គម្រោង​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​គ្រាប់ពូជ​ស្រូវ (RSPP) គាំទ្រ​នូវ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​គ្រាប់ពូជ​ស្រូវ​នៅ​កម្ពុជា​។ ​គម្រោង​កំពុង​អនុវត្ត​ដោយ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម (GDA) នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) ចាប់​តាំងពី​ខែ​តុលា ឆ្នាំ​ ២០១៧​។

គោលដៅ​រួម​របស់​គម្រោង​គឺ​ផលិត​គ្រាប់​ពូជស្រូវ​ដែល​មាន​គុណភាព និង​លើកទឹកចិត្ត​ដល់​កសិករ​អោយ​ងាក​មកប្រើប្រាស់​ពូជ​ដែលមាន​គុណភាព​សម្រាប់​ផលិតកម្ម​ស្រូវ​ឱ្យ​កាន់តែ​ច្រើន​។ ដើម្បី​សម្រេច​គោលដៅ​នេះ​គម្រោង RSPP ដាក់ចេញ​នូវ​សកម្មភាព​ចំនួន ៣ គឺ (១) ការពង្រឹង​សមត្ថភាព​មន្ត្រី​ជា​ដៃគូ​អនុវត្ត​គម្រោង (counterpart) (២) អនុវត្ត​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​គ្រាប់​ពូជស្រូវ និង (៣) ​សម្រួល​ដល់​ការអាជីវកម្ម​គ្រាប់ពូជ​ស្រូវ​។


នៅ​ឆ្នាំ​ទី​ ៣ ​នេះ​គម្រោង​បាន​តម្រង់ទិស​សកម្មភាព​ឆ្ពោះទៅ​បង្កើត​ប្រព័ន្ធ​ស្វ័យ​ប្រកាស​គុណភាព​គ្រាប់ពូជ​នៅ​កម្ពុជា (QDS) ​ឱ្យ​ទៅជា​ផ្នែក​មួយ​ដ៏សំខាន់​។ ប្រព័ន្ធ QDS មិន​ដូច​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​គ្រាប់​ពូជ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​នោះ​ទេ ប្រព័ន្ធ​នេះ​ត្រួតពិនិត្យ​តែ ១០ ​ភាគរយ​នៃ​ផ្ទៃដី​ផលិត និង​បរិមាណ​គ្រាប់ពូជ​ដែល​បាន​ប្រមូលផល ដើម្បី​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​។


ប្រព័ន្ធ QDS រួមមាន​ការត្រួតពិនិត្យ​ឯកសារ ការចុះ​ត្រួតពិនិត្យ​នៅ​ទីវាល និង​ការត្រួតពិនិត្យ​គុណភាព​។ មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (PDAFF) ទទួល​បន្ទុក​ត្រួតពិនិត្យ​កិច្ចការ​ទាំងអស់​នៅ​ថ្នាក់​ខេត្ត ខណៈ​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម​ធ្វើការ​ត្រួតពិនិត្យ​កិច្ចការ​នៅ​ថ្នាក់ជាតិ​។


ចូលដល់​ឆ្នាំ​ទី​ ៣ ​នៃ​ការអនុវត្ត​គម្រោង នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​បាន​បង្កើតឡើង​ជា​ផ្លូវការ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ QDS ។ ការបង្កើត​នាយកដ្ឋាន​នេះ​ឡើង គឺ​ពិត​ជា​បាន​សម្រួល​ដល់​ការជំរុញ​ឱ្យ​ប្រព័ន្ធ QDS ដំណើរការ​ទៅ​បាន​កាន់តែ​លឿន​។


ជា​ការឆ្លើយតប​ទៅនឹង​ការបង្កើត​នាយកដ្ឋាន​នេះ គម្រោង​បាន​អញ្ជើញ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គ្រប់​ខេត្ត​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល (ToT) ក្នុង​គោលបំណង​ផ្តល់នូវ​ជំនាញ​ដល់​មន្ត្រី​ត្រួតពិនិត្យ QDS​។


ដោយឡែក ការបណ្តុះបណ្តាល​នៅ​ទីវាល​បាន​ផ្តល់​ចំណេះដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​កំណត់​ប្រភេទ​ស្មៅ​ហាមឃាត់ ការកំណត់​អត្តសញ្ញាណ​ពូជ​លាយ និង​ការវិនិច្ឆ័យ​លើ​ការត្រួតពិនិត្យ​។ ការបណ្តុះបណ្តាល​នៅ​មន្ទីរពិសោធន៍​បានបង្ហាញ​ពី​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​គ្រាប់ពូជ រួមទាំង​ការកំណត់​បញ្ហា​ដែល​កើតឡើង​ដោយ​ការមើល​ស្នាម​នៅលើ​គ្រាប់ពូជ​នីមួយៗ​ដោយ​ប្រើ​ចន្ទាស​ចាប់​។

