនាគារ​ទាំង ២ ត្រូវ​បាន​រំពឹង​ថា​​ នឹង​ចេញ​ផ្សាយ​កំណត់​សម្គាល់​​បណ្តោះ​អាសន្ន​មួយ​ ដោយ​ប្រកាស​អំពី​ដំណាក់​កាល​បន្ទាប់​នៃ​ការ​ចរចា​នេះ។


កាសែត Die Welt បាន​រាយការណ៍​ថា៖ «ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ​ទាំង ២ បាន​និង​កំពុង​ស្វែងរក​ការ​ចរចា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ថា តើ​ធនាគារ​ទាំង ២ នឹង​ស័ក្តិសម​ច្របាច់​បញ្ចូល​គ្នា​ឬ​យ៉ាង​ណា?»។ កាសែត​នេះ​បាន​​​​ឲ្យ​ដឹង​​ទៀត​ថា៖ «ដោយ​ត្រូវ​បាន​ជំរុញ​ដោយ​អ្នក​នយោបាយ​ក្នុង​ទីក្រុង​ប៊ែរឡាំង ការ​ពិភាក្សា​នានា​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ជុំ​បន្ទាប់»។


ទី​ភ្នាក់ងារ​ព័ត៌មាន DPA ក៏​រាយការណ៍​ផង​ដែរ​ថា ធនាគារ​ទាំង ២ រំពឹង​ថា​នឹង​បង្កើន​ល្បឿន​​នៃ​ការ​ចរចា៕ AFP/KC