ភ្នំពេញ: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) ក្នុងគោលបំណងបញ្ចេញប្រាក់កម្ចីដែលខ្លួនបានដាក់ចេញចំនួន ៥០ លានដុល្លារសម្រាប់ផ្តល់ឲ្យសហគ្រាសខ្នាតតូច និងមធ្យមក្នុងការពង្រីកអាជីវកម្ម និងផលិតកម្មរបស់ពួកគេ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃចន្ទលោក កៅ ថាច អគ្គនាយកធនាគារ ARDB បានឲ្យដឹងថា មូលនិធិនេះនឹងជួយជំរុញដល់ការនាំចេញរបស់កម្ពុជា និងកាត់បន្ថយការនាំចូល ខណៈកម្ពុជាកំពុងរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩។
លោកថ្លែងថា ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដល់គ្រប់សហគ្រាសខ្នាតតូច និងមធ្យម។ មូលនិធិនេះអាចផ្តល់ឲ្យ ៥០០ SME នៅកម្ពុជាដើម្បីធ្វើការពង្រីកអាជីវកម្មរបស់ពួកគេ»។
មូលនិធិនេះមានបំណងក្នុងការបង្កើនចង្វាក់ផលិត និងដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងវិស័យ SME ស្របពេលការរីករាលដាលជំងឺកូវីដ-១៩ និងការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។ នេះបើយោងតាម ARDB។
ARDB បានឲ្យដឹងថា SME អាចខ្ចីប្រាក់បានរហូតដល់ ៣០០ ០០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ៦ ភាគរយសម្រាប់ទុនបង្វិល និង ៦,៥ ភាគរយសម្រាប់ទុនវិនិយោគក្នុង ១ ឆ្នាំ។
តំណាងមកពីសមាគមអ្នកផលិតចំណីអាហារកម្ពុជាលោក មៀវ សុខទ្រី បានឲ្យដឹងថា លោកនឹងជំរុញឲ្យសមាជិករបស់សមាគមដាក់ពាក្យស្នើសុំខ្ចីប្រាក់ពី ARDB។ លោកថ្លែងថា៖ «CFMA ពិតជាសារៈសំខាន់ណាស់ក្នុងការសហការជាមួយ ARDB ដែលនឹងផ្តល់អត្រាការប្រាក់ទាបសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។ ប្រសិនបើសមាជិករបស់ខ្ញុំចង់ធ្វើការពង្រីកអាជីវកម្មរបស់ពួកគេ ខ្ញុំនឹងផ្តល់យោបល់ឲ្យមកខ្ចីពី ARDB»។
ទោះបីជាបែបនេះក្តីរហូតមកដល់ពេលនេះសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាមានការស្ទាក់ស្ទើរក្នុងការស្នើសុំកម្ចីពី ARDB បន្ទាប់ពីធនាគារនេះបានបញ្ចេញមូលនិធិ ៥០ លានដុល្លារសម្រាប់វិស័យកសិឧស្សាហកម្មពីសប្តាហ៍មុន។ នេះបើតាមលោក កៅ ថាច អគ្គនាយក ARDB។
លោកថ្លែងថា៖ «សព្វថ្ងៃមិនទាន់នរណាម្នាក់ស្នើសុំកម្ចីនោះទេ។ ពួកគេកំពុងរង់ចាំមើលពីស្ថានភាព ថាតើវានឹងប្រសើរឡើងនៅពេលណា? បញ្ហានេះហើយដែលពួកគេមិនទាន់ហ៊ានខ្ចីប្រាក់ពីយើង»។
កាលពីសប្តាហ៍មុន ARDB ក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាគមអ្នកវិនិយោគកម្ពុជាផងដែរ។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបង្ហាញថា កាលពីឆ្នាំមុន សហគ្រាសខ្នាតតូច និងមធ្យមមានចំនួន ៥២ ១៥៤ សហគ្រាសដែលមានបង្កើតការងារបាន ៨២៤ ២៤៥ នាក់៕