ដើម្បី​ពង្រីក​ប្រព័ន្ធ QDS ប្រកប​ដោយ​ប្រសិទ្ធិភាព គម្រោង RSPP ក៏បាន​ប្រើ​គំរូ​អាជីវកម្ម​គ្រាប់ពូជ​ស្រូវ​ដោយ​ជ្រើសរើស​យក​សហគមន៍​កសិកម្ម​ឈានមុខ​មួយ​ (lead AC ) ដើម្បី​ផ្សារភ្ជាប់​រវាង​អ្នក​ផលិត​គ្រាប់ពូជ និង​ទីផ្សារ​។

គំរូ​អាជីវកម្ម​នេះ​សហគមន៍​កសិកម្ម​ឈានមុខ ដើរតួនាទី​ជា​បេក្ខភាព​អនុវត្តតាម​ប្រព័ន្ធ QDS អ្នក​កែច្នៃ និង​អ្នកលក់​គ្រាប់ពូជ ខណៈ​ដែល​សហគមន៍​កសិកម្ម​ដែល​នៅ​ជិត​ជា​អ្នកផ្គត់ផ្គង់​គ្រាប់​ពូជស្រូវ​មិនទាន់​កែច្នៃ​ទៅ​សហគមន៍​កសិកម្ម​ឈានមុខ​។ គម្រោង RSPP បាន​ចាប់ផ្តើម​គាំទ្រ​ដល់​សហគមន៍​កសិកម្ម​ឈានមុខ​ក្នុង​ខេត្តព្រៃវែង និង​តាកែវ មិន​ត្រឹមតែ​លើ​វិធីសាស្ត្រ​ផលិត​គ្រាប់ពូជ​ប៉ុណ្ណោះ​ទេ រួមទាំង​ការគ្រប់គ្រង​អាជីវកម្ម​គ្រាប់ពូជ​ផងដែរ​។

ក្រៅពី​ការគាំទ្រ​ខាងលើ​គម្រោង​បានរៀបចំ​វេទិកា​ធុរកិច្ច​គ្រាប់ពូជ​ស្រូវ​នៅ​ខេត្តព្រៃវែង តាកែវ និង​បាត់ដំបង ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ពូជស្រូវ​នៅ​ទូទាំង​ប្រទេស​។ នៅក្នុង​វេទិកា​នោះ​អ្នក​ផលិត និង​អ្នក​ចែកចាយ​គ្រាប់ពូជ អាចបង្កើត​បណ្តាញ​ទំនាក់ទំនង​ដោយផ្ទាល់​សម្រាប់​ប្រតិបត្តិការ​ទិញ​លក់​គ្រាប់ពូជ​ហើយ​ភាគី​ទាំងអស់​ក៏​អាច​ចែករំលែក​ព័ត៌មាន​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។

សកម្មភាព​ដែល​នឹង​អនុវត្ត​បន្ត​គឺ ផ្តោត​លើ​ការគាំទ្រ​គំរូ​អាជីវកម្ម​ដើម្បី​ឈានទៅ​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​បន្ថែម​លើ​ការផលិត​គ្រាប់ពូជ​ដែល​មន្ត្រី​ជា​ដៃគូ​អនុវត្ត​គម្រោង និង​សហគមន៍​កសិកម្ម​ឈានមុខ​បាន​ស្វែងយល់​រួច​កន្លងមក​។ ជាក់ស្តែង​សហគមន៍​កសិកម្ម​ឈានមុខ​ចាំបាច់​ត្រូវ​បង្កើន​ជំនាញ​កត់ត្រា​វិភាគ​ការគ្រប់គ្រង​សន្និធិ និង​ចរាចរណ៍​គ្រាប់ពូជ​។ ​

នៅក្នុង​ការបង្កើត​ប្រព័ន្ធ QDS គម្រោង​នឹង​បញ្ចប់​ការរៀបចំ​គោលការណ៍ និង​វីដេអូ​ណែនាំ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ QDS ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​។ ចុងក្រោយ​គម្រោង​នឹង​ជំរុញ​ការធ្វើ​ឌីជីថល (digitalization) នៃ​នីតិវិធី​ប្រព័ន្ធ QDS ដើម្បី​បង្កើន​និរន្តរភាព​នៃ​ដំណើរការ​ប្រព័ន្ធ​នេះ ទោះបី​កំពុង​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន​ក៏ដោយ​។

គម្រោង RSPP នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការលើកកម្ពស់​ពូជស្រូវ ដែល​មាន​គុណភាព​ខ្ពស់​គាំទ្រ​ដោយ​ប្រព័ន្ធ QDS ដល់​អ្នក​ផលិត​ស្រូវ​អង្ករ​បន្ថែមទៀត​។

ផ្នែក​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ការិយាល័យ​ចៃកា​ប្រចាំ​នៅ​កម្ពុជា​