ភ្នំពេញ: សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់អាមេរិក បានអនុម័តទឹកប្រាក់ ៥០ លានដុល្លារដល់ធនាគារហត្ថា ដើម្បីពង្រីកកម្ចីខ្នាតតូចដល់ស្ដ្រី និង MSMEs នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទរបស់ប្រទេសនេះ។
លោក W.Partrick Murphy ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការផ្តល់កម្ចីនេះកាលពីថ្ងៃពុធនៅមុនការបើកដំណើរការវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានធ្វើឡើងតាមវីដេអូខនហ្វើរ៉ិនពីទីក្រុងហាណូយ ប្រទេសវៀតណាមនៅទីក្រុងភ្នំពេញនៅមុខគណៈប្រតិភូធុរកិច្ចកម្ពុជា ២០ រូប។
លោកបានថ្លែងថា៖ «ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសការវិនិយោគរបស់ DFC ចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជា គឺជាកម្មវិធី ៥០ លានដុល្លារជាមួយធនាគារហត្ថា។ ការវិនិយោគនេះនឹងគាំទ្រក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យមផ្នែកកសិកម្ម សូឡា និងវិស័យអប់រំ»។
លោកឱ្យដឹងថា វាជាកញ្ចប់ហិរញ្ញប្បទានដែលសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍ទទួលបានស្ដង់ដាការងារល្អបំផុតជាមួយដៃគូ។ DFC បានធ្វើរួចហើយជាមួយគម្រោងមានតម្លៃជាង ២០០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា និងច្រើនជាងនេះនៅពេលខាងមុខ។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ជាមួយនឹងធនាគារនេះ ការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើជនងាយទទួលរងគ្រោះខ្លាំងបំផុត ជាឧទាហរណ៍សម្រាប់ស្ដ្រី និង SMEs។ ការណ៍នេះបង្កើតលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន និងដើមទុនដែលបើអ៊ីចឹងទេ វាមិនមានលទ្ធភាពនោះទេ។ នោះខ្ញុំគិតថា តម្រូវការនឹងនៅទីនេះនៅក្នុងប្រទេសកម្ពុជា ខណៈអ្នកដែលងាយទទួលរងគ្រោះខ្លាំងបំផុត ហើយយើងដឹងច្បាស់ហើយអំពីបញ្ហានោះ យើងបាននិយាយទៅកាន់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតនៅទីនេះ»។
លោកបន្ថែមថា៖ «អ្នកមានប្រជាជនច្រើនដែលកំពុងស្ថិតនៅក្នុងហានិភ័យ ពលករចំណាកស្រុកនឹងត្រឡប់មកវិញ កសិករមានដើមទុនតិច ស្ដ្រី និងអ្នកផ្សេងទៀតកំពុងជួបការលំបាកយ៉ាងខ្លាំង និងការបាត់បង់ការងាររបស់ពួកគេ ដោយសារតែការបិទទ្វាររោងចក្រ និងការធ្លាក់ចុះការនាំចេញ ឬនៅក្នុងវិស័យទេសចរណ៍ជាដើម»។
កម្ចីដល់ធនាគារហត្ថា គឺជាកញ្ចប់កម្ចីរបស់ក្រុមប្រឹក្សាភិបាល DFC ដែលបានអនុម័តការវិនិយោគនៅត្រីមាសនេះសរុបជាង ២,៥ ពាន់លានដុល្លារ នៅក្នុងគម្រោងចំនួន ៩ ដែលនឹងជំរុញការអភិវឌ្ឍនៅអាហ្វ្រិក អាមេរិកឡាទីន និងទីផ្សាររីកចម្រើនរហ័សនៅទូទាំងពិភពលោក។
លោក Adam Boehler អគ្គនាយក DFC បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែកញ្ញាថា៖ «ការងាររបស់ DFC ក្នុងរយៈពេល ៣ ខែកន្លងមកនេះនឹងបញ្ចេញទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសមួយចំនួនក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក។ គម្រោងទាំងនេះនឹងជួយធ្វើឱ្យមានស្ថិរភាពសហគមន៍ទូទាំងពិភពលោក និងរៀបចំឱ្យពួកគេរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងនាមតំណាងឱ្យ DFC និងសូមថ្លែងអំណរគុណដល់ដៃគូជាច្រើនរបស់ទីភ្នាក់ងារនេះ សម្រាប់ការបន្តដឹកនាំរបស់ពួកគេនៅក្នុងគ្រានៃការរីករាលដាលជំងឺកូវីដ១៩នេះ។
កាលដើមខែកញ្ញា ធនាគារហត្ថាបានប្រកាសជាផ្លូវការក្នុងការក្លាយជាធនាគារពាណិជ្ជ បន្ទាប់ពីរយៈពេល ៤ ឆ្នាំដែលធនាគារ Krungsri របស់ថៃ និងជាសមាជិករបស់ Mitsubishi UFJ Financial Group Inc ជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពិភពលោកមានមូលដ្ឋាននៅទីក្រុងតូក្យូបានបញ្ចប់ការទិញភាគហ៊ុន ១០០ ភាគរយរបស់ HKL កាលពីខែតុលាឆ្នាំ ២០១៦។
បច្ចុប្បន្ន HKL មានដើមទុនចុះបញ្ជី ១១៥ លានដុល្លារនៅ NBC និងមានសាខា ១៧៧ ដែលផ្ដល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ ដូចជាសេវាប្រាក់សន្សំ ការផ្ទេរប្រាក់ សេវាបើកប្រាក់ខែ សេវាធនាគារចល័ត និងធានារ៉ាប់រង។ HKL ប្រតិបត្តិការម៉ាស៊ីនអេធីអឹម ១៣៧ គ្រឿងទូទាំងប្រទេសនៅទីក្រុងភ្នំពេញ និង ២៤ ខេត្តក្រុង៕LA