ប៉ារីសៈ ប្រទេស​បារាំង​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​រារាំង​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ឌីជីថល «​លីរ៉ា​» របស់​ក្រុមហ៊ុន Facebook នៅ​អឺរ៉ុប ដោយសារ​វា​គំរាមកំហែង​ដល់ «​អធិបតេយ្យភាព​រូបិយ​វត្ថុ​» របស់​រដ្ឋាភិបាល​។

លោក Bruno Le Maire រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បើក​សន្និសីទ​អង្គការ​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ស្ដីពី​រូបិយប័ណ្ណ​ឌីជីថល​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា នៅក្នុង​លក្ខខណ្ឌ​ទាំងនេះ​យើង​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​អភិវឌ្ឍ លីរ៉ា នៅលើ​ទឹកដី​របស់​អឺរ៉ុប​ឡើយ​»​។


ក្រុមហ៊ុន Facebook បាន​បង្ហាញ​ពី​ផែនការ​រូបិយប័ណ្ណ​ឌីជីថល លីរ៉ា កាលពី​ខែ​មិថុនា​ដែល​ត្រូវ​បានបង្ហាញ ក្តីបារម្ភ​ដោយ​រដ្ឋាភិបាល​នានា និង​ក្រុម​អ្នក​រិះគន់​របស់​បណ្ដាញ​សង្គម​ឈាន​មុខ​គេ​មួយ​នេះ ដែល​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ត្រូវបាន​បំផ្លាញ​ដោយសារ​ជា​កន្លែង​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​វីដេអូ​ជ្រុលនិយម​។


ដោយ​រំពឹង​ថា​នឹង​អាចដាក់​ឲ្យ​ដំណើរការ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ លីរ៉ា ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ចៀសវាង​ការប្រែប្រួល​ខ្លាំង​ដែល​វា​ដូចគ្នា​នឹង​រូបិយប័ណ្ណ​ឌីជីថល bitcoin និង​រូបិយប័ណ្ណ​ឌីជីថល​ផ្សេងៗ​មួយ​ចំនួន​ទៀត​។


ភាពខុសគ្នា​ដ៏សំខាន់​ផ្សេង​ទៀត​គឺថា​ការគ្រប់គ្រង​លើ​វា​នឹង​មិន​ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​នោះទេ ប៉ុន្តែ​ត្រូវបាន​ប្រគល់​ឲ្យ​សមាគម​មិន​រកប្រាក់​ចំណូល​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ីស​។


ក្រៅពី​ក្រុមហ៊ុន Facebook ក្រុម​អ្នកគាំទ្រ លីរ៉ា រួមមាន​ក្រុមហ៊ុន​ទូទាត់​ឈានមុខ​គេ​ជាច្រើន ដូចជា​ក្រុមហ៊ុន Visa ក្រុមហ៊ុន MasterCard និង​ក្រុមហ៊ុន PayPal ព្រមទាំង​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Lyft និង Uber ផងដែរ​។


មន្ដ្រី​របស់​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​នៅក្នុង​ការព្រមាន​របស់​ពួកគេ​ពី​គ្រោះថ្នាក់ ដែល លីរ៉ា បង្កឡើង​ចាប់តាំងពី​ផែនការ​សម្រាប់​រូបិយប័ណ្ណ​ឌីជីថល​ត្រូវ​បាន​ប្រកាស​។ លោក​ថ្លែង​ថា​៖ «​អធិបតេយ្យភាព​រូបិយ​វត្ថុ​របស់​បណ្ដា​ប្រទេស​ជាច្រើន​កំពុង​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់​»​។

ក្ដីបារម្ភ​មួយ​គឺ​លទ្ធភាព​ដែល​រូបិយប័ណ្ណ​នេះ អាចជួយ​ប្រជាជន​បោះបង់ចោល​រូបិយប័ណ្ណ​ជាតិ​នៅពេល​មាន​វិបត្តិ​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ច​។

ក្រុមហ៊ុន Facebook បាន​ផ្សព្វផ្សាយ លីរ៉ា ថា​ជា​ឱកាស​មួយ​ក្នុងការ​ទូទាត់​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​អន​ឡាញ​សម្រាប់​ប្រជាជន «​ដែល​គ្មាន​លទ្ធភាព​នៅក្នុង​ការទទួល​បាន​សេវា​ធនាគារ​» ​ជាង​ ១ ​ពាន់​លាន​នាក់ ក្រុម​មនុស្ស​ពេញវ័យ​គ្មាន​គណនី​ធនាគារ ឬ​អ្នក​ដែល​ប្រើប្រាស់​សេវា​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​ដូចជា​កម្ចី​នៅ​ថ្ងៃ​បើក​ប្រាក់ខែ​។

រូបិយប័ណ្ណ លីរ៉ា និង Calibra ដែល​ជា​ហោប៉ៅ​ប្រាក់​ឌីជីថល​ថ្មី​មួយ​ដែល​នឹង​ដំណើរការ​សេវា​នេះ​សន្យា​ថា នឹង​ផ្ដល់​ដល់​ក្រុមហ៊ុន Facebook នូវ​ឱកាស​ក្នុង​ការបង្កើត​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ការផ្ដល់ជូន ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ផ្ទាល់​របស់ខ្លួន និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ខ្នាតតូច​កាន់តែ​ច្រើន​ទិញ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម​មួយ​នេះ​។

ប៉ុន្តែ​ក្រុមមន្ដ្រី​បានលើក​ឡើង​ការបារម្ភ​អំពី​ថា តើ​រូបិយប័ណ្ណ​នេះ​នឹងត្រូវ​គ្រប់គ្រង​ដូចម្ដេច ជាពិសេស​ថា តើ​វា​នឹង​គោរព​តាម​បទប្បញ្ញត្តិ​ដោយ​របៀប​ណា​អំពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការលាង​លុយ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕ LA